មូលហេតុនៃការប្រព្រឹត្ត ស្ថិតនៅលើការចិញ្ចឹមមើលថែ

ការចិញ្ចឹមមើលថែកូនៗ ឱ្យពេលធំឡើងក្លាយជាមនុស្ស ដែលក្រុមគ្រួសារនឹកសង្ឃឹមចង់បាននាពេលបច្ចុប្បន្ននេះ ជារឿងមួយ ដែលលំបាក​គួរសម​ដែរ ព្រោះដោយសាតែបច្ច័យខាងសង្គម ចាប់ផ្តើមផ្លាស់ប្តូរ​ ហើយការប្រព្រឹត្តរបស់ក្មេងនាពេលបច្ចុប្ប​ន្ន ក៏ចាប់ផ្តើមមានការយកតម្រាប់តាមស្ថានភាព និងអ្វីៗជុំវិញខ្លួនកាន់តែខ្លាំងឡើងដែរ។ ថ្ងៃនេះ ឡារ៉ែន មានបច្ច័យសំខាន់ៗដែលមានផលដល់ការ​ប្រព្រឹត្តរបស់កូនៗ មកជម្រាបជូនដូចខាងក្រោម៖

ក្រុមគ្រួសារ

ធ្លាប់បានឮដែរ ឬទេថា ក្រុមគ្រួសារយ៉ាងណា ការប្រព្រឹត្តរបស់កូនតូចភាគច្រើន ក៏មានលក្ខណៈស្រដៀងយ៉ាង​នោះ​ដែរ ដូច្នេះ​បើយើងចង់​ឱ្យ​កូនរបស់យើង មានការប្រព្រឹត្តដែលល្អនោះ យើងគួរចាប់ផ្តើមចេញពីស្ថាប័នគ្រួសារជាមុនសិន។ ចាប់ផ្តើមពីខ្លួនយើង ត្រូវធ្វើជាគំរូដ៏ល្អដល់កូន និងនៅចាំ​អប់​រំប្រដែប្រដៅ ឱ្យស្គាល់នូវអ្វីដែលល្អ​ និងមិនល្អ​ មានពេលវេលាជជែកលេងជាមួយកូនឱ្យបានញឹកញាប់ ព្រមទទួលស្គាល់នូវគំនិតយោបល់របស់កូន តែប៉ុណ្ណឹង​កូននឹងមានអារម្មណ៏កក់ក្តៅ និងមានការប្រព្រឹត្តល្អៗ តបស្នងមកយើងវិញជាមិនខាន។

ស្ថានភាពជុំវិញខ្លួន និងសង្គម

យើងមិនអាចជ្រើសរើសឱ្យកូនៗរស់នៅក្នុងស្ថានភាពជុំវិញខ្លួន និងសង្គមដែលល្អៗ តាមដែលចិត្តយើងចង់បាន​នោះឡើយ តែយើង​អាចជ្រើស​រើស​ក្នុងការបង្ហាត់បង្រៀន និងអនុញ្ញាតឱ្យកូនរៀនយល់ដឹង ជាមួយស្ថានភាពសង្គមបាន ដោយមិនកៀបសង្កត់ ឬកម្រិតដែនយល់ដឹងរបស់កូនឡើយ ដោយ​​ត្រូវអធិប្បាយនូវរឿងរ៉ាវ ដែលកូនបានជួប បានឃើញការប្រព្រឹត្តផ្សេងៗទាំងនោះ​ ឱ្យកូន​​បាន​​​​​យល់។ មិនគួរបដិសេធនឹងសំណួររបស់កូនឡើយ តែគួរមាន​ចម្លើយដ៏ល្អៗ ដល់កូនទើបជាការប្រសើរ។

រឿងភាគក្នុងទូរទស្សន៍

យើងអាចបង្ហាត់បង្រៀនការប្រព្រឹត្តដល់កូនបានគ្រប់ពេលវេលា សូម្បីតែពេលអង្គុយមើលរឿងភាគទូរទស្សន៍ ឬខ្សែភាពយន្តផ្សេងៗ ក៏យើង​អាច​រៀបរាប់ឱ្យកូនៗរៀនយល់ដឹងជាមួយយើងបានដូចគ្នាដែរ។ ក្នុងអំឡុងពេលមើលខ្សែភាពយន្ត ឬរឿងភាគ យើងគួរតែ​អធិប្បាយ​ពន្យល់ពីការប្រព្រឹត្ត​ឱ្យកូន​បាន​យល់ និងដឹងថា អ្វីជារឿងល្អ មិនល្អ អ្វីដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីកុំឱ្យកូនយក​តម្រាប់តាមការប្រព្រឹត្តមិនល្អ ដែលកូនដឹង​ និងមើលឃើញនោះ។

ទោះយ៉ាងណា ស្ថាប័នគ្រួសារ ក៏នៅតែជាបច្ច័យសំខាន់ក្នុងការបង្ហាត់បង្រៀន និងកំណត់ទិសដៅឱ្យកូនរបស់យើង ក្លា​យជាមនុស្សល្អបានដែរ វាស្ថិតនៅលើការជ្រើសរើសអប់រំប្រដៅ ការនិយាយស្តី និងការធ្វើឱ្យកូនបានយល់ដឹងកាន់តែច្រើនឡើង ដើម្បីកុំឱ្យកូនមានអារម្មណ៍ថា គេខ្វះខាត និងឪពុក​ម្តាយមិនយកចិត្តទុកដាក់ ព្រោះរឿងនេះ អាចនឹងក្លាយជាចំណុចអន់មួយរបស់ក្មេង នៅពេលអនាគតបាន៕

Advertisement