ម្ចាស់​ឯតទគ្គ​កម្ម​ក្រចកដៃ​ប្រវែង​ជាង 7ម៉ែត្រ សម្រេចចិត្ត​កាត់​ឱ្យ​សារមន្ទីរ

Ayanna Williams អាយុ 57ឆ្នាំ នៅក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក បានសម្រេច​ចិត្ត​កាត់​ក្រចកដៃ​ដែលមាន​ប្រវែង​ជាង 7.3ម៉ែត្រ ដែល​ខ្លួន​បាន​ទុក​តាំងពី30ឆ្នាំមុន បន្ទាប់ពី​ដណ្ដើមបាន​ឯតទគ្គ​កម្ម Guinness កាលពី​ឆ្នាំ2017។

អ្នកស្រី Ayanna Williams បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Houston ដណ្ដើមបាន​ពានរង្វាន់ Guinness ស្ដីអំពី​ក្រចកដៃ​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក កាលពី4ឆ្នាំមុន។ កាលនោះ ក្រចកដៃ​ទាំងអស់​របស់​អ្នកស្រី មាន​ប្រវែង​ជិត5.8ម៉ែត្រ ដែល​ប្រការនេះ​ធ្វើឱ្យ​អ្នកស្រី​ត្រូវ​ប្រើប្រាស់​ទឹក​ថ្នាំលាបក្រចក​អស់ពីរ​ដប និង​ចំណាយពេល​អស់20ម៉ោង សម្រាប់​ការធ្វើ​ក្រចក និង​លាប​ក្រចកម្ដង។

មុនពេល​សម្រេចចិត្ត​កា​ត់ កាលពី​ចុង​សប្ដាហ៍​មុន អ្នកស្រី​បាន​វាស់​ក្រចកដៃ​ទាំងនោះ និង​បានដឹងថា វា​មាន​ប្រវែង​ជាង7.3ម៉ែត្រ ហើយ​ការធ្វើ និង​លាប​ក្រចកម្ដងៗ ត្រូវ​ចំណាយពេល​អស់​ជាច្រើន​ថ្ងៃ និង​ត្រូវ​ប្រើប្រាស់​ទឹក​ថ្នាំលាប​ចាប់ពី 3-4ដប។

អ្នកស្រី Ayanna Williams បាន​ទៅកាន់​បន្ទប់​ពិគ្រោះ​ជំងឺ​ស្បែក នៅ​ទីក្រុង Fort Worth ជា​កន្លែង​ដែល​បុគ្គលិក​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​អគ្គិសនី​ដើម្បី​កាត់​ក្រចក​របស់​អ្នកស្រី។ នេះ​ក៏​ជា​លើកទីមួយ​ហើយ​ដែល​អ្នកស្រី Ayanna Williams កាត់​ក្រចកដៃ រាប់​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ1990។

«បើទោះជា​មិនមាន​ក្រចក​ទាំងនេះ ក៏​ខ្ញុំ​នៅតែ​ជា​ក្ស​ត្រី» អ្នកស្រី Williams និយាយ​ដូច្នេះ ដោយ​រំលឹក​ដល់កំណត់​ត្រា Guinness ដែល​អ្នកស្រី​ធ្លាប់​ទទួលបាន។ «ក្រចក​ទាំងនេះ​មិនអាច​បង្កើត​ខ្ញុំ​បាន តែ​ខ្ញុំ​ជា​អ្នកបង្កើត​វា​បាន»។

នាពេលខាងមុខ អ្នកស្រី​មាន​គម្រោង​ទុក​ក្រចក​ប្រវែង​ត្រឹម 15សង់ទីម៉ែត្រ​ប៉ុណ្ណោះ។ ក្រចក​ចាស់​ទាំងអស់រ​បស់​អ្នកស្រី នឹងត្រូវ​បានដាក់​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​មួយ​នៅ​ទីក្រុង Orlando រដ្ឋ Florida។

ក្រចក​វែង​របស់​អ្នកស្រី កន្លងមក បាន​បង្ក​ការលំបាក​ក្នុង​ការធ្វើ​កិច្ចការ​ជាច្រើន ដូចជា ការលាង​ចាន ឬ​ក្រាល​កម្រាលពូក។ល។ គោលដៅ​ថ្មី​របស់​អ្នកស្រី​គឺ​ការលើកទឹកចិត្ត​ដល់​អ្នក​ដែល​ចូលចិត្ត​ទុក​ក្រចក ដើម្បី​ដណ្ដើម​ពានរង្វាន់​ឯតទគ្គ​កម្ម​ពិភពលោក​ថ្មី​មួយទៀត។

កំណត់ត្រា​ស្ដីអំពី​ក្រចកដៃ​វែង​ជាងគេ​បង្អស់​របស់​ស្ត្រី ធ្លាប់បាន​ទៅលើ Lee Redmond ដែល​បានចាប់ផ្ដើម​ទុក​ក្រចក​តាំងតែ​ពី​ឆ្នាំ1979 ដោយ​ទុក​បាន​ប្រវែង​ជាង8.5ម៉ែត្រ។ ប៉ុន្តែ Redmond បាន​បាត់បង់​ក្រចក​របស់ខ្លួន​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ2009 ពោលគឺ8ឆ្នាំ មុនពេល Williams បង្កើត​ឯតទគ្គ​កម្ម​ថ្មី៕

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement