ស្ត្រី​ជនជាតិ​ហុងកុង​ម្នាក់ វ័យ90ឆ្នាំ ត្រូវគេ​បោក​តាម​ទូរស័ព្ទ​​ ​យកប្រាក់​អស់ 250លាន​ដុល្លារ

ទីក្រុង​ហុង​កុង

លោកយាយ​ម្នាក់​មាន​វ័យ 90ឆ្នាំ នៅ​ទីក្រុង​ហុងកុង ត្រូវបាន​ជនខិលខូច បន្លំ​ខ្លួន​ជា​ប៉ូលិស​ចិនដីគោក បោកប្រាស់​តាម​ទូរស័ព្ទ​យកប្រាក់​អស់​ចំនួន 32លាន​ដុល្លារ​អាមេរិក។

ពលរដ្ឋ​វ័យ​ចំណាស់​នៅ​ហុងកុង កំពុង​ក្លាយជា​គោលដៅ​របស់​ក្រុម​ជន​ខិល​ខួច ដែល​បោកប្រាស់​តាម​ទូរស័ព្ទ ដោយ​ពួកគេ​សំដៅលើ​ក្រុមមនុស្ស​ចាស់​ដែល​ងាយ​រងគ្រោះ និង​ជា​អ្នកមាន​ទ្រព្យ​ច្រើន ដែល​អាចមាន​លទ្ធភាព​វេរ​លុយ ឬ​ធ្វើការ​វិនិយោគ​លើ​គម្រោង​ដែល​មិនមាន​ពិត។

មន្ត្រីប៉ូលិស​ហុងកុង កាលពី​ថ្ងៃទី20មេសា បានឱ្យដឹងថា កាលពី​រដូវក្ដៅ​ឆ្នាំទៅ (2020) ក្រុម​ជនខិលខូច​បាន​ទាក់ទង​លោកយាយ​វ័យ90ឆ្នាំ ដែល​រស់នៅក្នុង​ភូមិគ្រឹះ ក្នុង​តំបន់ The Peak ជាទី​ប្រជុំជន​លំដាប់​ប្រណិត​បំផុត​ប្រចាំ​ក្រុង​ហុងកុង ដោយ​បន្លំ​ជា​មន្ត្រីប៉ូលិស​របស់​ចិនដីគោក។ ក្រុម​ជនខិលខូច​បាន​និយាយថា អត្តសញ្ញាណ​របស់លោក​យាយ​ខាងលើ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រឿងក្ដី​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​មួយ​នៅឯ​ចិនដីគោក ហើយ​បាន​ស្នើឱ្យ​លោកយាយ​ផ្ទេរប្រាក់​ចូលទៅក្នុង​គណនី​ធនាគារ​របស់ «ក្រុមមន្ត្រី​ស៊ើបអង្កេត» ដើម្បី​បញ្ជាក់។

ផែន​ទី​នៃ​ទីក្រុង​ហុងកុង

ប៉ុន្មាន​ថ្ងៃ​ក្រោយមក មនុស្ស​ម្នាក់​បានមក​ផ្ទះ​លោកយាយ​ខាងលើ ដោយ​យក​ទូរស័ព្ទ និង​ស៊ីម​ដែល​ប្រើ​សម្រាប់​ទាក់​ទង​ជាមួយ​ក្រុមប៉ូលិស​ក្លែងក្លាយ។ ក្នុង​រយៈពេល​ត្រឹមតែ 5ខែ ពួកគេ​បាន​បញ្ចុះបញ្ចូល​ឱ្យ​លោកយាយ​រូបនេះ វេរ​ប្រា​ក់នៅ​ធនាគារ​ចំនួន 11លើក ជាមួយនឹង​ទឹកប្រាក់​សរុប​ឡើងដល់ 250លាន​ដុល្លារ​ហុងកុង (32លាន​ដុល្លារ​អាមេរិក)​។ នេះ​គឺជា​ទឹកប្រាក់​ដែលមាន​ទំហំ​ធំ​បំផុត​ដែល​ត្រូវបាន​បោកប្រាស់​យកបាន​តាមរ​យៈ​ទូរស័ព្ទ នៅ​កុង​កុង។

ក្រោយពី​មាន​ស៊ើបអង្កេត ជនសង្ស័យ​ម្នាក់ អាយុ19ឆ្នាំ ត្រូវបាន​ចាប់ខ្លួន ព្រោះតែ​រឿង​បោកប្រាស់ និង​កំពុង​ត្រូវបាន​ធានា​ឱ្យនៅ​ក្រៅ​ឃុំ។ សារព័ត៌មាន SCMP បានឱ្យដឹងថា ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​គឺជា​ជន​ដែល​បាន​ទៅកាន់​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ។

ហុង​កុង​ នា​ពេល​រាត្រី

យោងតាម​មន្ត្រីប៉ូលិស​ហុងកុង តួលេខ​នៃ​ករណី​បោកប្រាស់​តាម​ទូរស័ព្ទ បាន​កើន 18% នៅក្នុង​ត្រីមាស​​ទី​មួយ​​នៃ​​ឆ្នាំ​2021​នេះ​ ក្នុងនោះ ទឹកប្រាក់​ចំនួន 350លាន​ដុល្លារ​ហុងកុង​ត្រូវបាន​បោក​យក នាទី​ក្រុង​នេះ។ ឆ្នាំ2020 ប៉ូលិស​បាន​ចាត់ការ​លើ​សំណុំរឿង​បោកប្រាស់​តាម​ទូរស័ព្ទ​ចំនួន 1,193ករណី ជាមួយនឹង​ទឹកប្រាក់​ចំនួន 574​លាន​ដុល្លារ​ហុងកុង។ កាលពី​ឆ្នាំទៅ ស្ត្រី​វ័យ 65ឆ្នាំ​ម្នាក់ ក៏ត្រូវ​បាន​គេ​បោក​យកប្រាក់​អស់​ចំនួន 68.9លាន​ដុល្លារ​ហុងកុង ដោយ​ជនខិលខូច​បន្លំ​ធ្វើជា​ប៉ូលិស​ចិនដីគោក ដូច​ទៅនឹង​ករណី​ស្ត្រី​វ័យ90ឆ្នាំ​ខាងលើ​នេះដែរ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement