Kattenstoet ពិធីបុណ្យ​ឆ្មា មហា​ចម្លែក

Kattenstoet ពិធីបុណ្យ​សត្វ​ឆ្មា មហា​ចម្លែក ជា “រដូវ​កាល​ធ្វើបាប​សត្វ​ឆ្មា ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​បែលហ្ស៊ិក ដែលមាន​ប្រភព​កំណើត​យ៉ាង​ឃោរឃៅ”

រដូវ​កាលដែល​មានរឿង​រ៉ាវ​ខ្លឹមសារ ពាក់ព័ន្ធ​នឹង​សត្វ​ឆ្មា នៅលើ​ពិភពលោក​នេះ មាន​ច្រើន​កន្លែង និង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យមក​ទស្សនា​យ៉ាងច្រើន ដែល​មានន័យ​ស្មើនឹង​ចំនួន​ទឹកប្រាក់ ដែលជា​ចំណូល​របស់​អ្នក​នៅក្នុង​ទីក្រុង និង​អ្នករៀបចំ​ពិធី​នៅតាម​តំបន់​ទាំងនោះ។

រដូវ​កាល ដែលមាន​ប្រភព​យ៉ាងច្បាស់​លាស់​មួយ​នេះ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ នោះ​គឺ​រដូវ​កាល​ធ្វើបាប​សត្វ​ឆ្មា ដែលមាន​ឈ្មោះថា Kattenstoet នៅក្នុង​ទីក្រុង Ypres ក្នុងប្រទេស​បែលហ្ស៊ិក ដែល​បាន​រៀបចំឡើង ជាង 60ឆ្នាំ​មកហើយ។

ក្បួន​ដង្ហែ ត្រូវបាន​រៀបចំ​ឡើងជា​ផ្លូវការ​យ៉ាង​ស្រស់ស្អាត និង​ជា​លើកដំបូង នៅ​ឆ្នាំ1950 បន្ទាប់ពីនោះ ពួកគេ ក៏បាន​រៀបចំឡើង ជារឿយៗរហូតមក រៀងរាល់ 3ឆ្នាំ​ម្ដង និង​ទទួលបាន​ការពេញនិយម ជារឿយៗរហូតមក​ដែរ។

ចំនួន​អ្នក​មក​ទស្សនា បាន​កើនឡើង​ច្រើនទៅៗ សាង​ភាព​អ៊ឹកធឹក​ហ៊ឹកហ៊ាក់ ដល់​ប្រជាជន​ក្នុងស្រុក​យ៉ាងខ្លាំង។

ប៉ុន្តែ ចំណុច​ចាប់ផ្ដើម​របស់​ពិធីបុណ្យ​នេះ ពោរពេញ​ដោយ​ភាពកាចសាហាវ និង​ឃោរឃៅ និង​ចាប់កំណើត​ឡើង ដោយ ប្រុសកំលោះៗ 1ក្រុម ដែល​បានរៀបចំ​ការ​ដង្ហែ​សត្វ​ឆ្មា​ឡើង នៅ​ឆ្នាំ1938 ដោយម្នាក់ៗមាន​កាន់​តុក្កតា​រូប​ឆ្មា​នៅក្នុង​ដៃគ្រប់ៗគ្នា។

នៅពេល​ពួកគេ​ទៅដល់​ព្រះវិហារ ដែល​បាន​ត្រៀម​ពិធី​ទុក​មុន​រួចហើយនោះ ក្មេងប្រុស​ម្នាក់​បាន​ឡើង​ទៅលើ​ប៉ម​ជួង របស់​ព្រះវិហារ ហើយ​បោះ​តុក្កតា​រូប​ឆ្មា​នោះ​ចុះមក​ក្រោម…។

មាន​សំណួរ​កើតឡើង​ថា តើ​ហេតុអ្វី បានជា​ពួកគេ​ត្រូវធ្វើ​បែប​នោះ?  ដើម្បីឱ្យ​បានដឹង សូម​មិត្ត​អ្នកអាន ថយ​ត្រឡប់​ទៅក្រោយ​វិញ ជាមួយ​រឿងរ៉ាវ​ដ៏​ចម្លែក​មួយ​នេះ ជាមួយ​យើងទាំងអស់គ្នា។

ចាប់ផ្ដើម​រឿងរ៉ាវ ពី​យុគសម័យ​កណ្ដាល​របស់​អឺរ៉ុប…ជា​ធម្មជាតិ​របស់​មនុស្ស​ក្នុងសម័យ​នោះ មិនបាន​ចិត្តល្អ​ជាមួយ​សត្វ ឬ​និយម​ចិញ្ចឹមសត្វ ដូច​មនុស្ស​សម័យ​បច្ចុប្បន្ន​ទេ ជាពិសេស​សត្វ​ឆ្មា​តែម្ដង ដោយសារតែ​ពួកគេ​គិតថា សត្វ​ឆ្មា ជា​សត្វ​ដែល​តំណាងឱ្យ​បិសាច និង​សភាវ​អាក្រក់។ នា​យុគសម័យ​ដែលមាន​ការតាមប្រមាញ់​មេ​ធ្មប់ សត្វ​ឆ្មា​ត្រូវបាន​ពួកគេ​តាម​ប្រមាញ់ និង​សម្លាប់​អស់​ជាច្រើន​ក្បាល។ សត្វ​ឆ្មា ត្រូវបាន​មនុស្ស​ចាប់​ឃុំឃាំង​នៅក្នុង​ទ្រុង ហើយ​បោះ​ចូលទៅក្នុង​ភ្នក់ភ្លើង។ អូ!!  មិនមែន​ជាការ​អាំង​សត្វ​ឆ្មា​ហូប​ទេ តែ​ជាការ​គំរាម បំភ័យ ឱ្យ​សត្វ​ឆ្មា​ខ្លាច ខណៈដែល​សត្វ​ឆ្មា​វិញ នាំគ្នា​ភ័យរន្ធត់ និង​ស្រែកយំ​យ៉ាង​គ្រលួច។

នៅពេល​ភ្នក់ភ្លើង​រលត់​អស់ មនុស្សម្នា​ទាំងនោះ ក៏​នឹង​ប្រមូល​ផេះ​នៅក្នុង​ភ្នក់ភ្លើង​នោះ យកទៅ​ផ្ទះ ដែល​ពួកគេ​មានជំនឿថា ការរក្សា​ទុក​ផេះ​ទាំងនោះ គឺ​ដើម្បី​លាភ​សំណាង។

គំនិត​ដ៏​សែន​មហា​ចម្លែក​នេះ នៅមាន​ទៀត ដូចជា​ពេលខ្លះ មានការ​ចាប់​សត្វ​ឆ្មា​ដាក់​ក្នុង​ថង់​សំណាញ់ ហើយ​ទម្លាក់​លើ​ពី​ទី​ខ្ពស់ ធ្វើឱ្យ​ឆ្មា​ភ័យខ្លាច ហើយ​ពួកគេ ក៏​នាំគ្នា​អស់សំណើច សើចចំអក​យ៉ាង​ក្អាកក្អាយ ដែល​គេ​ជឿថា ទាំងអស់នេះ គឺ​ដើម្បី​ជាការ​បណ្ដេញ​បិសាច​ចង្រៃ។

ករណី​ដែល​កើតឡើង​នៅក្នុង​ទីក្រុង Ypres ក៏​ដូចគ្នា​ដែរ វា​ជា​ទំនៀមទម្លាប់​វប្បធម៌ ដែល​បន្សល់តៗគ្នា​មក​តាំងពី​យុគសម័យ​កណ្ដាល ក្នុង​រឿង​ជំនឿ​ដែល​ពាក់ព័ន្ធ​នឹង​សត្វ​ឆ្មា៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ និង​សម្រួល៖ ទិ​ទី​តំ​តា​តូ

Advertisement