ប្រាសាទ Hurst «អណ្ដែត» ក្នុង​អាកាស លើ​ផ្ទៃ​ទឹកសមុទ្រ​អង់គ្លេស និង​អាថ៌កំបាំង​ដែល​នៅ​ពី​ក្រោយ​

សីតុណ្ហភាព​នៃ​បរិយាកាស​មិន​ស្មើគ្នា បានធ្វើឱ្យ​រូបភាព​របស់​ប្រាសាទ​ដែលមាន​អាយុកាល​ជិត 500ឆ្នាំ នៅ​ចក្រ ភព​អង់គ្លេស មើលទៅ​ហាក់បីដូចជា​កំពុង​អណ្ដែត​ក្នុង​អាកាស លើ​ផ្ទៃ​ទឹកសមុទ្រ។

អ្នក​ថតរូប​ម្នាក់​ឈ្មោះ Joss Mullinger ថត​បាន​រូបភាព​ប្រាសាទ Hurst «អណ្ដែត» នៅ​ខាងលើ​ឆ្នេរសមុទ្រ Lepe ដែល​ស្ថិតនៅ​ភាគ​ខាងលិច​តំបន់ Hampshire កាលពី​ថ្ងៃទី28 ខែមេសា ឆ្នាំ2021។ នេះ​បើតាម​សារព័ត៌មាន The Sun។ ប្រាសាទ Hurst ត្រូវបាន​សាងសង់ឡើង​ដោយ​ស្ដេច Henry ទី8 ចន្លោះ​ឆ្នាំ1541-1544 នៅ​តំបន់ Hurst។ ស្ថាបត្យកម្ម​នេះ ស្ថិតក្នុង​គម្រោងការ​ពា​រ​ឆ្នេរសមុទ្រ Device Forts របស់​មហាក្សត្រ ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​ពី​បារាំង និង​ចក្រភព​រ៉ូម។

«នៅលើ​ដងផ្លូវ​ទៅកាន់​ចំណតរថយន្ត ខ្ញុំ​ស្រាប់តែ​បានឃើញ​ទិដ្ឋភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ។ ខ្ញុំ​ក៏​ប្រញាប់​លោត​ចេញពី​រថយន្ត ដើម្បី​ថត​យក​រូបភាព​នេះ ព្រោះថា វា​អាច​បាត់​ទៅវិញ​មួយ​រំពេច ដោយសារ​អាកាសធាតុ និង​ពន្លឺ។ ពិតជា​ដូច​ទៅនឹង​ការ​ស្មាន ពេល​យើង​ទៅដល់​ចំណតរថយន្ត និង​ដើរ​បាន​មួយ​ភ្លែត រូបភាព​នេះ ក៏បាន​បាត់​ខ្លួន» Joss Mullinger រៀបរាប់​ឡើងវិញ។

ទិដ្ឋភាព​ខាងលើនេះ កើតឡើង​ដោយ​រូបភាព​ដែល​ទទួល​ឥទ្ធិពល​ពី​កាំរស្មី និង​សីតុណ្ហភាព។ បាតុភូត​ដែល​ត្រូវបាន​គេ​ហៅថា Fata Morgana នេះ កើតឡើង​នៅពេល​ព្រះអាទិត្យ​ជះ​កំដៅ​ទៅលើ​បរិយាកាស​នៃ​ផ្ទៃដី ឬ​ផ្ទៃ​ទឹកសមុទ្រ។ ស្រទាប់​​បរិយា​កាស​​ក្ដៅ សង្កត់​លើ​ស្រទាប់​បរិយាកាស​ត្រជាក់ បណ្ដាលឱ្យ​រស្មី​ត្រូវបាន​កាច់​ឱ្យ​កោង ធ្វើឱ្យ​ទិដ្ឋភាព​ដែល​នៅ​ឆ្ងាយ ត្រូវ​ប្រែប្រួល។

Fata Morgana អាច​កើតឡើង​នៅលើ​ដីគោក ប៉ុន្តែ បាតុភូត​នេះ ភាគច្រើន​មាននៅ​លើ​ផ្ទៃ​ទឹកសមុទ្រ ព្រោះ​ទឹក​ជួយ​បង្កើត​បរិយាកាស​ត្រជាក់។ ឈ្មោះ​នៃ​បាតុភូត​នេះ មាន​ដើមកំណើត​មកពី​ពាក្យ Morgan le Fay ជា​ធ្មប់​ដែល​ប្រើប្រាស់​មន្តអាគម ដើម្បី​ទាក់ទាញ​ក្រុម​នាវិក​ឱ្យចូល​ទៅក្នុង​អន្ទាក់ នៅក្នុង​រឿងព្រេង​បុរាណ Arthur៕

ប្រភព៖ Sun
ប្រែ​សម្រួល៖ បុត្រា

Advertisement