អត់​មាន​ជំពាក់​អ្នកណា​ម៉ា​រៀល!  ក្រពើ​ដ៏​ធំ 1ក្បាល ដើរ​ឆ្លងថ្នល់ មាន​ប៉ូលិស ធ្វើ​សញ្ញា​ចរាចរណ៍ឱ្យ​ទៀត

ទស្សនា​ព្រឹ​ត្ត​ការណ៍​ដ៏​គួរឱ្យ​រំភើប នៅពេល​សត្វ​ក្រពើ​ធំ 1ក្បាល ត្រូវ​ការដើរ​ឆ្លងថ្នល់ ប៉ូលិស​ចរាចរណ៍​ក៏​ជួយ​ចាត់​ការជូន​យ៉ាង​ល្អ ព្រោះ​ទីនោះ​គឺ រដ្ឋ​ហ្វ្ល​រី​ដា!

ហេតុការណ៍​នេះ កើតឡើង​នៅឯ​រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី30 ខែមេសា ម៉ោង​ប្រមាណ​ជា 13.30នាទី បណ្ដា​អ្នកធ្វើដំណើរ​ទាំងឡាយ ត្រូវ​ជួបនឹង​ការស្ទះ​ចរាចរណ៍​យូរ​ជិត 5នាទី នៅពេល​មានការ​មក​ទស្សនកិច្ច​របស់​ម្ចាស់​ទឹក​ម្ចាស់​ដី គឺ “សត្វ​ក្រពើ​ដ៏​ធំ 1ក្បាល”។

សត្វ​ក្រពើ 1ក្បាល​នេះ មាន​ប្រវែង​ខ្លួន​ប្រមាណ​ជា 10ហ្វ៊ុ​ត បានមក​ឈរ​នៅ​ចំ​កណ្ដាល​ផ្លូវបែក​ជា4 វា​ធ្វើឱ្យ​រាំងស្ទះ​ដំណើរ​ផ្លូវ​ចរាចរណ៍​ជាច្រើន​ប្រឡោះ។ អ្នកធ្វើដំណើរ​ទាំងឡាយ នាំគ្នា​រង់ចាំ​ឱ្យ​វា​ឆ្លងថ្នល់​ឱ្យ​ផុត​ទៅ ប៉ុន្តែ​វា​មិនមែន​ដូច​ចិត្ត​អ្នក​រង់ចាំ​ទាំង​នោះទេ។ ភ្នាក់ងារ​ប៉ូលិស ក៏ត្រូវ​ចូលមក​ជួយ​សម្រួល​ផ្លូវ ឱ្យ​សត្វ​ក្រពើ ព្រមទាំង​នៅ​ឈរ​ធ្វើ​សញ្ញា​ចរាចរណ៍ និង​ការពារ​ឱ្យ​វា​ឆ្លងថ្នល់ ការពារ​ហាក់ដូច​វា ជា​ភ្ញៀវ​លំដាប់ VIP អ៊ីចឹង​ដែរ។ វា​ក៏​ដើរ​ឆ្លងថ្នល់​យ៉ាង​រំភើយ ឈាន​ដើរ​ទៅមុខ​ខ្លះ ឈប់​ខ្លះ ដេក​កណ្ដាល​ថ្នល់​ខ្លះ និង​នៅ​ទីបំផុត ក៏​អាច​ឆ្លង​ទៅដល់​ចិញ្ចើមថ្នល់​ម្ខាង​ទៀត​ដោយ​សុវត្ថិភាព។

សារព័ត៌មាន​ក្នុង​តំបន់ រាយការណ៍​ថា  ភ្នាក់ងារ​ប៉ូលិស​បាន​ព្យាយាម​បង្ខំ​ឱ្យ​មហា​ក្រពើ​នោះ ដើរ​ទៅរក​បឹង​ដែល​នៅ​ជី​ត​នោះ ដោយ​អ្នក​ដែល​នៅក្នុង​ហេតុការណ៍​នោះ បាននាំគ្នា​និយាយថា គ្មាន​នរណា​ហ៊ាន​ប្រើ​អំពើហិង្សា​ជាមួយ​វា​ទេ ព្រោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ទើបត្រូវ​សុខចិត្ត​ឈប់​ឡាន រង់ចាំ​ឱ្យ​វា​ឆ្លងថ្នល់​ឱ្យ​ផុត​សិន។ សំណាងល្អ​ណាស់ ដែល​ហេតុការណ៍​នេះ មិនមាន​អ្នកណា​រងគ្រោះថ្នាក់ ទាំង​សត្វ​ក្រពើ និង​មនុស្ស។

“សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​មិនដែល​ឃើញ​ហេតុការណ៍​បែប​ហ្នឹង​ពីមុន​ទេ តែ​ខ្ញុំ​គិតថា វា​អាច​កើតឡើង​បាន​គ្រប់ពេល បើ​នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា​នេះ។  “ខ្ញុំ​រស់នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា​យូរ​មកហើយ ខ្ញុំ​ធ្លាប់​ឃើញ​ក្រពើ​ដើរ​នៅក្នុង​ទីលាន​វាយ​កូន​ហ្គោល​ពីមុន តែ​មិនមែន​មក​ដើរ​កណ្ដាល​ថ្នល់​បែបនេះ​ទេ។  “ក្រពើ​នេះ ធំ​ល្មម​នឹង​អាច​ធ្វើបាប​អ្នកណា​ក៏បាន​ដែរ ឱ្យតែ​អ្នកនោះ​ទៅ​យាយី​វា”

ប្រភព៖ dailymail
ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement