ភ្ញាក់ផ្អើល!! បណ្ដុំ​កោះ សូ​ឡូ​ម៉ុ​ន មាន “កង្កែប​យក្ស” ទម្ងន់ 1គីឡូ ទំហំ​ធំ ជិត​ប៉ុន​ទារក​ទើបនឹង​កើត

កាលពី​ថ្ងៃទី10 ឧសភា ទីភ្នាក់ងារ​ព័ត៌មាន Daily Mail បាន​រាយការណ៍​ថា អ្នកស្រុក​ក្នុង​បណ្ដុំ​កោះ សូ​ឡូ​ម៉ុ​ន នាំគ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ប្រទះឃើញ​សត្វ​កង្កែប​ដ៏​ធំ មាឌ​ប៉ុន​ទារក​មនុស្ស ដែលមាន​ទម្ងន់​ជាង 1គីឡូក្រាម នៅក្នុង​គុម្ពឈើ កាលពី​ខែមេសា កន្លងទៅ។

ឃ្លី​ប​វីដេអូ បានបង្ហាញ​ឱ្យឃើញ​សត្វ​កង្កែប Cornufer guppyi ទំ​នៅលើ​ក្បាលជង្គង់​របស់​អ្នកស្រុក​កោះ​ម្នាក់ ហើយ​រូបភាព ថែមទាំង​បានបង្ហាញ​ឱ្យឃើញថា សត្វ​កង្កែប​យក្ស​នេះ មាន​ប្រវែង​ខ្លួន​ទាំងមូល ស្មើនឹង​ពាក់កណ្ដាល​ខ្លួន​របស់​កូនក្មេង តាំងពី​ក្បាល​ដល់​ចុងជើង។

ជី​មមី ហ៊ូ​កូ អាយុ 35ឆ្នាំ ម្ចាស់​ឃ្លាំង​ឈើ បាន​ប្រទះឃើញ​កង្កែប ខូ​នូ​ហ្វ៊ើ​រ ហ្គា​ប់​ពី នេះ ខណៈពេល​កំពុង​ដើរ​ប្រមាញ់​ជ្រូកព្រៃ ក្នុងព្រៃ​នៅ​តំបន់​ហូ​នី​អា​រ៉ា ទីប្រជុំជន​ចម្បង នៃ​បណ្ដុំ​កោះ​សូ​ឡូ​ម៉ុ​ន បានឱ្យដឹងថា «ខ្ញុំ​មិន​ចង់​ជឿ​អ្វីដែល​ខ្ញុំ​មើលឃើញ​នោះទេ វា​ជា​កង្កែប​ដ៏​ធំ​បំផុត តាម​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​មក ក្នុង​មួយជីវិត​នេះ វា​មាន​ទំហំ​ជិត​ប៉ុន​ទារក​មនុស្ស​យើង​ទើបនឹង​កើត…យើង​ហៅ​វា​ថា “មាន់​គុម្ពឈើ” ដោយសារតែ​អ្នកភូមិ​ខ្លះ មើលទៅ​ដូចជា​ចូលចិត្ត​ស៊ី​វា ច្រើនជាង​មាន់​ធម្មតា តែ​ពិបាក​ចាប់​វា​បាន​ណាស់…»

ជី​មមី បន្តថា «ឆ្កែ 2ក្បាល ធ្លាប់​ចាប់​កង្កែប​បាន 1ក្បាល ដេក​ងាប់​នៅក្នុង​គុម្ពោតឈើ ទើប​ខ្ញុំ​ថតរូប​វា​មក​បាន និង​ចុងក្រោយ ពួកវា​បាន​ស៊ី​កង្កែប​នោះ​ជា​អាហារ ដោយសារតែ​វា​ងាប់​ហើយ និង​សង្ឃឹមថា លើក​ក្រោយ យើង​នឹង​ចាប់បាន​វា​ទាំង​រស់ ហើយនឹង​ចិញ្ចឹម​ថែរក្សា​វា​បែប​នោះ​តទៅទៀត»

ទាំងអស់នេះ កង្កែប ខូ​នូ​ហ្វ៊ើ​រ ហ្គា​ប់​ពី ជា​ពូជ​កង្កែប​ខ្លួន​ធំ​មួយ ក្នុងចំណោម​ពូជ​កង្កែបធំៗបំផុត​ក្នុង​ពិភពលោក និង​គេ​តែង​ប្រទះឃើញ​នៅលើ​កោះ នី​វ ប្រ៊ី​ធេ​ន ក្នុង​បណ្ដុំ​កោះ ប៊ី​ស្មា​ក ប្រទេស​ប៉ា​ពួ​នី​វ​ហ្គី​នី រហូតដល់​បណ្ដុំ​កោះ​សូ​ឡូ​ម៉ុ​ន ដែលមាន​ទំហំ​ខ្លួន​ធំ​បំផុត 25សង់ទីម៉ែត្រ។

ទោះជា​ចំនួន​របស់​វា ថយចុះ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ក្ដី តែ​វា​បណ្ដាលមកពី​ការកាប់​ឈើ និង​ការទន្ទ្រាន​យក​ដី តាំងទី​លំនៅ​របស់​ទីប្រជុំជន បាន​រីក​ធំ ទៅ​រុក​រានទី​ស្នាក់​នៅតាម​ធម្មជាតិ​រប​ស់​ពួក​សត្វ​កង្កែប​នោះ ខ្លាំង​ជាង​ការតាមប្រមាញ់ ដើម្បី​ធ្វើជា​អាហារ​របស់​មនុស្ស។

កង្កែប កូ​នូ​ហ្វ៊ើ​រ ហ្គា​ប់​ពី ដែលមាន​ស្បែក​ស្ដើង និង​ចាញ់​សារធាតុ​គីមី ដែលមាន​នៅក្នុង​ម្សៅ​សាប៊ូ​ដែល​មនុស្ស​យកទៅ​បោក​ខោអាវ​នៅក្នុង​ទន្លេ​ដងអូរ ដែល​នៅក្បែរនោះ។

ចំណែក​សត្វ​កង្កែប ខ្លួន​ធំ​បំផុត​ក្នុង​ពិភពលោក​មែនទែន​នោះ​គឺ កង្កែប Goliath ប្រទះឃើញ​នៅក្នុង​ព្រៃ​ទឹកភ្លៀង​តំបន់​ក្ដៅ​របស់​អាហ្វ្រិក​កណ្ដាល នៅក្នុង​ផ្នែក​ខាងលិច​ឆៀង​ខាងត្បូង របស់​ប្រទេស​កា​មេ​រូ​ន និង​ភាគ​ខាងជើង នៃ​ប្រទេស​អ៊ី​ខ្វេ​ថូ​រៀល​ហ្គី​នី ដែលមាន​ទំហំ​ខ្លួន ធំ​ពេញទំហឹង 32សង់ទីម៉ែត្រ និង​ទម្ងន់​ខ្លួន​ធ្ងន់​បំផុត 3.25គីឡូក្រាម៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement