កំលោះអាមេរិកកើតទុក្ខព្រួយ ខំសន្សំ​លុយ​ច្រើនឆ្នាំ ទិញចិញ្ចៀនពេជ្រ តម្លៃខ្ទង់ $ម៉ឺន ឱ្យគូដណ្ដឹង ស្រាប់តែនាងមិនពេញចិត្ត

កំលោះ​វ័យ 30ឆ្នាំ មកពី​សហរដ្ឋអាមេរិក បាន​ផូ​ស្ត​នៅក្នុង​បណ្ដាញ​សង្គម Reddit ដើម្បី​សុំ​យោបល់​ពី​អ្នក​នៅក្នុង​បណ្ដាញ​សង្គម រឿង​ចិញ្ចៀន​ថា៖ លោក​បាន​យកប្រាក់ ដែល​ខំ​សន្សំ​មក​យូរ រាប់សិប​ឆ្នាំ​ហើយ ទៅ​ទិញ​ចិញ្ចៀនពេជ្រ 1គ្រាប់​ធំ (3.6កា​រ៉ាត់) ឱ្យទៅ​នារី​គូ​ដណ្ដឹង ប៉ុន្តែ ចិញ្ចៀន ១វង់​នេះ ស្រាប់តែ​ក្លាយជា​ដើមហេតុ​ធ្វើឱ្យ​ទាំង 2នាក់ ឈ្លោះ​គ្នា​យ៉ាងខ្លាំង​ទៅវិញ។

អ្នក​កំលោះ​អភ័ព្វ បាន​រៀបរាប់ថា ដំបូងៗ មើលទៅ​នាង ហាក់ដូចជា​ស្រឡាញ់​ចិញ្ចៀន ១វង់​នោះ​ខ្លាំងណាស់ តែ​រឿងរ៉ាវ វា​ចាប់ផ្ដើម​អាក្រក់​ឡើង បន្ទាប់ពី​នាង​បាន​សាកសួរ​ពី​តម្លៃ​របស់​ចិញ្ចៀន ដែល​អ្នក​កំលោះ​យើង ក៏​ឆ្លើយ​ទៅវិញ​ថា ទិញ​មក​ក្នុងតម្លៃ 20,000ដុល្លារ។

នៅពេល​បានឮ​ដូច្នោះ នាង​ក៏មាន​អាកប្បកិរិយា​ប្រែប្រួល នាង​ចាប់ផ្ដើម​សង្ស័យថា តើ​គេ​បាន​ចិញ្ចៀនពេជ្រ ១គ្រាប់​ធំ​នេះ ក្នុងតម្លៃ​នេះ​មក​យ៉ាងម៉េច​បាន? ទើប​សុំ​មើល​លិខិតធានា​គុណភាព​គ្រាប់ពេជ្រ។

ពីដំបូង អ្នក​កំលោះ​យើង គិតថា ប្រហែលជា​នាង​បារម្ភ ខ្លាច បាន​ពេជ្រ​ក្លែងក្លាយ​ហើយ​មើលទៅ? តែមាន​ឯណា?! នាង​បែរជា​កើតក្ដី​កង្វល់ ព្រោះ​វា​ជា​គ្រាប់ពេជ្រ​កែច្នៃ​ទៅវិញ…។

នាង​ត្រូវការ​តែ​គ្រាប់ពេជ្រ ដែល​ចេញ​មកពី​ធម្មជាតិ​ប៉ុណ្ណោះ មិនមែន​គ្រាប់​ពេញ​ដែល​បណ្ដុះ​ឡើង​នៅក្នុង​បន្ទប់ពិសោធន៍​ឡើយ។  តែ ពេជ្រ​ទាំង ២បែប​នោះ ស្ទើរតែ​មិន​ខុសគ្នា​ឡើយ គ្រាន់តែ ១ប្រភេទ កើតឡើង​តាម​ធម្មជាតិ និង ១ប្រភេទ​ទៀត កើតឡើង​នៅក្នុង​បន្ទប់ពិសោធន៍​តែប៉ុណ្ណោះ។ អ្វីដែល​សំខាន់ គឺ​ចាយលុយ​ក្នុងតម្លៃ​ដូចគ្នា តែ​បាន​គ្រាប់ពេជ្រ​ធំ​ជាង ដូច្នេះ​វា​មានតែ​ចំណេញ និង​ចំណេញ។

កាលពីពេល​មុននឹង​ទិញ​ចិញ្ចៀន 1វង់​នេះ អ្នក​កំលោះ បាន​សាកសួរ​យោបល់​ពី​មនុស្ស​ជុំវិញខ្លួន ទាំង​ឪពុកម្ដាយ និង​មិត្តភក្តិ​របស់​ខាង​ស្រី​រួចហើយ។ ពួកគេ សុទ្ធតែ​ប្រាប់ថា បើ​ស្រឡាញ់គ្នា​ពិត ពេជ្រ​មកពីណា ប្រហែលជា​មិន​សំខាន់​ទេ…តែ វា​មិនមែន​ដូច​ពួកគេ​ទាំងអស់គ្នា គិត​នោះទេ…។

នាង​នៅតែ​ប្រកាន់​គោលជំហរ​ថា ត្រូវតែ​ពាក់​ពេជ្រ​ធម្មជាតិ​ឱ្យបាន ថែមទាំង​សុំឱ្យ​គេ ទៅ​ប្ដូរ​យក​គ្រាប់ពេជ្រ ដែលមាន​តម្លៃ​ប៉ុនគ្នា​មកវិញ​ទៀតផង។ ទីបំផុត អ្នក​កំលោះ​យើង បាន​បដិសេធ​ក្នុងការ​ធ្វើតាម​ចិត្ត​រប​ស់​គូ​ដណ្ដឹង ព្រមទាំង​ប្រាប់ថា នាង​អាចឱ្យ​ចិញ្ចៀនពេជ្រ​នោះមក​គេ​វិញ និង​បញ្ចប់​សម្ព័ន្ធភាព​ស្នេហ៍​បាន…។

ចំណែក​ខាង​គំនិត​យោបល់​របស់​អ្នក​ចូល​មើល​ប្រព័ន្ធ​បណ្ដាញ​សង្គម​វិញ ចែកចេញជា 2ក្រុម…ក្រុម​ដំបូង យល់ឃើញថា នារី​គូ​ដណ្ដឹង ជា​មនុស្ស​វត្ថុនិយម ព្រោះថា ចង់​ជា​ចិញ្ចៀន​ប្រភេទ​ណា ឬ​ទំហំ​ប៉ុនណា  វា​មិន​សំខាន់​ទេ វា​អាស្រ័យ​លើ​សេចក្ដីស្នេហា​របស់​អ្នក​ទាំង2 ខ្លាំង​ជាង។ បើសិន​ឈ្លោះ​គ្នា ព្រោះតែ​រឿងនេះ វា​អាច​បង្ហាញ​សញ្ញា ឱ្យឃើញ​ពី​ភាពបរាជ័យ​របស់​ជីវិត​គូ​មិន​ខាន។ ចំណែក​ក្រុម 1ទៀត យល់ឃើញថា ស្រី​ជា​គូ​ដណ្ដឹង​មិន​ខុស​ទេ…បុរស​គូ​ដណ្ដឹង គួរតែ​សួរ​យោបល់​របស់​នាង​សិន​ថា តើ​ចូលចិត្ត​ចិញ្ចៀន​បែបណា? ព្រោះ​អី នាង​នឹងត្រូវ​ពាក់ចិញ្ចៀន​នោះ​អស់​មួយជីវិត ដូច្នេះ វា​គួរតែ​ជា​អ្វី ដែល​នាង​ជា​អ្នក​ជ្រើសរើស​ខ្លួនឯង មែន​អត់?

ប្រភព៖ worldofbuzz
ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

Advertisement