មហា​សែនស្ដាយ! សន្លឹកឆ្នោត​ដែល​ត្រូវ 26លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​​ម៉ាស៊ីន​​បោកគក់ «ស៊ី​ខ្ទេច»!

ស្ត្រី​ម្នាក់​បាន​ទិញ​ឆ្នោត​ Mega Millions កាល​ពី​ខែ​តុលា ឆ្នាំ​2018

សហរដ្ឋអាមេរិក៖ ស្ត្រី​ម្នាក់​នៅ​រដ្ឋ California សហរដ្ឋអាមេរិក បានឱ្យដឹងថា នាង​គឺជា​ម្ចាស់​រង្វាន់ 26លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ សន្លឹកឆ្នោត​របស់​នាង ត្រូវបាន​ខ្ទេចខ្ទី ដោយសារតែ​ត្រូវ​ច្រឡំ​ដៃ ដាក់ចូល​ក្នុង​ម៉ាស៊ីនបោកខោអាវ។

ថ្ងៃទី13 ខែឧសភា គឺជា​ថ្ងៃទី​ចុងក្រោយ​សម្រាប់​ម្ចាស់​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​តម្លៃ 26លាន​ដុល្លារ​អាមេរិក មក​ទទួល​ប្រាក់ ក៏ប៉ុន្តែ ពុំមាន​ម្ចាស់​រង្វាន់​ណា​ម្នាក់​បង្ហាញខ្លួន​នោះទេ។ សន្លឹកឆ្នោត​នេះ មុន​នោះ​ត្រូវបាន​លក់​នៅឯ​ហាង​ទំនើប​មួយកន្លែង នៅ​ជាយក្រុង Los Angeles រដ្ឋ California។

ប៉ុន្តែ Esperanza Hernandez ដែលជា​បុគ្គលិក​ប្រចាំ​ហាង​ខាងលើ បានឱ្យដឹងថា មួយថ្ងៃ​មុន​នោះ មាន​ស្ត្រី​ម្នាក់​មក​រាយការណ៍​ថា នាង​គឺជា​ម្ចាស់​រង្វាន់​ដែលមាន​តម្លៃ 26លាន​ដុល្លារ​នេះ តែ​នាង​បាន​ច្រឡំ​ដៃ ដាក់​សន្លឹកឆ្នោត​នេះ​ក្នុង​ខោ ហើយ​វា​ក៏បាន​ខ្ទេចខ្ទី​បន្ទាប់ពី​ត្រូវ​បោកគក់។

ក្រុម​មន្ត្រី​នៃ​ក្រុម​ហ៊ុន​ឆ្នោត​របស់​រដ្ឋ​ California បាន​និយាយ​ថា​ ពួក​គេ​កំពុង​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្ដឹង​របស់​ម្ចាស់​សន្លឹក​ឆ្នោត​

ស្ត្រី​រូបនេះ​កំពុង​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​ក្រុមមន្ត្រី​នៅ​ស្ថាប័ន​ចេញ​ឆ្លោ​តរបស់​រដ្ឋ California។ អ្នកគ្រប់គ្រង​ហាង បានឱ្យដឹងថា កាមេរ៉ា​សុវត្ថិភាព​របស់​ហាង ក៏​ថត​បាន​សកម្មភាព​ស្ត្រី​រូបនេះ ទិញ​សន្លឹកឆ្នោត​ដែល​ត្រូវ​នេះដែរ។

យោងតាម​គោលការណ៍​ក្នុង​តំបន់ បើសិន​អ្នក​ត្រូវ​ឆ្នោត​បាន​បាត់​សន្លឹកឆ្នោត ពួកគេ​ត្រូវតែ​ផ្ដល់​ភ័ស្ដុតាង​ដែល​បញ្ជាក់ថា ខ្លួន​ជា​ម្ចាស់​សន្លឹកឆ្នោត​នេះ។ បើសិន​ពុំមាន​អ្នក​មក​ទទួល​រង្វាន់ នោះ​ប្រាក់រង្វាន់​នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​សាលារៀន​សាធារណៈ​នានា​របស់​រដ្ឋ California ខណៈ​ហាង​ដែល​បាន​លក់​ឆ្នោត​នោះ​ក៏​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ចំនួន 130,000ដុល្លារ​ផងដែរ។

ក្រុមមន្ត្រី​នៅ​មូលដ្ឋាន បានឱ្យដឹងថា កម្រ​នឹងមាន​រង្វាន់​ពិសេសធំៗណាមួយ ដែល​រក​មិនឃើញ​ម្ចាស់។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ឆ្នោត Jorge De La Cruz ឱ្យដឹងថា រង្វាន់​ចំនួន 4 ដែលមាន​តម្លៃ​ចាប់ពី 20លាន​ដុល្លារ​ឡើងទៅ មិនទាន់មាន​អ្នក​ត្រូវ​នៅឡើយ រាប់​ចាប់ពី​ឆ្នាំ1997៕

ប្រភព៖ Sky News
ប្រែ​សម្រួល៖ បុត្រា

Advertisement