(វីដេអូ)-អគារ​កម្ពស់ 355ម៉ែត្រ នៅ​ប្រទេស​ចិន រង្គើ​ញាប់​ញ័រ បើ​ទោះ​មិនមាន​ការរញ្ជួយ​ដី និង​មូលហេតុ​​​ដែល​អាច​កើតមាន

អ្នក​ថ្មើរជើង​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង Shenzhen ប្រទេស​ចិន នាំគ្នារ​ត់រក​កន្លែង​សុវត្ថិភាព នៅពេល​អគារ​កម្ពស់ 355ម៉ែត្រ កំពុង​ញាប់​ញ័រ បើទោះបីជា​មិនមាន​ហេតុការណ៍​រញ្ជួយ​ដី​ក៏ដោយ។

អគារ SEG Plaza ដែលជា​និមិត្តរូប​របស់​ទីក្រុង Shenzhen នៃ​ខេត្ត Guangdong បានចាប់ផ្ដើម​ញាប់​ញ័រ​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃ18 ខែឧសភា (ម៉ោង​នៅ​កម្ពុជា) បណ្ដាលឱ្យ​មនុស្ស​រាប់ពាន់នាក់ ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ទៅរក​កន្លែង​សុវត្ថិភាព។

ទាក់ទិន​នឹង​បញ្ហា​នេះ វិស្វករ Lu Jianxin យល់ថា ឥទ្ធិពល​រ៉េ​សូ​ណង់ (resonance effect) ទំនងជា​បាន​បណ្ដាលឱ្យ​អគារ SEG Plaza នៅ​ទីក្រុង Shenzhen ត្រូវ​រង្គើ​ញាប់​ញ័រ ទោះជា​មិនមាន​ករណី​រញ្ជួយ​ដី។

«បើសិនជា​មិនមាន​ការរញ្ជួយ​ដី ការ​ញាប់​ញ័រ​របស់​អគារ SEG Plaza គឺ​មិនមែនជា​បញ្ហា​ធម្មតា​នោះទេ។ យោងតាម​ការវាយតម្លៃ​លើ​ព័ត៌មាន​បច្ចុប្បន្ន នេះ​អាច​ជាការ​ចៃដន្យ​នៃ​ប្រេកង់ ពោលគឺ ឥទ្ធិពល​របស់​រ៉េ​សូ​ណង់» នេះ​បើតាម​ការយល់ឃើញ​រប​ស់ Lu Jianxin ប្រធាន​វិស្វករ​នៃ​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សំណង់​របស់​ចិន។

អង្គភាព​គ្រប់គ្រង​ស្ថានការណ៍​អាសន្ន​នៃ​ទីក្រុង Shenzhen ឱ្យដឹងថា ពុំមាន​ការរញ្ជួយ​ដី​កើតឡើង​នៅក្នុង​ទីក្រុង​នេះ ក្នុង​គ្រា​ដែលមាន​បាតុភូត​ខាងលើ​នោះទេ។ ចំណែក​កម្លាំង​ខ្យល់​វិញ ក៏​ត្រូវបាន​រាយការណ៍​ថា មាន​ល្បឿន​ប្រហែល 27គម/ម៉ោង ដែល​នេះ​មិនអាច​ធ្វើឱ្យ​អគារខ្ពស់ៗ ត្រូវ​ញាប់​ញ័រ​ឡើយ។

មនុស្ស​ម្នា​ នាំ​គ្នា​រក​កន្លែង​សុវត្ថិ​ភាព​

វិស្វករ Lu Jianxin បន្ថែមថា គេ​ត្រូវធ្វើ​ការស៊ើបអង្កេត​ជា​ផ្លូវការ ទើប​អាច​រកឃើញ​មូលហេតុ​នៃ​បាតុភូត​នេះ។ រីឯ​ក្រុម​អ្នកជំនាញ​វិញ បានឱ្យដឹងថា កម្រ​នឹងមាន​បញ្ហា​អគារ​ញាប់​ញ័រ​រហូតដល់​អាចឱ្យ​គេ​ដឹងបាន​យ៉ាង​ដូច្នេះ។

Chen Wei អ្នកផ្គត់ផ្គង់​ផ្នែក​រឹង (hardware) ដែល​ធ្វើការ​នៅ SEG Plaza ប្រាប់ថា គាត់​មិន​បានដឹង​អំពី​បញ្ហា​អគារ​ញាប់​ញ័រ​នេះ ប៉ុន្តែ ត្រូវបាន​គេ​ស្នើឱ្យ​ចាកចេញ​ពី​អគារ ដើម្បី​សុវត្ថិភាព។ ក៏ប៉ុន្តែ «មិត្ត​ម្នាក់​របស់ខ្ញុំ​ដែល​ស្ថិតនៅក្នុង​អគារ បានឃើញ​ដប​ទឹក​ញាប់​ញ័រ»។

SEG Plaza ដែលជា​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក Shenzhen (SEG) មាន​កម្ពស់ 355ម៉ែត្រ និង​មាន 79ជាន់ ត្រូវបាន​សាងសង់​រួចរាល់​កាលពី​ឆ្នាំ2020។ នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ស្ដីពី​កម្ពស់​នៃ​អគារ​នៅ​ទូទាំង​ពិភពលោក របស់ skyscrapercenter.com អគារ SEG Plaza ខ្ពស់​ជាងគេ​លំដាប់​ទី104 នៅ​ប្រទេស​ចិន និង​លំដាប់​ទី212 នៅលើ​ពិភពលោក។

«បាតុភូត​ញាប់​ញ័រ​នេះ កំពុង​ត្រូវបាន​ស្រាវជ្រាវ​ដោយ​ស្ថាប័នរដ្ឋ​មួយចំនួន ដើម្បី​ស្វែងរក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់» នេះ​បើតាម​អង្គភាព​គ្រប់គ្រង​ស្ថានការណ៍​អាសន្ន៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement