កូនកំលោះ មហា​សាមញ្ញ ពាក់​​អាវ​យឺត-ខោខ្លី-ស្បែកជើងផ្ទាត់ ចូល​ពិធីមង្គលការ

ងាយៗ មិនចាំបាច់​អី​ច្រើន!! កូនកំលោះ មហា​សាមញ្ញ តែងខ្លួនងាយៗ ពាក់​អាវយឺត​ដៃខ្លី ជំនួស​អាវធំ ឈុត​សកល ថែមទាំង​ពាក់​ស្បែកជើងផ្ទាត់​ទៀត ខណៈដែល​កូនក្រមុំ​វិញ តែងខ្លួន​គ្រប់គ្រឿង…។

ប្រហែលជា​ពិធីមង្គលការ​មួយ ដែល​កូនកំលោះ​ធ្វើខ្លួន​សែន​មហាងាយៗបំផុត ព្រោះ​បើសិនជា​កូនកំលោះ​ដទៃ​វិញ ប្រហែលជា​ដើរចូល​ពិធី​មួយ​នេះ ដោយ​ឈុត​សកល បែប​គ្រប់គ្រឿង យ៉ាង​សង្ហា​មិន​ខាន តែ​សម្រាប់ “Nfasis” ដែលជា​អ្នកចម្រៀង រ៉េ​ប​ភើរ ជនជាតិ​ដូ​មី​នី​កាំ​ង វ័យ 33ឆ្នាំ​ម្នាក់នេះ​វិញ វា​ខុសប្លែក​ពី​អ្នកដទៃ ព្រោះ​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់គេ គេ​ពាក់​តែ​អាវយឺត​ដៃខ្លី ពណ៌​ស ដែល​ស្ដើង រហូត​មើលឃើញ​អាវយឺត​វៀល​ក្លៀក​ខាងក្នុង ស្លៀកខោ​ខូវប៊យ​ពណ៌​ស្លេក​ជើង​ខ្លី និង​ពាក់​ស្បែកជើងផ្ទាត់​ទៀតផង!។

អ្វីដែល​ចាប់អារម្មណ៍​បំផុត​នោះ​គឺ បើសិន​ទាំង​កូនកំលោះ និង​កូនក្រមុំ​តែងខ្លួន​របៀប​ដូចគ្នា​នោះ អ្នក​បានឃើញ​ទាំង​ប៉ុន្មាន​ប្រហែលជា​មិនសូវ​អី​ប៉ុន្មាន​ទេ តែ​នេះ វា​មិនមែន​អ៊ីចឹង​ទេ ព្រោះ​ខណៈដែល​កូនកំលោះ​តែងខ្លួន​បែបសប្បាយៗ ងាយៗនោះ កូនក្រមុំ បែរជា​តុបតែង​ខ្លួន បែប​គ្រប់គ្រឿង ស្រស់ស្អាត និង​ល្អឥតខ្ចោះ ហើយ​កូនស្រី​ទាំង2 របស់​ពួកគេ​ទាំង2 ក៏​ដូចគ្នា​ដែរ ស្លៀក​ឈុត​ពណ៌​ស គួរឱ្យ​ស្រឡាញ់ ហាក់ដូចជា​ម្ចាស់​ក្ស​ត្រី ត្រៀម​ជាស្រេច សម្រាប់​ការបំពេញ​តួនាទី ជា​អ្នក​កំដរ​កូនក្រមុំ។  ពោលគឺ អ្នកចូលរួម​ក្នុង​ពិធី​នេះ​ទាំងអស់ សុទ្ធតែ​តែងខ្លួន បែប​គ្រប់គ្រឿង​យ៉ាង​ស្អាត​សង្ហា​គ្រប់គ្នា លើកលែងតែ​កូនកំលោះ​ម្នាក់​គត់។

ក្រៅពី​ការ​តែងខ្លួន​របស់​កូនកំលោះ Nfasis ដែល​ធ្វើឱ្យ​ជំពប់​ភ្នែក​អ្នក​ដែល​បានឃើញ​ហើយ​នោះ ការបង្ហាញ​ទឹកមុខ​ដ៏​សែន​រាបស្មើ​ធម្មតា​របស់គេ វា​ធ្វើឱ្យ​អ្នក​ដែល​បានឃើញ​ទាំង​ប៉ុន្មាន​នោះ អត់​មិន​គិត​មិន​បានឡើយ​ថា តើ​គេ​ពេញចិត្ត ឬ​មាន​សេចក្ដីសុខ​ចំពោះ​ពិធីមង្គលការ​ក្នុង​គ្រា ដែរឬទេ​ហ្ន៎?…

ចំណែក​បណ្ដា​អ្នកគាំទ្រ​របស់​កូនកំលោះ Nfasis វិញ មិនបាន​មាន​អារម្មណ៍ ចម្លែក​ចិត្ត​ចំពោះ​រឿងនេះ​ប៉ុន្មាន​ឡើយ ព្រោះ​បើសិន បាន​តាមដាន​អ៊ី​ន​ស្តា​ក្រាម ឬ​បណ្ដាញ​សង្គមផ្សេងៗទៀត​របស់ Nfasis ហើយ​នោះ នឹង​បានដឹងថា ស្ទីល​ការតុបតែង​ខ្លួន​របស់​គេ វា​តែងតែ​បែប​ហ្នឹង​ស្រាប់​ទៅហើយ ទាំង​ក្នុង​ជីវិត​ប្រចាំថ្ងៃ និង​ក្នុង MV របស់គេ។

យ៉ាងណាក្ដី អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ជាច្រើន នៅតែ​រិះគន់​ពី​ការតុបតែង​ខ្លួន​របស់​កូនកំលោះ Nfasis ដែរ ដោយ​ភាគច្រើន​យល់ឃើញថា ថ្ងៃ​មង្គលការ គឺជា​ថ្ងៃ​ដ៏​សំខាន់​មួយ របស់​ទាំង​កូនកំលោះ និង​កូនក្រមុំ ដូច្នេះ គេ​គួរតែ​តែងខ្លួន ផ្ដល់​កិត្តិយស​ដល់​អ្នក​ឯទៀត​ខ្លាំង​ជាង​នេះ…តែ​អ្នកខ្លះ យល់ថា ចង់​តែងខ្លួន​របៀប​ណា ក៏​តែង​ទៅ រឿង​សំខាន់បំផុត គឺ​សេចក្ដីស្រឡាញ់ ដែល​ទាំង 2នាក់ មាន​ឱ្យ​គ្នា​ទៅវិញទៅមក   មិនមែន​វត្ថុ​ខាងក្រៅ ឬ​គ្រឿង​តុបតែង​កាយ ដែល​ពួកគេ​ស្លៀក​នោះទេ។

ការពិតទៅ ពិធីមង្គលការ​របស់​គេ​ទាំង2 ត្រូវបាន​រៀបចំឡើង កាលពី​អំឡុង​ចុងឆ្នាំ​កន្លងទៅ តែ​ទើបនឹង​មក​ល្បីល្បាញ ឱ្យ​អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ទាំងឡាយ​រិះគន់ ដោយសារតែ​កំលោះ Nfasis យើង បាន​ផូ​ស្ត​រូបថត​ទាំងនោះ​នៅក្នុង​ផេ​ច​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ទើប​ធ្វើឱ្យ​អ្នក​បានឃើញ​ទាំងឡាយ នាំគ្នា​ស៊ែរ ចែករំលែក​ត​គ្នា​យ៉ាងច្រើន ដែល​ពេលនេះ ជីវិត​អាពាហ៍ពិពាហ៍​របស់ Nfasis និង​ភរិយា កំពុងតែ​ផ្អែមល្ហែម​ជាទីបំផុត និង​កំពុងមាន​ទារក​តូច​មួយទៀត ជា​ខ្សែចំណង​មាស ចង​បេះដូង​អ្នក​ទាំង២ ទៀតផង។

ប្រភព៖ Facebook
ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement