អ្នកជំងឺ​COVID-19 ដែល​បាន​ស្លាប់ បែរជា​ត្រលប់មក​ផ្ទះ​វិញ ក្រោយពី​បូជា​បាន 18ថ្ងៃ

(ឥណ្ឌា)- ស្ត្រី​ម្នាក់ ឈ្មោះថា Girijamma រស់នៅក្នុង​រដ្ឋ Andhra Pradesh ត្រូវបាន​គ្រួសារ​ធ្វើ​ពិធី​បញ្ចុះសព​រួចរាល់ បន្ទាប់ពី​បាន​ស្លាប់​ដោយសារ​ជំងឺ​Covid-19 ប៉ុន្តែ រយៈពេល 18ថ្ងៃ​ក្រោយមក គ្រួសារ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​បានឃើញ​ស្ត្រី​នេះ ត្រលប់មក​ផ្ទះ​វិញ។

លោកយាយ​វ័យ 70ឆ្នាំ រស់នៅ​ក្នុងភូមិ Christianpet ស្រុក Krishna កាលពី​ថ្ងៃទី12 ខែឧសភា ត្រូវបាន​ប្ដី គឺ លោកតា Muthyala Gaddayya នាំទៅ​កាន់​មន្ទីរពេទ្យ នាទី​ក្រុង Vijayawada ដើម្បី​ព្យាបាល​ជំងឺ​Covid-19។ លោកតា Gaddayya តែង​ទៅ​មើល​ប្រពន្ធ​គាត់​ជា​ញឹកញាប់។

ប៉ុន្តែ នៅ​ថ្ងៃទី15 ខែឧសភា លោកតា Gaddayya មិនបាន​ឃើញ​ប្រពន្ធ​របស់គាត់​នៅ​កន្លែង​ព្យាបាល​នោះទេ ពេល​គាត់​ទៅសួរសុខទុក្ខ​ម្ដងទៀត។ គាត់​បាន​ដើររក​ឯ​បន្ទប់ផ្សេងៗ ប៉ុន្តែ នៅតែ​រក​មិនឃើញ។ ចុងក្រោយ ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា អ្នកជំងឺ​ប្រហែលជា​បាន​ស្លាប់ ហើយ​ត្រូវ​នាំទៅ​កាន់​សាល​ដាក់​សាកសព។

នៅក្នុង​សាល​សាកសព លោកតា ត្រូវបាន​ក្រុមការងារ ប្រគល់​សាកសព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដែល​ត្រូវ​រុំ​ជិត​ដោយ​ថង់​ផ្លា​ស្ទិ​ក។ លោកតា​ពិតជា​រន្ធត់​ចិត្តជា​ពន់​ពេក និង​បាន​នាំ​សាកសព​ត្រលប់មក​ផ្ទះ ហើយ​ធ្វើបុណ្យ​ក្នុង​ថ្ងៃ​ដដែល​នោះ។

ដល់​ថ្ងៃទី23 ខែឧសភា គ្រួសារ​របស់​លោកតា Gaddayya ត្រូវ​ជួប​ទុក្ខ​ធំ​មួយទៀត នៅពេល​បានទទួល​ដំណឹង​ថា កូនប្រុស​វ័យ 35ឆ្នាំ​របស់គាត់ ឈ្មោះ Muthyala Ramesh ក៏បាន​បាត់បង់​ជីវិត ដោយសារ Covid-19 នៅក្នុង​មន្ទីរពេទ្យ​ស្រុក Khammam។ គ្រួសរ​នេះ បានរៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​លោកយាយ Girijamma និង​កូនប្រុស Ramesh កាលពី​ថ្ងៃទី1 ខែឧសភា។

ក៏ប៉ុន្តែ មួយថ្ងៃ​ក្រោយមក គ្រួសារ និង​អ្នកភូមិ ត្រូវ​រន្ធត់ និង​ភ្ញាក់ផ្អើល​ជា​លើក​ទី​បី នៅពេល​ឃើញ​លោកយាយ Girijamma ត្រលប់មក​ផ្ទះ។ លោកយាយ​ប្រាប់ថា គាត់​អន់ចិត្ត អាណិត​ខ្លួន​ខ្លាំងណាស់ ព្រោះតែ​មិនមាន​អ្នកផ្ទះ​ទៅ​ទទួល​គាត់ ក្រោយពី​បានជា​សះស្បើយ។ ខាង​មន្ទីរពេទ្យ បាន​ជូន​ប្រាក់​ដល់​លោកយាយ 3,000រូពី (41ដុល្លារ​អាមេរិក) ដើម្បី​ត្រលប់មក​ផ្ទះ។

លោក​យាយ​ Girijamma

គ្រួសារ​របស់លោក​យាយ និង​អ្នក​ក្បែរ​ខាង​និយាយថា ពួកគេ​មិនបាន​ពិនិត្យមើល​សាកសព​នោះទេ ព្រោះ​ខ្លាច​ឆ្លង​វីរុស។ ចំណែក​ខាង​ប៉ូលិស​វិញ ឱ្យដឹងថា ពុំមាន​អ្នកណាម្នាក់ ត្រូវបាន​ស៊ើបអង្កេត​នៅក្នុង​ករណី​ច្រឡំ​សាកសព​នេះនោះ​ដែរ។

បច្ចុប្បន្ន គេ​មិនបាន​ដឹងថា លោកយាយ​បាន​នៅទីណា​ឡើយ ក្នុង​រយៈពេល 18ថ្ងៃ បន្ទាប់ពី​ត្រូវ​គ្រូពេទ្យ​និយាយថា បាន​ស្លាប់។ ចម្ងាយ​ផ្លូវ​ពី​ទីក្រុង Vijayawada មក​ស្រុក Krishna ប្រហែល 18គីឡូម៉ែត្រ៕

ប្រភព៖ NDTV
ប្រែ​សម្រួល៖ បុត្រា

Advertisement