បុរស​មាន​ប្រព័ន្ធ​ច្រើនជាងគេ​ក្នុង​ពិភពលោក ទទួលមរណភាព!

ឥណ្ឌា៖ Ziona Chana ដែលជា​ស្វាមី​របស់​ស្ត្រី​ចំនួន 38នាក់ និង​ជា​ឪពុក​របស់កូនៗចំនួន 89នាក់ បានទទួល​មរណភាព​ក្នុង​វ័យ 76ឆ្នាំ នៅក្នុង​រដ្ឋ Mizoram។

«ជាមួយនឹង​បេះដូង​ដ៏​ក្ដុកក្ដួល​បំផុត រដ្ឋ Mizoram ត្រូវ​និយាយ​ពាក្យ​ថា ‘លា’ ចំពោះ​លោក Ziona វ័យ 76ឆ្នាំ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា មេ​គ្រួសារ​ដែលមាន​សមាជិក​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក ព្រោះ​មាន​ប្រព័ន្ធ​ចំនួន 38នាក់ និង​កូន​ចំនួន 89នាក់។ សូម​លោក​បាន​ទៅកាន់​សុគតិភព» អភិបាលរដ្ឋ Mizoram បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី13 ខែមិថុនា។

Advertisement

លោក​ Ziona Chana (ស្ដាំ) ថត​កាល​ពី​ឆ្នាំ​ 2011

លោក Zoramthanga អភិបាលរដ្ឋ បាន​បន្ថែមថា ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង ដោយមាន​គ្រួសារ​របស់​លោក Ziona Chana ភូមិ Baktawng Tlangnuam (ជា​កន្លែង​ដែល​គ្រួសារ​នេះ​កំពុង​រស់នៅ) បានក្លាយ​ជាទី​តាំង​ទេសចរណ៍ ដែល​ទាក់ទាញ​ភ្ញៀវ​បាន​យ៉ាងច្រើន សម្រាប់​រដ្ឋ Mizoram នេះ។

នាយក​មន្ទីរពេទ្យ Trinity វេជ្ជបណ្ឌិត Lalrintluanga Zahau បាន​បញ្ជាក់ថា លោក Ziona បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ទទួល​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​សម្ពាធ​ឈាម​ខ្ពស់។

លោក Ziona Chana កើត​ឆ្នាំ1945 គឺជា​មេដឹកនាំ​នៃ​និកាយ​សាសនា Chana (Chana Pawl or Chhuanthar) នៅក្នុង​ភូមិ Baktawng Tlangnuam។ និកាយ​នេះ​រួមមាន​ប្រហែល 400គ្រួសារ ក្នុងនោះ សមាជិក​ជា​បុរស ត្រូវបាន​អនុញ្ញាតឱ្យ​យកប្រពន្ធ​ច្រើន។

ថ្វីបើ​មាន​ប្រព័ន្ធ​ចំនួន 38នាក់ និង​កូន​ចំនួន 89នាក់ ប៉ុន្តែ គ្រួសារ​នេះ​រស់នៅ​ជុំគ្នា​នៅក្នុង​ផ្ទះមួយ​ខ្នង មាន​កម្ពស់ 4ជាន់ និង​មាន​បន្ទប់​ជាង 100 ដែលមាន​ឈ្មោះថា «ផ្ទះ​ជំនាន់​ថ្មី»៕

ប្រភព៖ BBC
ប្រែសម្រួល​៖ បុត្រា​

Advertisement