ជប៉ុន ពាក់​ម៉ាស់ ថ្វាយ​រូបសំណាក​ព្រះ​ពោធិសត្វ កម្ពស់​ជិត 60ម៉ែត្រ

ក្រុមកម្មករ​នៅ​ប្រទេស ជប៉ុន ត្រូវបាន​គេ​បង្គាប់​ឱ្យ​ពាក់​ម៉ាស ថ្វាយ​ដល់​រូបសំណាក​ព្រះ​ពោធិសត្វ (bodhisattva) ដ៏​ធំ​មួយអង្គ នៅក្នុង​ខេត្ត Fukushima ក្នុង​បំណង​បួងសួង​សូមឱ្យ​មហា​ជំងឺ​រាតត្បាត Covid-19 ឆាប់​ត្រូវ​បានបញ្ចប់។

កាលពី​ថ្ងៃទី15 ខែមិថុនា កម្មករ​ចំនួន 4នាក់ បាន​ចំណាយពេល 3ម៉ោង ដើម្បី​យក​ខ្សែពួរ ទាញ​ម៉ាស់​ដ៏​ធំ​មួយ ឡើងទៅ​កាន់​ផ្នែក​ខាងលើ​នៃ​រូបសំណាក​ព្រះ​ពោធិសត្វ កម្ពស់ 57ម៉ែត្រ ដែល​ស្ថិតនៅ​បរិវេណ​វិហារ Houkokuji Aizu Betsuin នៃ​ខេត្ត Fukushima ប្រទេស ជប៉ុន។

ម៉ាស់​ដ៏​ធំ ដែល​ត្រូវបាន​ធ្វើឡើង​អំពី​ក្រណាត់​សំណាញ់​ពណ៌​ផ្កាឈូក​នេះ មាន​បណ្ដោយ 5.3ម៉ែត្រ, ទទឹង 4.1ម៉ែត្រ និង​ទម្ងន់ 35គីឡូក្រាម។ ក្រុមកម្មករ បាន​អូស​ម៉ាស់​នេះ​ឡើង និង​បាន​ពាក់​ជិត​ច្រមុះ និង​មាត់​របស់​រូបសំណាក។

Takaomi Horigane ដែលជា​អ្នកគ្រប់គ្រង​វិហារ Houkokuji Aizu Betsuin ឱ្យដឹងថា រូបសំណាក​ព្រះ​ពោធិសត្វ​នេះ នឹង​ពាក់​ម៉ាស់ រហូតដល់​ស្ថានភាព Covid-19 នៅ​ប្រទេស ជប៉ុន ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង។

រូបសំណាក​នេះ ត្រូវបាន​កសាង​កាលពី 33ឆ្នាំមុន ជាមួយនឹង​ផ្នែក​ដង​ព្រះកាយ​ត្រូវបាន​ធ្វើឡើង​អំពី​ឈើ និង​មាន​ជណ្ដើរ​រាងគូទខ្យង ដែល​អនុញ្ញាតឱ្យ​គ្រប់គ្នា អាច​ឡើង​ទៅដល់​ផ្នែក​ស្មា​របស់​រូបសំណាក។ ពលរដ្ឋ​ដែល​បានមក​កាន់​វិហារ​ខាងលើនេះ ភាគច្រើន​បួងសួង​សុំ​សំណាងល្អ និង​សេចក្ដីសុខ​ដល់​ទារក​ក្នុង​ផ្ទៃ ក៏ដូចជា​ការឆ្លង​ទន្លេ​ប្រកបដោយ​សុវត្ថិភាព៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement