ចម្លែក! រលក​បោក​ខ្ទប់​ច្រាំង បង្ហាញ​រូបភាព ដូច មុខមាត់​របស់​អាទិទេព​សមុទ្រ

រលក​សមុទ្រ​ដែលមាន​រូបរាង​ដូច​ទៅនឹង​មុខមាត់​របស់​អាទិទេព​ស​មុ​ទ្រ Neptune នៅក្នុង​ទេវ​កថា រ៉ូ​ម៉ាំង បានបង្ហាញ​ខ្លួន នៅពេល​ព្យុះ​មួយ កំពុង​បោកបក់​ទៅលើ​ឆ្នេរសមុទ្រ​ស្រុក Sussex ខាងកើត នៃ​ចក្រភព​អង់គ្លេស។

អ្នក​ថតរូប Jeff Overs របស់​ទីភ្នាក់ងារសារព័ត៌មាន BBC ថត​បាន​រូបភាព​នេះ នៅឯ​កំពង់ផែ Newhaven កាលពី​ថ្ងៃទី 6 ខែកក្កដា នៅពេលដែល​រលកធំៗ បង្កឡើង​ដោយ​ព្យុះ កំពុង​បោក​ខ្ទប់​ទៅលើ​ទំនប់​ឃាំង​រលក​សមុទ្រ។ រូបភាព​នេះ ត្រូវបាន​ថត​នៅពេល​ទឹកសមុទ្រ​ជោរ​ឡើង​ខ្ពស់ និង​ខ្យល់​មាន​ល្បឿន​ជាង 80គម/ម៉ោង។

«ទីនេះ បាន​ក្លាយជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​ជាង​ថតរូប ព្រោះតែ​សមុទ្រ​មាន​ខ្យល់​ខ្លាំង និង​រលកធំៗ បោក​ខ្ទប់​ទំនប់​ស្កា​ត់រលក» Overs រៀបរាប់។ «រលក លាយឡំ​នឹង​ខ្យល់​ខ្លាំង បោក​ខ្ទប់​ចូល​ច្រាំង បង្កើតបានជា​រូបភាព​ស្រដៀង​នឹង​មុខមាត់ផ្សេងៗ យ៉ាង​ចម្លែក»។

ការមើលឃើញ​មុខមាត់​របស់​អាទិទេព​ស​មុ​ទ្រ Neptune (អាទិទេព Poseidon នៅក្នុង​ទេវ​កថា របស់ ក្រិ​ក) គឺជា​ឧទាហរណ៍​ជាក់ស្ដែង​អំពី pareidolia ដែលជា​រោគសញ្ញា​នៃ​ការខ្លាច​មួយ​ប្រភេទ​របស់​ផ្លូវចិត្ត ទាក់ទិន​នឹង​មុខមាត់​នានា បណ្ដាលឱ្យ​មនុស្ស​មើលឃើញ​រូបភាព​ចៃដន្យ​មួយចំនួន​ថា​ជា រូបភាពផ្សេងៗ តាម​ការស្រមើស្រមៃ។

អ្នក​ថតរូប​ខាងលើនេះ បាន​អះអាងថា៖ «នោះ​គឺជា​រូបភាព​ដែល​ថត​ត្រង់​ពីមុខ ហើយ​ខ្ញុំ​ក៏​មិនបាន​កែ​រូបថត​នេះ​សោះឡើយ»៕

ប្រភព៖ BBC
ប្រែ​សម្រួល៖ បុត្រា

Advertisement