ឆ្មា​3Dយក្ស ផុស​ឡើង កណ្ដាល​ផ្លូវបំបែក​ឈី​ន​ជូ​គុ ដូច​ឆ្មា​មែនទែន​បំផុត រាយមន្ត​ស្នេហ៍​ដាក់​អ្នក​ស្រឡាញ់​សត្វ

កាលពី​ថ្ងៃទី7 កក្កដា CNN និង sora news24 បាន​រាយការណ៍​ថា អ្នកទីក្រុង​តូ​ក្យូ បាននាំគ្នា​ភ្ញាក់ផ្អើល​នឹង​រូបភាព​សត្វ​ឆ្មា​3D ដ៏​ធំ​មួយ ដែល​បង្ហាញខ្លួន​ឡើង​នៅក្នុង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម នៃ​អេក្រង់ LED កណ្ដាល​ផ្លូវបំបែក​ជា4 ឈិន​ជូ​គុ មជ្ឈមណ្ឌល​សប​ភីង កណ្ដាល​ទីក្រុង​តូ​ក្យូ នៃ​ប្រទេស​ជប៉ុន ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​មនុស្សម្នា​ដែល​ធ្វើដំណើរ​ទៅមក និង​ក្នុង​ពិភព​អន​ឡាញ តាំងពី​មិនទាន់​ដល់​ថ្ងៃ​បើក​បង្ហាញខ្លួន​ជា​ផ្លូវការ​ទៅទៀត។

Cross Shinjuku Vision អ្នក​ផលិត​រូបភាព​សត្វ​ឆ្មា​យក្ស ធ្វើជា​តារា​ណែនាំ​ផលិតផល​នេះ គឺ​ដើម្បី​ប្រូ​ម៉ូត​ពី​ទីតាំង​ដាក់ឱ្យ​ជួល​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម ដែលជា​អេក្រង់ LED ដែលមាន​ភាព​កោង ទំហំ 154ម៉ែត្រការ៉េ ប្រដាប់​បំពង​សំឡេង​គុណភាព​ខ្ពស់ រូបភាព​ច្បាស់​កម្រិត 4K ដែល​ផ្ដល់​រូបភាព​ច្បាស់​ដូច​របស់​ពិត បង្ហាញ​ពី​រូបភាព​សត្វ​ឆ្មា ដើរលេង​ទៅមក នៅ​ពីលើ​ទីក្រុង​តូ​ក្យូ និង​ស្រែកយំ​ម៉េវ។

រូបភាព​សត្វ​ឆ្មា សម្លឹងមើល​ចុះមក​ខាងក្រោម ហាក់ដូចជា​វា ប្រុង​លោត​ចុះមក​គ្រប់ពេលវេលា ជា​រូបភាព​វីដេអូ​3D ដែល​ទាំង​គួរឱ្យ​ស្រឡាញ់ និង​គួរឱ្យខ្លាចប៉ុនៗគ្នា ជាពិសេស នៅពេលដែល​សត្វ​ឆ្មា​ដ៏​ប៉ឹ​ន​ឆ្ងល់​នោះ សម្លឹង​ចំ​មុខ​យើង។

វីដេអូ នឹង​ចាប់​បញ្ចាំង​ចន្លោះ​ពី​ម៉ោង 7.00នាទី ដល់​ម៉ោង 1.00នាទី ដោយ​បង្ហាញ​រូបភាព​សត្វ​ឆ្មា បញ្ចេញ​កាយវិការ​ក្នុង​ឥរិយាបថផ្សេងៗពេញ 1ថ្ងៃ ចាប់ផ្ដើម​តាំងពី​ពេល​ភ្ញាក់ពីដេក ដោយនៅ​ពេលព្រឹក និង​ពេល​រសៀល សត្វ​ឆ្មា​ក្រោកឈរឡើង និង​បញ្ចេញ​សំឡេង​ម៉េវៗទៅកាន់​មនុស្សម្នា​ដែល​ដើរទៅ​ដើរមក លុះ​ដល់ពេល​ព្រលប់ សត្វ​ឆ្មា​នឹង​ទម្លាក់ខ្លួន​ដេក​វិញ ក្នុង​ឥរិយាបថ​យក​ក្បាល​កើយ​បាតជើង។

ទោះជា​ការឃោសនា​ផ្សាយពាណិជ្ជកម្ម​សត្វ​ឆ្មា​យក្ស​នេះ មិនទាន់​បង្ហាញខ្លួន​ជា​ផ្លូវការ រហូត​ទាល់តែ​ដល់​ថ្ងៃទី12 កក្កដា​ខាងមុខ​ក្ដី តែមាន​ការសាកល្បង​ផ្សព្វផ្សាយ​តាម​រលកធាតុអាកាស​តាំងពី​ខែ​កន្លងមក​រួចទៅហើយ ធ្វើឱ្យ​សត្វ​ឆ្មា​ឈិន​ជូ​គុ រាយមន្ត​ស្នេហ៍ រហូត​ល្បីល្បាញ​នៅក្នុង​បណ្ដាញ​សង្គម​អន​ឡាញ រហូតដល់​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន នាំគ្នា​បញ្ចេញយោបល់​ថា គួរឱ្យ​ស្រឡាញ់ និង​កំពុង​ភ្ញាក់ផ្អើល​រំភើប​ញាប់​ញ័រ​ចំពោះ​តិច​ណូ​ឡូ​ជី​ថ្មី​មួយ​នេះ៕

Advertisement