(វីដេអូ) – អ្នកក្លាហាន ប្រថុយស្លាប់ អង្គុយផឹកកាហ្វេលើផ្លូវដែក ដើម្បីបញ្ឈប់ដំណើររថភ្លើង

តុ​កាហ្វេ និង​កៅអី ត្រូវបាន​រៀបចំ​ដាក់​នៅ​កណ្ដាលផ្លូវ​រថភ្លើង ហើយ​បុរស​ជា «អ្នក​ក្លាយ​ហាន» ម្នាក់ អង្គុយ​ជក់បារី ធ្វើ​ព្រងើយ បើទោះជា​អ្នកបើកបរ​រថភ្លើង ខំប្រឹង​ចាប់​ហ្វ្រាំង និង​បរ​ជិត​មកដល់​ហើយ​ក្ដី។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2021 នៅឯ Casablanca នៃ​ប្រទេស ម៉ា​រ៉ុ​ក។

នៅក្នុង​វីដេអូ គេ​ឃើញ​តុ និង​កៅអី ត្រូវបាន​គេ​ដាក់​កណ្ដាល​ផ្លូវដែក។ បន្ទាប់មក បុរស​ម្នាក់​ក៏បាន​បង្ហាញខ្លួន និង​ដើរទៅ​អង្គុយ​លើ​កៅអី​យ៉ាង​ក្លាហាន ស្រប​ពេលដែល​កញ្ចែ​រប​ស់​រថភ្លើង បន្លឺឡើង​កងរំពង និង​តម្រង់​មកដល់។ យ៉ាងនេះ​ក៏ដោយ អ្នកក្លាហាន​រូបនេះ ហាក់​មិនបាន​អើពើ​អ្វី​ទាំងអស់ រួមទាំង​ការស្លាប់​ដែល​ស្ថិតនៅ​ចំពោះមុខ។ ជំនួស​មកវិញ បុរស​នេះ បែរជា​អុជ​បារី និង​អង្គុយ​ជក់​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ខណៈ​អ្នកបម្រើ នាំយក​ភេសជ្ជៈ​មកឱ្យ។ រថភ្លើង​ក៏បាន​ចាប់​ហ្វ្រាំង​ទាន់ពេល នៅ​ពី​ក្រោយខ្នង​អ្នកដំណើរ​ចម្លែក​នេះ។

សមត្ថកិច្ច​ក្នុង​តំបន់ ក្រោយមក​ក៏​កំណត់​បាន​អត្តសញ្ញាណ​របស់​បុរស​ដែល​បាន​រារាំង​ដំណើរ​របស់​រថ​ភ្លើង​នេះ។ M.T ដែលជា​ពលរដ្ឋ​ម្នាក់​នៅក្នុង​ទីក្រុង Casablanca ត្រូវបាន​ចាប់ខ្លួន រួម​ជាមួយនឹង​មនុស្ស 2 នាក់​ទៀត ក្នុងនោះ​មាន​ម្នាក់​ជា​អ្នក​ថត​វីដេអូ។ ពួកគេម្នាក់ៗ ត្រូវបាន​ពិន័យ​ដាក់ពន្ធនាគារ​រយៈពេល 2 ឆ្នាំ។ ដោយឡែក M.T ត្រូវបាន​ពិន័យ​ជា​ប្រាក់ 4,500 ដុល្លារ​អាមេរិក បន្ថែម​ពីលើ​ការចាប់​គុក 2 ឆ្នាំ ព្រោះតែ​បាន​បង្ក​ការខូចខាត​ដល់​ក្រុមហ៊ុន​ផ្លូវដែក៕

ប្រភព៖ News in 24
ប្រែ​សម្រួល៖ បុត្រា

Advertisement