(វីដេអូ)-នារី​ពីរ​នាក់ ធ្លាក់​ពី​ភ្នំ ពេល​លេង​យោលទោង ប្រកបដោយ​គ្រោះថ្នាក់

រុស្ស៊ី៖ វីដេអូ​ខ្លី​មួយ ថត​បាន​សកម្មភាព​ដ៏​សែន​រន្ធត់ ស្ដីពី​នារី 2 នាក់ កំពុង​លេង​យោលទោង ក៏​ស្រាប់តែ​ធ្លាក់​ពី​ភ្នំ​ដែលមាន​កម្ពស់​ជាង 1,920 ម៉ែត្រ។

ហេតុការណ៍​រន្ធត់​នេះ បានកើត​ឡើង​នៅឯ​ទីតាំង​លេង​យោលទោង​ដ៏​គ្រោះថ្នាក់​មួយ នៅលើ​ភ្នំ Sulak របស់​សាធារណរដ្ឋ Dagestan នៃ​ប្រទេស​រុស្ស៊ី។ ក្នុង​វីដេអូ គេ​ឃើញ​នារី​វ័យក្មេង 2 នាក់ អង្គុយ​លើ​ទោង​ដែល​ត្រូវគេ​យោល​ទៅ-មក លើ​ចង្កេះភ្នំ​ដែលមាន​កម្ពស់ 1,920 ម៉ែត្រ។ ល្បែង​កំសាន្ត​នេះ​គឺជា​សកម្មភាព​ដែល​ក្រុម​អ្នក​ទេសចរណ៍​ចូលចិត្ត​ជាខ្លាំង នៅពេល​បានមក​ដល់ទី​នេះ។

វីដេអូ​បាន​បង្ហាញថា នៅពេល​ទោង​កំពុង​ត្រូវគេ​យោល​ទៅមុខ ក៏​ស្រាប់តែ​ខ្សែ​ម្ខាង​របស់​វា បាន​ដាច់ បណ្ដាលឱ្យ​នារី​ទាំង 2 នាក់​ដែល​នៅលើ​ទោង​នេះ ត្រូវ​ខ្ទាត​ចេញ និង​ធ្លាក់​ចុះក្រោម។ ប៉ុន្តែ សំណាងល្អ ពួកនាង​បាន​ទើរ​ជាប់​នឹង​ផ្ទាំង​ថ្ម ហើយក៏​បាន​រួច​ពី​ការស្លាប់ ដោយ​គ្រាន់តែ​រងរបួស​តិចតួច។

នាយកដ្ឋាន​ទេសចរណ៍ Dagestan បានឱ្យដឹងថា ទោង​ជាច្រើន​នៅលើ​ភ្នំ «មិនមាន​ស្ដង់ដា​ត្រឹមត្រូវ» ខណៈ​ប៉ូលិស កំពុងបើក​ការស៊ើបអង្កេត​លើ​កម្រិត​នៃ​សុវត្ថិភាព​របស់​ទោង​ទាំងនេះ៕

ប្រភព៖ Mail
ប្រែ​សម្រួល៖ បុត្រា

Advertisement