ផ្ទះ​តូច​បំផុត​នៅ​អង់គ្លេស៖ ទទឹង​មិន​ដល់ 2 ម៉ែត្រក្រឡា តែមាន​អ្នក​មក​ទស្សនា 55,000 នាក់ រៀងរាល់ឆ្នាំ

ផ្ទះ​ដ៏​សែន​តូច​នេះ ត្រូវបាន​ផ្ទេរ​មកឱ្យ​កូនចៅ​ច្រើន​ជំនាន់ និង​មាន​អាយុកាល​រាប់រយឆ្នាំ ហើយ​ធ្វើឱ្យ​គ្រប់គ្នា​ចង់ដឹង ចង់​លឺ​អំពី​បរិវេណ​ខាងក្នុង​របស់​ផ្ទះ​នេះ។

ផ្ទះ​ដែល​ស្ថិតនៅក្នុង​ក្រុង Conwy នៃ​តំបន់ North Wales ប្រទេស​អង់គ្លេស មាន​ទទឹង 1.82 ម៉ែត្រ, កម្ពស់ 3.01 ម៉ែត្រ និង​មាន​បន្ទប់​ចំនួន​ពីរ។ វា​ស្ថិតនៅ​ចន្លោះផ្ទះ​នានា និង​ហាក់​ត្រូវ​កៀប​ជាប់​នឹង​ផ្ទះ​ទាំងនោះ ធ្វើឱ្យ​អ្នកដំណើរ​មានការ​ចង់ដឹង ចង់​លឺ។

សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​នេះ សុទ្ធតែ​ត្រូវបាន​ច្នៃ​យ៉ាង​ពិសេស​ដើម្បី​អាច​យក​ចូល​តាម​ទ្វារ​ដ៏​តូច។ ក្នុងផ្ទះ អាចដាក់​បាន​គ្រែ​មួយ​សម្រាប់​មនុស្ស​ម្នាក់ ចង្ក្រាន​កម្ដៅ និង​កន្លែង​ដាក់​ធ្យូង។ ប៉ុន្តែ ពេលនេះ ម្ចាស់ផ្ទះ​ក៏បាន​បន្ថែម​សា​ឡុង​មួយ ដែល​ត្រូវបាន​រចនា​ជាពិសេស​ដោយ​ក្រុមហ៊ុន Snug។

Jan Tyley ដែលជា​ម្ចាស់​បច្ចុប្បន្ន​របស់​ផ្ទះ​នេះ បានឱ្យដឹងថា អ្នកស្រី​ភ្ញាក់ផ្អើល​ណាស់​នៅពេល​ពួកគេ​អាច​យកសា​ឡុង​ការិយាល័យ​ចូលទៅក្នុង​បន្ទប់ក្រោមដី​បាន។ បន្ទប់ក្រោមដី​គឺជា​កន្លែង​ទទួលភ្ញៀវ ផ្ទះបាយ និង​បន្ទប់ទឹក។

ផ្ទះ​តូច​បំផុត​នៅ​អង់គ្លេស​នេះ ត្រូវបាន​ម្ចាស់ផ្ទះ​រក្សាទុក ត​កូន ត​ចៅ ក្នុងអំឡុង 130 ឆ្នាំ​មកហើយ។ ដើម្បី​ចៀស​ពី​ការ​តម្រូវឱ្យ​រុះរើ​ពី​សំណាក់​អាជ្ញាធរ អតីត​ម្ចាស់ផ្ទះ​នេះ ដែលមាន​ឈ្មោះថា Robert Jones បាន​ដើរ​គ្រប់កន្លែង​ក្នុងប្រទេស​អង់គ្លេស ដើម្បី​ស្រាវជ្រាវ​ឱ្យដឹង​ច្បាស់​ថា តើ​ផ្ទះ​របស់ខ្លួន ពិតជា​ផ្ទះ​តូច​ជាងគេ​បង្អស់​ប្រចាំ​ប្រទេស​ដែរ ឬ​យ៉ាងណា។

ចុងក្រោយ ផ្ទះ​របស់គាត់​បានជា​ប់​ឯតទគ្គ​កម្ម Guinness កាលពី​ឆ្នាំ 1920 និង​ត្រូវបាន​ទទួលស្គាល់ថា​ជា ផ្ទះ​តូច​ជាងគេ​បង្អស់​នៅ​ប្រទេស​អង់គ្លេស។ ចាប់តាំងពី​ពេលនេះ​មក ផ្ទះ​នេះ ទាក់ទាញ​បាន​ភ្ញៀវ​មក​ទស្សនា​ប្រមាណ 55,000 នាក់ ជា​រៀងរាល់ឆ្នាំ។ នេះ​ក៏​ជា​មូលហេតុ​ដែលនាំឱ្យ​រដ្ឋាភិបាល បោះបង់​បំណង​រុះរើ​ផ្ទះ​នេះ៕

Advertisement