គំរាមថា​មាន​គ្រាប់បែក​លើ​យន្តហោះ ព្រោះតែ​ខក​ជើងហោះហើរ ស្ត្រី​ម្នាក់​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ច្បាប់

យន្តហោះ​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ Fort Lauderdale-Hollywood International Airport

សហរដ្ឋអាមេរិក៖ ស្ត្រី​ម្នាក់​បាន​កុហក​ប្រាប់​បុគ្គលិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដោយ​គំរាមថា ក្នុង​វ៉ាលិស​របស់ខ្លួន​ដែល​ស្ថិតនៅលើ​យន្តហោះ មាន​គ្រាប់បែក ខណៈ​យន្តហោះ​កំពុង​បរ​ទៅមុខ ធ្វើឱ្យ​បុគ្គលិក​ត្រូវ​ជម្លៀស​អ្នកដំណើរភ្លាម។

Marina Verbitsky អាយុ 46 ឆ្នាំ រួមជាមួយ​ប្ដី និង​កូន កាលពី​ថ្ងៃទី 6 កញ្ញា បាន​ខក​ជើងហោះហើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Fort Lauderdale-Hollywood ក្នុងស្រុក Broward ដោយសារតែ​ពួកគេ​យឺតយ៉ាវ។ យន្តហោះ​ពេលនោះ​កំពុងតែ​ត្រៀម​ហោះ​ឡើង។

«អ្នកស្រី​នោះ​ខឹង ព្រោះតែ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឡើង​យន្តហោះ» ប៉ូលិស​ស្រុក Broward ឱ្យដឹង​ដូច្នេះ។ «អ្នកស្រី​នេះ​ប្រើប្រាស់​ពាក្យសម្ដីអាក្រក់ៗជាមួយ​បុគ្គលិក ហើយ​នៅពេល​ដឹងថា យន្តហោះ​កំពុង​ត្រៀម​ហោះ​ឡើង​ដោយ​នាំយក​ទាំង​អីវ៉ាន់​របស់​អ្នកស្រី​ផង​នោះ អ្នកស្រី​ក៏​និយាយថា មាន​គ្រាប់បែក​ក្នុង​ថង់​វ៉ាលិស»។

អ្នក​ស្រី Marina Verbitsky

យន្តហោះ​នេះ​ត្រូវ​បង្ខំ​ឱ្យ​ឈប់​មកវិញ ចំណែក​អ្នកដំណើរ​ទាំងអស់​ក៏ត្រូវ​បាន​ឈ្លៀស​ចុះ​ពី​យន្តហោះ។ ក្រោយមក ក្រុមប៉ូលិស​របស់​ស្រុក Broward បាន​ទៅដល់​កន្លែងកើតហេតុ និង​បាន​រកឃើញថា ស្ត្រី​នេះ​និយាយ​កុហក។

Verbitsky ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ព្រមាន​ក្លែងក្លាយ​អំពី​គ្រាប់បែក និង​គ្រឿងផ្ទុះ ហើយក៏​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​មួយ​នៅ​តំបន់ Fort Lauderdale។ អ្នកស្រី​បាន​ចូល​តុលាការ​កាលពី​ថ្ងៃទី 7 កញ្ញា និង​ត្រូវ​បង់ប្រាក់​ធានា​ខ្លួន​ចំនួន 10,000 ដុល្លារ ហើយ​ថែមទាំង​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​លើ​សុខភាព​ផ្លូវចិត្ត​ទៀតផង៕

Advertisement