ព្រោះតែ​សម្លាប់​ត្រី​ចិញ្ចឹម​របស់​អតីត​ភរិយា​ដើម្បី​សងសឹក សេដ្ឋី​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​ជាង​មួយឆ្នាំ

អង់គ្លេស៖ សេដ្ឋី​ឈ្មោះ Haines ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល 16 ខែ ព្រោះតែ​បាន​លួច​ចូល​ផ្ទះ​របស់​អតីត​ភរិយា នៅឯ​ស្រុក Caerphilly និង​បានសម្លាប់​ត្រី​ចិញ្ចឹម​ដែលមាន​តម្លៃ​ជិត 14,000 ដុល្លារ របស់​អ្នកស្រី ដើម្បី​ជាការ​សងសឹក។

តុលាការ Newpor Crown កាលពី​ថ្ងៃទី 14 កញ្ញា បាន​កាត់ទោស​ម្ចាស់​ក្រុមហ៊ុន​កែច្នៃ Anthony Haines វ័យ 51 ឆ្នាំ ពីបទ​លួច​ចូល​ផ្ទះ​អតីត​ភរិយា​ឈ្មោះ Jane អាយុ 52 ឆ្នាំ មាន​ទីលំនៅ​ក្នុង​តំបន់ Caerphilly នៃ​ដែនដី Wales របស់ អង់គ្លេស កាលពី​ខែមិថុនា។ Haines បាន​ផ្ដាច់​អគ្គិសនី​ក្នុងផ្ទះ​របស់ Jane ធ្វើឱ្យ​ត្រី​ដែលមាន​តម្លៃ​ជិត 14,000 ដុល្លារ​អាមេរិក ត្រូវ​ងាប់។

Advertisement

Anthony Haines វ័យ 51 ឆ្នាំ

Haines ថែមទាំង​បាន​បំផ្លាញ​រូបថត​របស់ Jane ដែល​ថត​ជាមួយ​មិត្ត​ប្រុស​របស់​អ្នកស្រី ព្រមទាំង​បាន​ឆែកឆេរ​បន្ទប់​គេង និង​យក​កាំបិត​កាប់​ចិញ្ច្រាំ​ក្ដារ​ជ្រញ់ និង​ទូ​ក្នុង​ផ្ទះបាយ​ទៀតផង។ បន្ទាប់ពី​បាន​សារភាព​ទោស សេដ្ឋី​រូបនេះ​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល 16 ខែ។

«Jane បាន​សង្ស័យ​លើ​អតីត​ស្វាមី​តាំងពី​ដំបូង។ អ្នកស្រី​និយាយថា គាត់​ប្រចណ្ឌ ព្រោះតែ​អ្នកស្រី​បានចាប់ផ្ដើម​ជីវិត​ថ្មី» ចៅក្រម Jones និយាយ​ដូច្នេះ និង​បន្ថែមថា ចាប់តាំងពី​គូ​ស្វាមី និង​ភរិយា​នេះ​បានរស់នៅ​បែក​ពីគ្នា និង​ជិត​ឈានដល់​ការលែង​លះ​ស្ថាពរ Haines បានធ្វើឱ្យ​ជីវភាព​របស់​អតីត​ភរិយា «ដូច​ទៅនឹង​នរក​អវីចី»។

កាលពី​ឆ្នាំ 2019 លោក Haines ក៏​ធ្លាប់បាន​ជាប់ពន្ធ​គារ​ម្ដង​រួចហើយ ព្រោះតែ​បាន​គំរាមកំហែង​ដល់ Jane និង​មិត្ត​ប្រុស​របស់​អ្នកស្រី ដោយ​កាំបិត​កាប់សាច់​ជ្រូក។

ក្នុង​ហេតុការណ៍​កាលពី​ខែមិថុនា ដោយសារតែ​ស្រវឹងស្រា ទើប Haines មាន​សកម្មភាព​ដូច្នេះ នេះ​បើតាម​មេធាវី Marian Lewis។ ចំណែក​កូនស្រី​របស់ Haines ក៏បាន​ឱ្យដឹងថា គាត់​គឺជា​ឪពុក ជា​លោកតា​ដ៏​ល្អ​របស់​កូនចៅ។ សេដ្ឋី Haines បាន​កសាង​អាជីវកម្ម​ផ្ទាល់ខ្លួន និង​បាន​ជួយ​ឱ្យ​គ្រួសារ​មាន​ជីវភាព​ល្អប្រសើរ​ផ្នែក​ហិរញ្ញវត្ថុ៕

Advertisement