មេធាវីល្បី​ឈ្មោះ​​ «ជួល​ឃាតករ​មក​សម្លាប់​ខ្លួនឯង» ដើម្បីឱ្យ​កូន​​បាន​ក្លាយជា​អ្នកមាន

សហរដ្ឋអាមេរិក៖ មេធាវី​ល្បីឈ្មោះ និង​ជា​ជនជាតិ​អាម៉េរិក ម្នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ បន្ទាប់ពី​បង្កើត​​ហេតុ​ការណ៍​​ឃាតកម្ម​លើ​ខ្លួនឯង ដើម្បីឱ្យ​កូនប្រុស​ទទួលបាន​ប្រាក់​ធានារ៉ាប់រង។

Alex Murdaugh ជា​មេធាវី​ម្នាក់ មាន​អាយុ 53 ឆ្នាំ កាលពី​ថ្ងៃទី 4 កញ្ញា បាន​ជួល​ឈ្មោះ Curtis Smith ឱ្យ​រៀប​គម្រោង​សម្លាប់​លោក នៅលើ​ដងផ្លូវ​មួយ​នៅ​តំបន់​ជនបទ​របស់​រដ្ឋ ការ៉ូ​លី​ណា​ខាងត្បូង (South Carolina) នៃ សហរដ្ឋ​អាម៉េរិក។ Smith បាន​បាញ់​ចំក្បាល​មេធាវី​រូបនេះ ប៉ុន្តែ គ្រាប់កាំភ្លើង​បាន​ប្លាត​ចំ​តែ​លលាដ៍ក្បាល។ Smith គឺជា​អតីត​កូនក្ដី​របស់ Murdaugh និង​ធ្លាប់​ផ្គត់ផ្គង់ opioid ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ​ញៀន ទៅឱ្យ​មេធាវី​រូបនេះ។

Murdaugh ក្រោយមក​ក៏បាន​ចេញ​សារភាព ហើយ​នៅ​ថ្ងៃទី 16 ខែកញ្ញា លោក​ក៏​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ទាក់ទិន​នឹង​ធានារ៉ាប់រង និង​ភូតកុហក ព្រោះតែ​បាន​ជួល​មនុស្ស​មក​សម្លាប់ខ្លួន​ឯង ដើម្បីឱ្យ​កូនប្រុស​ទទួលបាន​ប្រាក់​សំណង 10 លាន​ដុល្លារ ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត។

Curtis Smith​ ឡើង​តុលាការ​ កាល​ពី​ថ្ងៃទី 16 កញ្ញា​

ល្បិចកល​ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី Murdaugh ត្រូវបាន​បង្ខំ​ឱ្យ​ឈប់​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ច្បាប់ ដោយ​សារ​បញ្ហា​អំពើពុករលួយ។ ប៉ូលិស​កំពុង​ស្រាវជ្រាវ​លើ Murdaugh ទាក់ទិន​នឹង​ទោស​កិបកេង​មូលនិធិ​សាធារណៈ។

មេធាវី​រូបនេះ ត្រូវបាន​អនុញ្ញាតឱ្យ​បង់ប្រាក់ 20,000 ដុល្លារ ដើម្បី​បាន​នៅក្រៅ​ឃុំ និង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ។ មេធាវី​របស់ Murdaugh បានឱ្យដឹង កូនក្ដី​របស់ខ្លួន​មាន​អាការ «ញៀន​នឹង​ថ្នាំ opiod យ៉ាងធ្ងន់ធ្ងរ»។

មេធាវី​ Attorney Alex Murdaugh (ឆ្វេង) និង Curtis Smith (ស្ដាំ)

មេធាវី​របស់ Murdaugh បន្ថែមថា បញ្ហា​ហិរញ្ញវត្ថុ រួម​នឹង​បញ្ហា​នៃ​ការស្លាប់​របស់​ភរិយា និង​កូន កាលពី​ខែមិថុនា បាន​នាំឱ្យ​កូនក្ដី​របស់លោក ធ្លាក់​ទៅក្នុង​ស្ថានភាព​នេះ។

Maggie អាយុ 52 ឆ្នាំ ជា​ភរិយា​របស់ Murdaugh និង​កូនប្រុស​ឈ្មោះ Paul អាយុ 22 ឆ្នាំ ជា​និស្សិត ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃទី 7 ខែមិថុនា នៅឯ​តំបន់ Islandton ភាគ​និរតី​របស់​រដ្ឋកា​រូ​លី​ណា​ខាងត្បូង។ ពុំទាន់​មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ។ អំឡុង​មុនពេល​នោះ Paul កំពុង​រង់ចាំ​ការកាត់ទោស​ពីបទ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទូក កាលពី​ឆ្នាំ 2019 ដែល​បានធ្វើឱ្យ​នារី​វ័យ 19 ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត។

គ្រួសារ​លោក​ Alex Murdaugh

ប៉ូលិស កាលពី​ថ្ងៃទី 15 ខែកញ្ញា ក៏បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​ស្លាប់​កាលពី​ឆ្នាំ 2018 របស់ Gloria Satterfield អាយុ 57 ឆ្នាំ ដែលជា​អ្នកគ្រប់គ្រង​ផ្ទះ​ឱ្យ​គ្រួសារ​របស់ Murdaugh។ អ្នកស្រី Gloria ត្រូវបាន​គេ​ជឿថា បាន​ស្លាប់​ដោយសារ​ដួល។ គ្រួសារ​របស់ Murdaugh មានឈ្មោះ​ល្បីល្បាញ​នៅក្នុង​ចំណោម​ក្រុមអ្នកច្បាប់​នៅ កា​រូ​លី​ណា​ខាងត្បូង។ ឪពុក ជីតា​ខាង​ឪពុក និង​ទួត​របស់ Murdaugh សុទ្ធតែជា​រដ្ឋអាជ្ញា​ក្នុង​តំបន់៕

Advertisement