បុរស និង​ស្ត្រី​ជាង 800 នាក់ អាក្រាតកាយ​ទាំងស្រុង ដើម្បី​អបអរ​រដូវ​ស្លឹកឈើ​ជ្រុះ

(អង់គ្លេស)-បុរស និង​ស្ត្រី​ជាង 800 នាក់ នាំគ្នា​អាក្រាតកាយ នៅ​ឈូង​សមុទ្រ Druridge ដើម្បី​ទទួល​អំណរ​ថ្ងៃ​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ «Autumnal Equinox» ខាងមុខ។

មនុស្ស​រាប់រយ​នាក់ ប្រមូល​ផ្ដុំគ្នា​ទស្សនាការ​រាំរែក​នៅ​ជុំវិញ​ភ្លក់​ភ្លើង​មុនពេល​ដោះ​សម្លៀកបំពាក់​ទាំងអស់ និង​ត្រាំ​ខ្លួន​ក្នុង​ទឹក​នៅ​ឈូង​សមុទ្រ Druridge ក្នុង​តំបន់ Northumberland ភាគ​ឦសាន​នៃ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី 19 ក​ញ្ញ។ សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​អបអរ​ថ្ងៃ Autumnal Equinox ជា​ថ្ងៃ​ដំបូង​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃទី 22 កញ្ញា។ យោងតាម​វិទ្យាសាស្ត្រ​អឺរ៉ុប Autumnal equinox ឬ September Equinox ឬក៏ Fall Equinox គឺជា​ថ្ងៃ​ដំបូង​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​អឌ្ឍគោល​ខាងជើង។

ក្រុម​សង្គ្រោះបន្ទាន់​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ឆ្នេរសមុទ្រ ដើម្បី​ត្រៀម​បង្ការ និង​សង្គ្រោះ​នៅពេល​មាន​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង ប៉ុន្តែ ពុំមាន​បញ្ហា​ណាមួយ​នោះទេ​នៅក្នុង​ព្រឹត្តិការណ៍​នេះ។

ពិធីបុណ្យ​អាក្រាតកាយ​ដ៏​ធំ​ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​អបអរ​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ឈូង​សមុទ្រ Druridge បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ បន្ទាប់ពី​ត្រូវបានធ្វើ​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ 2012 ដើម្បី​រៃអង្គាសប្រាក់​ជូន​ដល់​អង្គការ​មនុស្សធម៌​ដែល​ធ្វើការ​ខាង​សុខភាព​ផ្លូវចិត្ត MIND។

កាលពី​ឆ្នាំ 2020 ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​លុបចោល​បណ្ដោះអាសន្ន ដោយសារតែ​បម្រាម​គោចរ។ ឆ្នាំ 2019 ព្រឹត្តិការណ៍​នេះ​ទាក់ទាញ​បាន​អ្នកចូលរួម​ជាង 700 នាក់។

«គ្រប់យ៉ាង​ពិតជា​អស្ចារ្យ និង​ប្រព្រឹត្តទៅ​យ៉ាង​រលូន។ យើង​មាន​គ្នា​ចូលរួម​យ៉ាងតិច 820 នាក់ បើ​ទោះ​តួលេខ​ចុងក្រោយ​មិនទាន់​ប្រកាស» Jax Higginson អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍ និយាយ​ដូច្នេះ និង​បន្ថែមថា ឆ្នាំនេះ​អាច​រៃអង្គាស​បាន​ប្រាក់​ប្រហែល 20,000 ផោន ស្មើនឹង​ជាង 27,000 ដុល្លារ​អាម៉េរិក សម្រាប់​ជួយ​ដល់​មូលនិធិ MIND៕

Advertisement