ក្រុមហ៊ុន​វីង (Wing) ត្រូវ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ព្រោះតែ​សត្វ​ក្អែក (វីដេអូ)

(អូស្ត្រាលី)-ក្រុមហ៊ុន​ដឹកជញ្ជូន​​ទំនិញ​ដោយ​យន្តហោះ​ដ្រូ​ន​មួយ ត្រូវ​ផ្អាក​ដំណើរការ​របស់ខ្លួន​នៅ​តំបន់​ជាយក្រុង​កង់​បេ​រ៉ា (Canberra) ដោយសារតែ​ការគំរាមកំហែង​នៅលើ​អាកាស ពី​សត្វ​ក្អែក​ដែល​ចង់​ការពារ​ដែនដី​រប​ស់​ពួកវា។

បញ្ហា​សត្វ​ស្លាប​ហោះ​ច្រាស​ពី​អាកាស សំដៅ​អ្នកដំណើរ​នៅ​លើដី​គឺជា​រឿង​ដែល​កើតឡើង​ញឹកញាប់​នៅ​ប្រទេស​អូស្ត្រាលី។ នៅក្នុង​រដូវ​បន្ត​ពូជ សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដូចជា សារិកា​អាស៊ី-អឺរ៉ុប (Eurasian magpie) ជាដើម អាច​វាយប្រហារ​អ្នក​ទាំងឡាយណា​ដែល​ចូលទៅ​ក្បែរ​សម្បុក​របស់​ពួកវា។ សត្វ​ក្អែក​ក៏មាន​ទម្លាប់​ការពារ​សម្បុក និង​ដែនដី​របស់​ពួកវា​ដែរ។ ពេលខ្លះ សត្វ​ក្អែក ថែមទាំង​វាយប្រហារ​ទៅលើ​យន្តហោះ​ដ្រូ​ន​ដឹកជញ្ជូន​ទំនិញ​ទៀតផង។

នៅក្នុង​វីដេអូ ដែល​ថត​បាន​ដោយ បែន រ៉ូបឺត (Ben Robert) ជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់ ហារី​សុន (Harrison) ជាយក្រុង​កង់​បេ​រ៉ា បង្ហាញឱ្យឃើញថា សត្វ​ក្អែក​ហោះ​ទៅរក​យន្តហោះ​ដ្រូ​ន​ដែល​កំពុង​ត្រៀម​ចុះចត​ដើម្បី​ប្រគល់​កាហ្វេ​ឱ្យ​អតិថិជន។ ដ្រូ​ន​បន្ទាបខ្លួន​បន្តិចម្ដងៗ និង​ត្រៀម​ទម្លាក់​ថង់​កាហ្វេ ប៉ុន្តែ ភ្លាមនោះ ក្អែក​បាន​ហោះ​មក​ចាប់​ដ្រូ​ន និង​ច្រាស​ប្រហារ​នៅ​កណ្ដាល​អាកាស។

ការ​ច្រាស​ប្រហារ​នេះ​កើតឡើង​ជាច្រើន​វិនាទី។ ស្លាប​កង្ហារ​របស់​ដ្រូ​ន​បន្លឺសំឡេង​ខ្លាំង​ជាង​មុន នៅពេល​វា​ព្យាយាម​រក្សា​លំនឹង។ បន្ទាប់មក សត្វ​ក្អែក​នេះ​ក៏បាន​ហោះ​ចេញទៅ ហើយ​ដ្រូ​ន​ក៏​អាច​បន្ទាប​ថង់​ទំនិញ​ដោយ​ខ្សែពួរ ដើម្បី​ប្រគល់ជូន​អតិថិជន។

នេះ​មិនមែនជា​ករណី​ទីមួយ​នោះទេ ដែល​ថង់​កាហ្វេ​របស់ រ៉ូបឺត បាន​ក្លាយជា​គោលដៅ​វាយប្រហារ​ពីស​ត្វ​ស្លាប។ កន្លងមក ហ្វូង​សត្វ​ស្លាប​ក៏​ធ្លាប់​ព្យាយាម​ចូលទៅ​ចាប់​យន្តហោះ​ដ្រូ​ន​ដែល​ដឹកជញ្ជូន​ទំនិញ​ឱ្យ​បុរស​នេះ ហើយ​ពួកវា​ទំនងជា​ចេះ​គេច​ពី​ស្លាប​កង្ហារ​ទៀតផង។

រដ្ឋធានី​កង់​បេ​រ៉ា កំពុងស្ថិត​ក្នុងអំឡុង​ពេល​នៃ​ការអនុវត្ត​បម្រាម​គោចរ​ដោយសារ COVID-19 នាំឱ្យ​តួលេខ​អ្នកបញ្ជា​ទិញ​ទំនិញ​ដែល​ដឹកជញ្ជូន​ដោយ​យន្តហោះ​ដ្រូ​ន មានការ​កើនឡើង​ខ្ពស់។ វីង (Wing) ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​យន្តហោះ​ដ្រូ​ន សម្រេចចិត្ត​ផ្អាក​ដំណើរការ​នៅ​តំបន់ ហារី​សុន នៅពេល​រង់ចាំ​ក្រុម​អ្នកគ្រប់គ្រង​សត្វ​ស្លាប ពិនិត្យ​សកម្មភាព​របស់​ហ្វូង​សត្វ​ដែល​ដូច​ទៅនឹង​ករណី​របស់ រ៉ូបឺត។ ក្រុមហ៊ុន វីង បានបង្ហាញ​អត្តសញ្ញាណ​របស់​សត្វ​ក្អែក​មួយចំនួន​ដែល​ធ្វើ​សកម្មភាព​ការពារ​ដែនដី​របស់​ពួកវា ហើយ​ក្រុមហ៊ុន​នេះ​មានបំណង​ធ្វើឱ្យប៉ះពាល់​តិចតួច​បំផុត​ទៅលើ​ការរស់នៅ​របស់​ពួកវា។

នី​ល ហឺ​មេស (Neil Hermes) ជា​ប្រធាន​អង្គការ​គ្រប់គ្រង​សត្វ​ស្លាប Canberra Ornithologists Group បានឱ្យដឹងថា សត្វ​ក្អែក​តែងតែ​វាយប្រហារ​វត្ថុ ឬ​មនុស្ស​ដែល​ទៅជិត​សម្បុក​របស់​វា។ ដូច្នេះ លោក​យល់ថា ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន វីង គឺជា​រឿង​ត្រឹមត្រូវ ខណៈ​រង់ចាំ​សមត្ថកិច្ច​ពិចារណា និង​ដោះស្រាយ៕

Advertisement