ញ៉ាំ​ស៊ុប​លើ​ផ្ទៃ​ទឹកជំនន់​បណ្ដើរ គេច​ពីរ​លក​ទឹក​បណ្ដើរ ពិតជា​ប្លែក​​ក្នុង​អារម្មណ៍! ភោជនីយដ្ឋាន​មួយ​នៅ ប្រទេស​ថៃ កំពុង​ប្រែក្លាយ​ឧបសគ្គ​ជា​ឱកាស​រកស៊ី

(ប្រទេស​ថៃ)-ជំនួស​ឱ្យ​ការបិទទ្វារ​ដោយសារតែ​ទឹកជំនន់ ភោជនីយដ្ឋាន​នៅ រាជធានី​បាងកក របស់ Titiporn Jutimanon បាន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​បើកទ្វារ​ដំណើរការ​ធម្មតា ដោយ​អនុញ្ញាតឱ្យ​អតិថិជន​អង្គុយ​បរិភោគ​ក្នុង​ទឹកជំនន់​តែម្ដង។

Titiporn Jutimanon ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅក្បែរ​មាត់ទន្លេ Chao Phraya ក្នុង​ទីក្រុង Nonthaburi ភាគ​ខាងជើង​នៃ រាជធានី​បាងកក មានការ​ព្រួយបារម្ភ ខ្លាច​ទឹកជំនន់​ដែល​កំពុង​វាយប្រហារ​លើ​តំបន់​ជាច្រើន​នៅ ប្រទេស​ថៃ អាច​បញ្ចប់​អាជីវកម្ម​របស់ខ្លួន​ដែល​កំពុង​ជួប​ការលំបាក​ស្រាប់ ដោយសារ COVID-19។

ក៏ប៉ុន្តែ ទឹកជោរ​ឡើង​ខ្ពស់​នៅ​ទន្លេ Chao Phraya ក្នុង​សប្ដាហ៍​នេះ បាន​នាំមក​នូវ​ឱកាសល្អ​សម្រាប់​ថៅកែ​ស្រី Titiporn។ ជំនួស​ឱ្យ​ការបិទទ្វារ​ផ្អាក​ដំណើរការ ភោជនីយដ្ឋាន Chao Phraya International Café របស់ Titiporn កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង​នៅ ប្រទេស​ថៃ ដោយសារ​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ដែល​ចូលចិត្ត​បរិភោគ​អាហារ​បណ្ដើរ គេចចេញ​ពីរ​លក​ទឹក​បណ្ដើរ នៅពេល​មាន​ទូក​ឆ្លងកាត់។

«អតិថិជន​ពិតជា​ចូលចិត្ត​រលក​ទាំងនេះ» Titiporn រៀបរាប់។ «បញ្ហា​ដែល​ខ្ញុំ​គិតថា​ជា​វិបត្តិ តាមពិត​វា​គឺជា​ឱកាស​សោះ»។

នៅឯ​ភោជនីយដ្ឋាន​របស់ Titiporn ភ្ញៀវ​អង្គុយ​លើ​កៅអី​ឈើ ជើង​ត្រូវ​ត្រាំ​ក្នុង​ទឹកជំនន់។ ពួកគេ​ហូប​អាហារ​បណ្ដើរ គយគន់​ទូក កប៉ាល់​ឆ្លងកាត់​បណ្ដើរ ហើយ​ពេលខ្លះ​ពួកគេ​ត្រូវ​ប្រញាប់​ក្រោកឈរ​ដើម្បី​គេច​ពីរ​លកទឹកធំ។

ខេត្ត​ប្រមាណ 30 នៅ​ភាគ​ខាងជើង និង​ភាគ​កណ្ដាល​នៃ ប្រទេស​ថៃ កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ធ្វើឱ្យ​ទឹកទន្លេ Chao Phraya ដែល​ហូរ​ឆ្លងកាត់ រាជធានី​បាងកក ត្រូវ​ឡើង​ខ្ពស់។

ភោជនីយដ្ឋាន​របស់ Titiporn កន្លងមក ត្រូវ​បិទទ្វារ​ក្នុង​គ្រា រាជធានី​បាងកក ដាក់​បម្រាម​គោចរ​ព្រោះតែ COVID-19 ប៉ុន្តែ ពេលនេះ នាង​ពិតជា​សប្បាយរីករាយ​ណាស់ នៅពេល​បាន​បើក​ដំណើរ​ការធម្មតា នៅក្នុង​គ្រា​ជួប​បញ្ហា​ទឹកជំនន់។

«ពួកគេ​មិន​ត្រឹមតែ​ចូលចិត្ត​បរិយាកាស សាច់​អាំង និង​ទិដ្ឋភាព​ថ្ងៃ​រៀប​លិច​នោះទេ ប៉ុន្តែ​ទឹកជំនន់​ក៏បាន​ក្លាយជា​កត្តា​ជំរុញ​ការសប្បាយរីករាយ​បន្ថែម​ដ៏​អស្ចារ្យ» Titiporn ថ្លែង​ដូច្នេះ។ «ខ្ញុំ​មាន​អារម្មណ៍​ថា មានសំណាង​ណាស់ ព្រោះតែ​ភ្ញៀវ​ចូលចិត្ត។ ពួកគេ​មិន​ខ្វល់​ពី​ទឹកជំនន់​សោះឡើយ»។

អតិថិជន​នាំគ្នា​ស្រែក​ហ៊ោ សើច​ក្អាកក្អាយ នៅពេល​រលក​ទឹក​បោកបក់​មកដល់ ធ្វើឱ្យ​កៅអី​ត្រូវ​ញាប់​ញ័រ។ ភោជនីយដ្ឋាន​នេះ​បើក​ដំណើរការ​ពីរ​ពេល​រៀងរាល់ថ្ងៃ ដើម្បីឱ្យ​ភ្ញៀវ​មានឱកាស​ទទួល​អារម្មណ៍​ប្លែក​នៅពេល​ទឹកជោរ​ឡើង​ខ្ពស់បំផុត។

«នេះ​គឺជា​ឧបសគ្គ​ដ៏​អស្ចារ្យ។ អ្នក​ប្រាកដជា​មិនដឹង​ច្បាស់​ទេ​ថា ខ្លួន​អាច​ត្រូវ​ទឹក​គួច​ដល់​ទីណា នៅពេល​កំពុង​ញ៉ាំ​អាហារ» Jetdanai Boonrod វ័យ​ប្រហែល 30 ឆ្នាំ ជា​អតិថិជន​មួយរូប​របស់ Titiporn និយាយ​ដូច្នេះ៕

Advertisement