ស្ត្រី​ដែល​ទើបត្រូវ​បាន ហ្គី​ណេ​ស ទទួលស្គាល់ថា ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក៖ «គ្រប់យ៉ាង​ដែលជា​ឧបសគ្គ អាច​ប្រែ​ទៅជា​ប្រយោជន៍»

នាង Rumeysa Gelgi នៅ ប្រទេស​តួ​ក​គី ត្រូវបាន​អង្គការ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) ទទួលស្គាល់ថា​ជា​ស្ត្រី​ដែល​ខ្ពស់​ជាងគេ​បង្អស់ ដោយមាន​កម្ពស់​ជាង 2.15 ម៉ែត្រ។

Rumeysa Gelgi អាយុ 24 ឆ្នាំ រស់នៅក្នុង​ខេត្ត Karabuk កើត​ជំងឺ Weaver បណ្ដាលឱ្យ​រាងកាយ​លូតលាស់​លឿន​ខុស​ប្រក្រតី នេះ​បើតាម​អង្គការ​កំណត់ត្រា Guinness World Records។ ឆ្នាំ 2014 នាង Gelgi ធ្លាប់​ត្រូវបានគេទទួលស្គាល់​ថា​ជា នារី​ដែល​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក នៅក្នុង​វ័យ 18 ឆ្នាំ។

Gelgi មិនអាច​ធ្វើដំណើរ​ដោយ​គ្មាន​រទេះ​សម្រាប់​ជនពិការ​បានឡើយ។ ប៉ុន្តែ នាង​អាច​ផ្លាស់​ទី​បាន​ក្នុង​រយៈពេល​ខ្លី ដោយ​ប្រើ​ឧបករណ៍​សម្រាប់​អ្នករៀន​ដើរ។
«គ្រប់យ៉ាង​ដែលជា​ឧបសគ្គ អាច​ប្រែ​ទៅជា​ប្រយោជន៍​របស់ខ្លួន ដូច្នេះ​ចូរ​ទទួលយក​នូវ​អ្វី​ដែលជា​របស់ខ្លួន ស្វែងយល់​អំពី​សក្ដានុពល​របស់ខ្លួន និង​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព» Gelgi និយាយ​ដូច្នេះ។

លោក Craig Glenday និពន្ធ​នាយក​នៃ​សៀវភៅ​កំណត់ត្រា​ពិភព​ហ្គី​ណេ​ស ថ្លែងថា៖ «ពិត​ជាមាន​កិត្តិយស នៅពេល​បានទទួល​ស្វាគមន៍ Rumeysa ដែល​បាន​ត្រលប់​មកកាន់​កំណត់ត្រា​ពិភពលោក។ ស្មារតី​រឹងមាំ និង​មោទកភាព​លើ​ខ្លួនឯង​នៅពេល​បង្ហាញខ្លួន​នៅ​ចំពោះមុខ​សាធារណជន​របស់​នាង​គឺជា​ប្រភព​ថាមពល​សម្រាប់​លើកទឹកចិត្ត​ដល់​គ្រប់គ្នា»។

បុរស​ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​គឺ Sultan Kosen ក៏​ជា​ពលរដ្ឋ​មកពី ប្រទេស​តួ​ក​គឺ ដោយមាន​កម្ពស់ 2.51 ម៉ែត្រ។ អង្គការ​ហ្គី​ណេ​ស ឱ្យដឹងថា តំណែង​ជា​បុរស និង​ស្ត្រី​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ដែល​សុទ្ធតែជា​ពលរដ្ឋ​របស់​ប្រទេស​តែមួយ​គឺជា «រឿង​កម្រ​ជួបប្រទះ»។

ករណី​ដូចគ្នានេះ បាន​កើតឡើង​កាលពី​ឆ្នាំ 2009។ កាលណោះ Bao Xishun មាន​កម្ពស់ 2.36 ម៉ែត្រ និង Yao Defen មាន​កម្ពស់ 2.33 ម៉ែត្រ មកពី ប្រទេស​ចិន សុទ្ធតែ​គ្រប់គ្រង​តំណែង​បុរស និង​ស្ត្រី​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ពិ​ភ​លោក។

ស្ត្រី​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក​ដែល​ធ្លាប់​ត្រូវបាន ហ្គី​ណេ​ស ទទួលស្គាល់​គឺ Zeng Jinlian មកពី ប្រទេស​ចិន ដោយមាន​កម្ពស់​ជាង 2.46 ម៉ែត្រ ប៉ុន្តែ ស្ត្រី​រូបនេះ​បានទទួល​មរណភាព​កាលពី​ឆ្នាំ 1982 ទៅហើយ៕

Advertisement