គ្រូ​វេទមន្ត ទទួលបាន​ប្រាក់បៀវត្ស​សរុប 368,000 ដុល្លារ​អាម៉េរិក ជា​ថ្នូរ​នឹង​សកម្មភាព​ប្រោះព្រំ​វេទមន្ត​ដល់ទី​ក្រុង

(នូ​វែ​ល​សេ​ឡង់)-គ្រូមន្តអាគម​ម្នាក់​បាន​ចុះ​កិច្ចព្រមព្រៀង និង​ទទួលបាន​ប្រាក់បៀវត្ស​ចំនួន 11,300 ដុល្លារ​អាម៉េរិក/ឆ្នាំ ជា​ថ្នូរ​នឹង​ការ «ប្រោះព្រំ​វេទមន្ត» ដល់ទី​ក្រុង Christchurch ក្នុង​រយៈពេល 2 ទសវត្សរ៍​កន្លង។

ក្រុមប្រឹក្សា​ទី Christchurch នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃទី 09 តុលា បានប្រកាសថា នឹង​បញ្ចប់​កិច្ចសន្យា​ជាមួយ Wizard (គ្រូ​វេទមន្ត) របស់​ទីក្រុង​នេះ នៅ​ចុងឆ្នាំ 2021។ ខ្ទង់​ប្រាក់ខែ​ចុងក្រោយ​នឹងត្រូវ​បាន​ទូទាត់​នៅក្នុង​ខែធ្នូ​ខាងមុខ។

ឈ្មោះ​ផ្លូវការ​របស់រាជគ្រូ Wizard គឺ Brackenbury Channell អាយុ 88 ឆ្នាំ កើត​នៅ ប្រទេស​អង់គ្លេស បានចាប់ផ្ដើម​សកម្មភាព​ប្រើប្រាស់​វេទមន្ត និង​សិល្បៈ​កំសាន្ត​នៅ​ទីសាធារណៈ នៅពេល​ទៅដល់ ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​ឆ្នាំ 1976។

ឆ្នាំ 1982 សមាគម​នាយក​វិចិត្រសាល​សិល្បៈ​នូ​វែ​ល​សេ​ឡង់ (New Zealand Art Gallery Directors Association) បានប្រកាស​តែងតាំង​លោក Brackenbury Channell ជា​ស្នាដៃ​សិល្បៈ​រស់ ហើយ​ក្រោយមក នៅ​ឆ្នាំ 1990 នាយករដ្ឋមន្ត្រី​របស់ នូ​វែ​ល​សេ​ឡង់ កាលណោះ​គឺ Mike Moore បានស្នើ​ឱ្យ​លោក​ធ្វើជា​រាជគ្រូ​នៃ​ប្រទេស​នេះ។

«ខ្ញុំ​បារម្ភ​ថា មន្តអាគម​របស់លោក មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅ​ទូទាំងប្រទេស។ ដូច្នេះ ខ្ញុំ​ស្នើឱ្យ​លោក​ប្រញាប់​ពិចារណា​អំពី​សំណើ​តែងតាំង​ជា​រាជគ្រូ​របស់ នូ​វែ​ល​សេ​ឡង់, អង់​តាក​តិក​នៃ​នូ​វែ​ល​សេ​ឡង់ (Antarctica New Zealand) និង​តំបន់​សមុទ្រ​ដែល​ជាប់ទាក់ទង។ ប្រាកដ​ណាស់​ថា មន្តអាគម​នានា មាន​ឥទ្ធិពល​លើ​អំពើ​អាប​ធ្មប់ បណ្ដាសា និង​បញ្ហា​ជំនឿ​អរូបី​ផ្សេងទៀត​ដែល​ស្ថិត​នៅក្រៅ​សមត្ថកិច្ច​របស់​នាយក​រដ្ឋមន្ត្រី» Mike Moore កាលណោះ​ថ្លែង​ដូច្នេះ។

តាំងពី​ពេលនោះ​មក Channell ក៏​ចាប់​ផ្ដើមធ្វើ​សកម្មភាព​សម្ដែងឫទ្ធិ​នៅ​ទីក្រុង Christchurch ដើម្បី​បួងសួង​សុំ​ទឹកភ្លៀង​នៅ នូ​វែ​ល​សេ​ឡង់ និង អូស្ត្រាលី។ លោក​ក៏​ធ្លាប់​ទទួលបាន​មេដាយ​បម្រើ​មហាក្សត្រី អង់គ្លេស កាលពី​ឆ្នាំ 2009 ផងដែរ។

រាជគ្រូ Brackenbury Channell នៅ​ឯ​មជ្ឈមណ្ឌលសិល្បៈ Christchurch កាល​ពីថ្ងៃទី 15 តុលា

រាជគ្រូ Brackenbury Channell បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង Christchurch ចាប់តាំងពី​ឆ្នាំ 1998 ដើម្បី «ផ្ដល់​សេវាកម្ម​វេទមន្ត និង​សេវាកម្ម​ដទៃទៀត​ដែល​ប្រហាក់ប្រហែល​នឹង​វេទមន្ត ដែល​ដូច​ទៅនឹង​ផ្នែក​មួយ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សម្រាប់​ទីក្រុង Christchurch» ដោយ​ទទួលបាន​ប្រាក់​បៀរ​វត្ស 16,000 ដុល្លារ​នូ​វែ​ល​សេ​ឡង់ (11,300 ដុល្លារ​អាម៉េរិក)/ឆ្នាំ រយៈពេល 23 ឆ្នាំ​កន្លង។ ទឹកប្រាក់​សរុប​ដែល Channell បានទទួល​ក្នុងអំឡុង​ពេលនោះ ស្មោះ​នឹង 368,000 ដុល្លារ​អាម៉េរិក។

ថ្មីៗនេះ ក្រុមប្រឹក្សា​ទីក្រុង បានប្រកាសថា បាន​ផ្ញើលិខិត​ទៅ​អរគុណ​លោក Channell ចំពោះ​ការលះបង់​របស់លោក​នៅ​ក្នុង​កិច្ច​ការបម្រើ​ទីក្រុង​អស់​រយៈពេល​ជាង 20 ឆ្នាំ​កន្លង ទន្ទឹមនឹងនេះ​ក៏បាន​ប្រកាសថា ជិត​បញ្ចប់​កិច្ចសន្យា​ជាមួយ​រាជគ្រូ​នេះ​ផងដែរ នេះ​បើតាម​អ្នកនាំពាក្យ Lynn McClelland។ លោកស្រី​និយាយ​បន្ថែមថា ក្រុមប្រឹក្សា​ក្រុង មានការ​ច្របូកច្របល់​ចិត្ត​នៅពេល​សម្រេច​បញ្ចប់​កិច្ចសន្យា​នេះ ប៉ុន្តែ បាន​សង្កត់ធ្ងន់ថា លោក Channell «នៅតែ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់ Christchurch»។

ទីក្រុង​នេះ​កំពុងតែ​ជំរុញ​វិស័យ​ទេសចរណ៍​ទៅតាម​ទិសដៅ​ថ្មី បង្ហាញថា​ជា «ទីក្រុង​មមាញឹក សម្បូរបែប ទាន់សម័យ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​និង​ក្រៅប្រទេស​មក​ទស្សនា ព្រមទាំង​ទាក់ទាញ​ក្រុមហ៊ុនថ្មីៗ និង​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ខ្ពស់ ចូលមក​បណ្ដាក់ទុន និង​ធ្វើការ»។

លោក Channell ឱ្យដឹងថា ការដែល​ក្រុមប្រឹក្សា​ក្រុង​បញ្ចប់​កិច្ចព្រមព្រៀង​នេះ ក៏​ព្រោះតែ​យល់ថា លោក​លែង​សមស្រប​នឹង​រូបភាព​ថ្មី​របស់​ទីក្រុង។ លោក​និយាយថា លោក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ចូលចិត្ត​បង្កហេតុ។

លោក Channell ជា​បុគ្គល​ដែលមាន​គេ​ស្គាល់​ច្រើន​នៅ​ទីក្រុង Christchurch ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​មិនសូវ​បានបង្ហាញ​ខ្លួន​នៅ​ទីសាធារណៈ។ លោក​ឱ្យដឹងថា មូលហេតុ​គឺ​ដោយសារ​ក្រុមប្រឹក្សា​ធ្វើឱ្យ​លោក​អវត្តមាន​ច្រើនជាង​មុន និង​មិនបាន​ឆ្លើយតប​នឹង​សំណើ​កែលម្អ​វិស័យ​ទេសចរណ៍​ដែល​លោក​លើកឡើង។

Lianne Dalziel (អភិបាល​ក្រុង​ Christchurch បច្ចុប្បន្ន​) និង​រាជគ្រូ Brackenbury Channell

ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមប្រឹក្សា​ក្រុង មជ្ឈមណ្ឌល​សិល្បៈ Christchurch នឹង​ប្រារព្ធ​ពិធី​តាំងពិព័រណ៍​មួយ​ស្ដីពី​ដំណើរ​ជីវិត​របស់​រាជគ្រូ​រូបនេះ​នៅក្នុង​ខែតុលា។

នៅពេល​ត្រូវបាន​សួរថា «តើ​លោក​បានដាក់​បណ្ដាសា​ដល់​ក្រុមប្រឹក្សា​ក្រុង ព្រោះតែ​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​លោក ឬទេ?» លោក Channell ឆ្លើយថា លោក «ចូលចិត្ត​ជូនពរ​ជាង»៕

Advertisement