ជាងភ្លើង​កាត់​ប្រដាប់ភេទ​របស់​មនុស្ស​ជិត​ 10 នាក់ នៅ អាល្លឺម៉ង់

ជនជាប់ចោទ (បាំងមុខ) នៅក្នុងសវនាការកាលពីថ្ងៃទី 28 តុលា

(អាល្លឺម៉ង់)- ជាងភ្លើង​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត ដោយសារ​អះអាងថា​ខ្លួន​ជា​អ្នកឯកទេស​ផ្នែក​សុខាភិបាល និង​បាន​កាត់ចោល​ប្រដាប់ភេទ​របស់​បុរស​ជាច្រើន​នាក់។

នៅក្នុង​សវនាការ​មួយនា​ទីក្រុង Munich កាលពី​ថ្ងៃទី 28 តុលា ជាងភ្លើង​ម្នាក់​អាយុ 66 ឆ្នាំ បាន​សារភាពថា បាន​កាត់ចោល​ប្រដាប់ភេទ​របស់​បុរស​ចំនួន 8 នាក់ ចាប់តាំងពី​ខែកក្កដា ឆ្នាំ 2018 ដល់​ខែមីនា ឆ្នាំ 2020។ ជនជាប់ចោទ​នេះ​បាន​​និយាយ​ថា ខ្លួន​បានធ្វើការ​វះកាត់​ទៅតាម​សំណើ​របស់​មនុស្ស​ទាំងនោះ។

ជននេះ​ក៏បាន​បដិសេធ​លើ​ការចោទប្រកាន់​ដែលថា ខ្លួន​បានធ្វើឱ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត​ក្រោយពី​ទទួល​ការវះកាត់។ 3 សប្ដាហ៍​បន្ទាប់មក ប៉ូលិស​បាន​រកឃើញ​សាកសព​នៅក្នុង​ធុង​មួយ។

ដំបូង​ឡើយ ជនជាប់ចោទ បានប្រកាស​លក់ខ្លួន​នៅលើ​គេហទំព័រ​របស់​ក្រុមសង្គមងងឹត​នានា​ដើម្បី​រកប្រាក់​មក​សងបំណុល។ ក្រោយមក ជននេះ​បាន​អះអាងថា ខ្លួន​ជា​គ្រូពេទ្យ​ឯកទេស ហើយ​បានធ្វើ​ការវះកាត់​ប្រដាប់ភេទ​នៅក្នុង​ផ្ទះបាយ​របស់ខ្លួន នៅឯ​ទីរួមស្រុក Markt Schwaben។

ចៅក្រម​បាន​ចោទ​ជនសង្ស័យ​នេះ​ពីបទ​មនុស្សឃាត ព្រោះតែ​មិនបាន​ហៅ​ឡានពេទ្យ​សង្គ្រោះបន្ទាន់ រួម​នឹង​បទ​ចោទ​បង្ក​របួស​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​អ្នកដទៃ៕

Advertisement