លប​បើក​ត្របកភ្នែក​របស់​អតីត​សង្សារ ដើម្បី​លួច​ផ្ទេរប្រាក់​រាប់ម៉ឺន​ដុល្លារ យកទៅ​ដោះបំណុល

(ប្រទេស​ចិន)-បុរស​ម្នាក់​នៅក្នុង ខេត្ត​ក្វាង​ស៊ី (Quangxi) ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​ពីបទ​លួច​លុយ​ពី​ទូរស័ព្ទ​របស់​អតីត​សង្សារ ដោយ​ប្រើប្រាស់​មុខងារ​ស្កេ​ន​ផ្ទៃមុខ។

បុរស​ត្រកូល ហ្វា​ង (Huang) អាយុ ២៨ ឆ្នាំ នៅ ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន កាលពី​ថ្ងៃទី ១១ ធ្នូ ២០២១ ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ ៣.៦ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០,០០០ យុន (៣,១៤០ ដុល្លារ)។ កាលពី​ខែធ្នូ ឆ្នាំ ២០២០ នៅពេល​ជំពាក់​បំណុល​គេ​វ័ណ្ឌក ឈ្មោះ ហ្វា​ង ក៏បាន​ទូរស័ព្ទ​ទៅ​អតីត​មិត្តស្រី​របស់ខ្លួន​ដែលមាន​ត្រកូល ដុង (Dong)។

ហ្វា​ង និយាយថា ចង់​ជួប ដុង ដើម្បី​ជជែក​អំពី​វិធី​សងបំណុល ៦០,០០០ យុន (៩,៤០០ ដុល្លារ) ដែល​បុរស​នេះ​បាន​ខ្ចី​កាលពី​ពួកគេ​នៅ​ស្រលាញ់គ្នា។ ល្ងាច​នោះ ហ្វា​ង បាន​ទៅ​ថែទាំ ដុង បន្ទាប់ពី​បានដឹងថា នាង​កំពុង​ឈឺ ព្រមទាំង​បាន​ដាំ​ស្ល និង​ឱ្យ​នាង​លេបថ្នាំ។

ក្រោយពី​បាន​លេបថ្នាំ ដុង ក៏​គេង​លក់​យ៉ាង​ស្កប់ស្កល់។ ពេលនោះ ហ្វា​ង ក៏បាន​ដោះ​សោ​ទូរស័ព្ទ​ដោយ​ស្កេ​ន​ក្រយៅដៃ​របស់​នាង រួច​ក៏​បើក​ត្របកភ្នែក​របស់​នារី​រូបនេះ​ដើម្បី​ដំណើរការ​បច្ចេកវិទ្យា​ស្កេ​ត​ផ្ទៃមុខ ហើយក៏​ផ្ទេរប្រាក់ ១៥០,០០០ យុន (២៣,០០០ ដុល្លារ) ពី​កាបូប​ឌីជីថល Alibaba របស់​នាង ចូលទៅ​គណនី​ធនាគារ​របស់ខ្លួន។

មុនពេល​គេចខ្លួន ជននេះ​ថែមទាំង​បាន​លួច​យក​ទូរស័ព្ទ និង​អាវ​ក្រៅ​របស់​នារី​រងគ្រោះ ដើម្បី​លក់​យកប្រាក់​សងបំណុល​ល្បែង។ ថ្ងៃ​បន្ទាប់ ពេល​ដឹងខ្លួន ដុង បានឃើញ​ទូរស័ព្ទ​ផ្សេង​មួយគ្រឿង​ដែល​បង្ហាញ​សារ​អំពី​ការផ្ទេរ​ប្រាក់។ នាង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ក្រោយពី​ហៅ​ទូរស័ព្ទ​ទៅកាន់ ហ្វា​ង ប៉ុន្តែ ជននេះ​មិន​លើក។ ជនដៃដល់​ឈ្មោះ ហ្វា​ង ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា ឆ្នាំ ២០២១៕

Advertisement