ព្រាន​បាញ់​ត្រូវ​ជ្រូកព្រៃ​មួយ​គ្រាប់ ប៉ុន្តែ ត្រូវស្លាប់​ខ្លួនឯង​នៅ​នឹង​មុខ​ឪពុក ព្រោះតែ​ជ្រូក​ងាក​មក​សងសឹក

ក្រុម​អ្នកសង្គ្រោះ​បន្ទាន់​នៅ​កន្លែង​កើត​ហេតុ

(អ៊ីតាលី)-Giulio Burattini ដែលជា​ព្រានព្រៃ​ក្នុង​តំបន់ Tuscan បាន​បាញ់​ចំ​ជ្រូកព្រៃ​មួយ​ក្បាល ប៉ុន្តែ ត្រូវ​ជ្រូកព្រៃ​នោះ​បែរក្រោយ រត់​សំដៅ​មក​ខាំ​ត្រង់​ជើង ធ្វើ​ឱ្យដាច់​សរសៃឈាម​ត្រគាក និង​ស្លាប់បាត់​បង់ជីវិត។

Burattini អាយុ ៣៦ ឆ្នាំ កាលពី​ថ្ងៃទី ១៩ មករា បាន​ចេញទៅ​បរបាញ់​សត្វព្រៃ​ជាមួយ​ឪពុក នៅក្នុង​ព្រៃ Tuscan ភាគ​កណ្ដាល​នៃ ប្រទេស​អ៊ីតាលី។ Burattini បានឃើញ​ជ្រូកព្រៃ​មួយ​ក្បាល ហើយក៏​បាន​បាញ់​នឹង​កាំភ្លើង​មួយ​គ្រាប់ ធ្វើឱ្យ​ជ្រូកព្រៃ​នោះ​ដួល​ទៅលើ​ដី។

ដោយ​ស្មានថា​ជ្រូកព្រៃ​នេះ​ងាប់ Burattini ក៏​ចូលទៅ​ក្បែរ។ ប៉ុន្តែ ភ្លាមនោះ​ជ្រូកព្រៃ​ក៏បាន​ក្រោកឈរ និង​រត់​ចូលមក​ខាំ​គាត់​ទៅវិញ។ បុរស​ជា​ឪ​ទុក​ដែល​ឈរ​នៅក្បែរ បានត្រឹមតែ​ស្រែកហៅ​គេ​ឱ្យជួយ​ក្នុង​ក្ដី​អស់សង្ឃឹម។

ស្នាម​ខាំ​របស់​ជ្រូកព្រៃ ធ្វើ​ឱ្យដាច់​សរសៃឈាម​ធំ​ត្រង់​ត្រគាក។ Burattini នៅតែ​មិនអាចរ​ស់បាន បើទោះជា​ក្រុម​សង្គ្រោះបាន​មកដល់​កន្លែង​កើតហេតុ និង​ជួយ​ស្រោចស្រង់។ បុរស​ជា​ឪ​ទុក​មានការ​រន្ធត់​ខ្លាំង ស្ទើរ​បាត់បង់​ស្មារតី ហើយក៏​ត្រូវបាន​ព្យាបាល​នៅនឹងកន្លែង។

នៅ​តំបន់​ជនបទ​នៃ ប្រទេស​អ៊ីតាលី ការ​បរបាញ់​ជ្រូកព្រៃ​គឺជា​កីឡា​ពេញនិយម ហើយ​សាច់​ជ្រូកព្រៃ​ក៏​ជា​អាហារ​ដែល​ពួកគេ​ចូលចិត្ត។ Coldiretti ដែលជា​សមាគម​កសិក​ម្ម​ធំ​បំផុត​របស់ អ៊ីតាលី បានឱ្យដឹងថា ជ្រូកព្រៃ​ប្រមាណ​ជាង ២ លាន​ក្បាល កំពុង​រស់នៅ​ក្នុងព្រៃ​នៃ​ប្រទេស​នេះ៕

Advertisement