ចោរ​ប្រដាប់អាវុធ ជូន​ប្រាក់ និង​រៀបរាប់​រឿងរ៉ាវ​ប្រាប់​ដល់​ម្ចាស់ផ្ទះ ពេល​ត្រូវ​តាម​ទាន់

ក្រុម​ប៉ូលិស​កំពុង​បំពេញ​ភារកិច្ច​នៅ​ Arizona កាលពី​ឆ្នាំ​ ២០២០

(សហរដ្ឋ​អាម៉េរិក)-ចោរ​ម្នាក់​ដែល​ប្រើប្រាស់​កាំភ្លើង AR-១៥ បាន​លួច​ចូលក្នុង​ផ្ទះមួយ​ខ្នង​នៅក្នុង​រដ្ឋ New Mexico ប៉ុន្តែ​ត្រូវគេ​តាម​ទាន់ ភ្លាមនោះ​ជននេះ​ក៏បាន​ជូន​ប្រាក់​ដល់​ម្ចាស់ផ្ទះ​ចំនួន ២០០ ដុល្លារ។

អធិការ​ប៉ូលិស​ស្រុក Santa Fe ដែល​ស្ថិតក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាម៉េរិក ថ្ងៃនេះ បានឱ្យដឹងថា បុរស​ម្នាក់​ដែល​កាន់​កាំភ្លើង AR-១៥ ១ ដើម បាន​លួច​ចូលទៅក្នុង​ផ្ទះមួយ​ខ្នង​នៅក្នុង​តំបន់ និង​ដេក​ស៊ីចុក​នៅទីនេះ។

បន្ទាប់ពី​ត្រូវ​ម្ចាស់ផ្ទះ​តាម​ទាន់ ជន​ជា​ចោរ​នេះ​មិនបាន​គំរាម ឬ​យក​របស់របរ​អ្វី​ពីក្នុងផ្ទះ​នេះដែរ។ ជំនួស​មកវិញ ជននេះ​បាន​ជូន​ប្រាក់ ២០០ ដុល្លារ ដល់​ម្ចាស់ផ្ទះ​ដើម្បី​សង​ថ្លៃ​បង្អួច​ដែល​ខ្លួន​បានធ្វើឱ្យ​បែកបាក់។ នេះ​បើតាម​ការ​ឱ្យដឹងពី​សម​ត្ថ​កិច្ច​ក្នុង​តំបន់។

ជនជាប់សង្ស័យ​ដែលមាន​អាយុ​ជាង ២០ ឆ្នាំ និង​កម្ពស់​ប្រហែល ១.៨ ម៉ែត្រ ក៏​ថែមទាំង​បាន​និយាយ​រៀបរាប់​រឿងរ៉ាវ​របស់ខ្លួន​ប្រាប់​ម្ចាស់ផ្ទះ​ទៀតផង។ ជននេះ​ប្រាប់ថា ខ្លួន​កំពុង​រត់គេច​ពី​ការ​តាម​សម្លាប់ ខណៈដែល​សមាជិកគ្រួសា​រ​របស់គាត់​ត្រូវគេ​បាញ់ប្រហារ​នៅ​តំបន់​ខាងកើត​នៃ​រដ្ឋ Texas ហើយ​រថយន្ត​របស់គាត់​ក៏ត្រូវ​ខូច។

«ចោរ​នេះ​ពិតជា​មានការ​ខ្មាសអៀន និង​ដឹង​កំហុស​ចំពោះ​ហេតុការណ៍​នេះ» អាជ្ញាធរ​ក្នុង​តំបន់​ដកស្រង់​សម្ដី​ម្ចាស់ផ្ទះ​ឱ្យដឹង​ដូច្នេះ។

ក្រោយពី​បាន​សុំទោស​ម្ចាស់ផ្ទះ ចោរ​នេះ​ក៏បាន​ចាក​ចេញទៅ​ជាមួយនឹង​កាបូប​ចាស់ និង​កាំភ្លើង​មួយ​ដើម។ ជននេះ​ត្រូវបាន​ម្ចាស់ផ្ទះ​ជឿថា បាន​ប្រើប្រាស់​របស់របរ​នៅក្នុង​ផ្ទះ​របស់គាត់​ប្រហែល ១៥ ដុល្លារ។ ប៉ូលិស​បាននាំគ្នា​តាមរក​ជនសង្ស័យ ប៉ុន្តែ​មិនទាន់​រកឃើញ​នៅឡើយ៕

Advertisement