គ្រូ​​បុរាណ​​ដំ​​ដែក​គោល​​លើ​​ក្បាល​​ស្ត្រី​​ពពោះ​ ដើម្បី​​ធានា​ថា ​កូន​​ក្នុង​​ផ្ទៃ​​នឹង​…

(ប៉ា​គី​ស្ថាន)-ស្ត្រី​មាន​ផ្ទៃពោះ​ម្នា​ក់នៅ​ទីក្រុង Peshawar ត្រូវ​គ្រូ​បុរាណ​ម្នាក់​ដំ​ដែកគោល​ប្រវែង ៥ ស.ម ទៅលើ​ក្បាល ដើម្បី «ធានាថា កូន​កើតមក​នឹង​ជា​កូនប្រុស» បើទោះជា​បានដឹងថា ទារក​ក្នុង​ផ្ទៃ​គឺជា​កូនស្រី។

វេជ្ជបណ្ឌិត Haider Khan នៅ​ទីក្រុង Peshawar ភាគ​ខាងជើង​ប្រទេស​ប៉ា​គិ​ស្ថាន ថ្ងៃនេះ (៩ កុម្ភៈ) បានឱ្យដឹងថា ស្ត្រី​ពពោះ​នេះ​បានមក​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​របួស បន្ទាប់ពី​បាន​ព្យាយាម​ប្រើប្រាស់​ដង្កាប់​ដក​ដែកគោល​ចេញពី​ក្បាល ប៉ុន្តែ​មិនបាន​សម្រេច។

«នាង​នៅមាន​ស្មារតី​ល្អ ប៉ុន្តែ មានការ​ឈឺចាប់​ខ្លាំង» វេជ្ជបណ្ឌិត Khan ដែលជា​អ្នក​វះកាត់​យក​ដែកគោ​លពី​ក្បាល​របស់​ស្ត្រី​នោះ និយាយ​ដូច្នេះ។

ស្ត្រី​រូបនេះ មានកូន​ស្រី ៣ នាក់​រួចហើយ និង​កំពុង​ពពោះ​កូនស្រី​ទី ។ រូបភាព​ថត​ដោយ​កាំរស្មី X បាន​បង្ហាញថា ដែកគោល​ប្រវែង ៥ ស.ម ត្រូវបាន​ដំ​ទម្លុះ​ត្រង់​ថ្ងាស់ ប៉ុន្តែ សំណាងល្អ​ណាស់ ព្រោះ​មិន​ប៉ះពាល់​ដល់​ខួរក្បាល។

វេជ្ជបណ្ឌិត​និយាយថា អ្នក​ដែល​បាន​ដំ​ដែកគោល​លើ​ក្បាល​ស្ត្រី​រូបនេះ ប្រាកដជា​បាន​ប្រើប្រាស់​ពូថៅ ឬ​របស់​ធ្ងន់​អ្វីមួយ។ ដំបូង​ឡើយ ស្ត្រី​រងគ្រោះ​និយាយថា នាង​ដំ​ដែកគោល​ដោយ​ខ្លួនឯង​ដោយ​ធ្វើតាម​សំដី​របស់​គ្រូ​បុរាណ ប៉ុន្តែ ក្រោយមក នាង​បាន​សារភាពថា គ្រូ​បុរាណ​នោះ​គឺជា​អ្នកធ្វើ​រឿងនេះ ដើម្បី «ធានា» ថា នាង​នឹង​បង្កើតបាន​កូនប្រុស។

ស្ត្រី​រងគ្រោះ​បានចេញ​ពី​មន្ទីរពេទ្យ ក្រោយពី​បាន​ព្យាបាល​ជាសះស្បើយ។ ប៉ូលិស​តំបន់ Peshawar កំពុង​រក​វិធី​ទាក់ទង​ស្ត្រី​រូបនេះ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនដៃដល់។

>ក្មេងស្រី​អាយុ ៣ ឆ្នាំ មាន «ដែក​គោល​ ៩​ ដើម​ ជាប់​ក្នុង​ក្បាល»! ម្ដាយ​របស់​នាង​ត្រូវ​ប៉ូលិស​ហៅ​ទៅ​សួរចម្លើយ

ជនជាតិ​ប៉ា​គី​ស្ថាន និង​ប្រទេស​មួយចំនួន​នៅ អាស៊ី​ខាងត្បូង មានជំនឿថា កូនប្រុស​នឹង​ធានា​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ឪពុកម្ដាយ​បានល្អ​ជាង​កូនស្រី។ គ្រូ​បុរាណ​ដែល​ព្យាបាល​ជំងឺ​ដោយ​វិធីសាស្ត្រ​ប្រឆាំងនឹង​វិទ្យាសាស្ត្រ នៅតែ​កើតមាន​ច្រើន​នៅឡើយ នៅក្នុង ប្រទេស​ប៉ា​គី​ស្ថាន៕

Advertisement