បាតុភូត «បង្គោល​ពន្លឺ» រាប់សិប ដែល​ចាក់​ឡើង​ត្រង់​ទៅលើ​មេឃ ក្នុង​រាត្រី​ត្រជាក់​ខ្លាំង

(កាណាដា)-បាតុភូត​បង្គោល​ពន្លឺ​កម្រ​ឃើញ បានបង្ហាញ​ខ្លួន​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត Manitoba ក្នុងពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង និង​មិនមាន​ខ្យល់។

Mark Matwick ​ដែល​ជា​បុគ្គលិក​នៅ​ស្ថានីយ​ប្ដូរ​ចរន្តអគ្គិសនី Keewatinohk ក្បែរ​ទីរួមស្រុក Gillam ភាគ​ខាងជើង​ខេត្ត Manitoba របស់ កាណាដា ថត​បាន​រូបភាព​នៃ​បាតុភូត​បង្គោល​ពន្លឺ​រាប់សិប​ដែល​កំពុង​ចាក់​ឡើង​ត្រង់​ទៅលើ​មេឃ។ នេះ​បើតាម​សារព័ត៌មាន Newsweek ចេញផ្សាយ​កាលពី​ថ្ងៃទី ២៨ កុម្ភៈ។

ក្រុមហ៊ុន​ថាមពល Manitoba Hydro ដែលជា​ស្ថាប័ន​គ្រប់គ្រង​ស្ថានីយ Keewatinohk បានឱ្យដឹងថា បាតុភូត​ចម្លែក​នេះ​ត្រូវបាន​ហៅថា បង្គោល​ពន្លឺ។ នេះ​គឺជា​បាតុភូត​កម្រ​ជួប ប៉ុន្តែ ជួនកាល​កើតមានឡើង​នៅ​ភាគ​ខាងជើង Manitoba ជាទី​ដែល​អាកាសធាតុ​តែងតែ​ចុះ​ត្រជាក់​ខ្លាំង សមស្រប​សម្រាប់​បង្គោល​ពន្លឺ​បង្ហាញខ្លួន។

បង្គោល​ពន្លឺ​នេះ​គឺជា​លទ្ធផល​ដែល​កើតឡើង​ដោយសារ​គ្រាប់​ល្អិត​នៃ​ទឹកកក​ក្នុង​បរិយាកាស ធ្វើ​សកម្មភាព​ដូច​ទៅនឹង​កញ្ចក់​ឆ្លុះ ហើយ​ចាំង​ប្លាត​ពន្លឺ​ដែល​ចេញពី​ប្រភព​នៅ​ខាងក្រោម ក្នុង​លក្ខខណ្ឌ​បរិយាកាស​ពេលយប់​ចុះ​ត្រជាក់​ខ្លាំង និង​មិនមាន​ខ្យល់។

Advertisement