ដាក់ទោស​មន្ត្រី ១១ រូប ព្រោះតែ​បាន​បណ្ដោយឱ្យ​គ្រួសារ​មួយ​ អាច​បង្កើតកូន​បាន​រហូតដល់ ១៥ នាក់

គ្រួសារ​លោក​តា Liang Er និង អ្នកស្រី Lu Honglan

(ប្រទេស​ចិន)-មន្ត្រី​នៅ​ខេត្ត Guangxi បានដាក់​ពិន័យ​លើ​មន្ត្រី​ថ្នាក់ស្រុក ១១ រូប ដោយសារ​ខ្វះ​ការទទួលខុសត្រូវ បណ្ដោយឱ្យ​ប្ដី​ប្រពន្ធ​មួយគូ បង្កើតកូន​បាន​រហូតដល់ ១៥ នាក់ ក្នុង​រយៈពេល ២ ទសវត្សរ៍។

លោកតា Liang Er អាយុ ៧៦ ឆ្នាំ និង​លោក​អ្នកស្រី Lu Honglan អាយុ ៤៦ ឆ្នាំ នៅក្នុង​ភូមិ​ក្រីក្រ​មួយ​ក្នុងស្រុក Rong នៃ​ខេត្ត Guangxi បង្កើតបាន​កូនប្រុស ៤ នាក់ និង​កូនស្រី ១១ នាក់ ចាប់ពី​ឆ្នាំ ១៩៩៥ ដល់ ២០១៦ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរខេត្ត Guangxi កាលពី​ថ្ងៃទី ២០ មីនា ២០២២។

នោះ​គឺជា​អំឡុង​ពេលដែល​អាជ្ញាធរ​ចិន អនុវត្ត​គោលនយោបាយ​កូន​មួយ​យ៉ាង​តឹងរ៉ឹង ហើយ​ក្រោយមក​ក៏បាន​បន្ធូរបន្ថយ ដោយ​ប្ដី​ប្រពន្ធ ១ គូ អាចបង្កើត​កូន​បាន ២នាក់។ បច្ចុប្បន្ន ប្រទេស​ចិន បានអនុញ្ញាត​ឱ្យ​គ្រួសារ ១ គ្រួ អាចបង្កើត​កូន​បាន ៣ នាក់ នៅក្នុង​គ្រា​ដែល​អត្រា​បង្កើតកូន​កំពុង​ថយចុះ និង​អត្រា​មនុស្ស​ចាស់​កើនឡើង​ខ្ពស់។

លោក​តា Liang Er

ក្រុមមន្ត្រី​ថ្នាក់​ខេត្ត​របស់ Guangxi សម្រេចចិត្ត​ធ្វើការ​ទិតៀន និង​ព្រមាន​ចំពោះ​មន្ត្រី​ថ្នាក់ស្រុក ១១ រូប ដែល​គ្រប់គ្រង​តំបន់​រស់នៅ​របស់​គ្រួសារ​ខាងលើ ដោយ​យល់ថា ពួកគេ​បានបង្ហាញ​អំពី​ការមិន​យកចិត្តទុកដាក់ មិនមាន​ការទទួលខុសត្រូវ​នៅពេល​គ្រប់គ្រង​លិខិតស្នាម​អាពាហ៍ពិពាហ៍ និង​គ្រប់គ្រង​ប្រជាជន​ក្នុងករណី​របស់​គ្រួសារ​លោកតា Liang។

លោកតា Liang និង អ្នកស្រី Lu មិនបាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​នោះទេ ប៉ុន្តែ បានរស់នៅ និង​មានកូន​ជាមួយគ្នា។ រឿងរ៉ាវ​នេះ​ត្រូវបាន​បើក​កកាយ​បន្ទាប់ពី​មានការ​សង្ស័យថា អ្នកស្រី Lu ត្រូវបាន​ចាប់បង្ខំ​ឱ្យ​រៀបការ​ដោយ​មិន​ស្របច្បាប់។

«ខ្ញុំ​បាន​រំលោភ​លើ​គោលនយោបាយ​ផែនការ​គ្រួសារ ប៉ុន្តែ អាជ្ញាធរ​មិនបាន​បោះបង់ចោល​ខ្ញុំ​ទេ។ សមាជិក​ទាំងអស់​រប​ស់​គ្រួសារ បច្ចុប្បន្ន​ទទួលបាន​ជំនួយ​ផ្នែក​អប់រំ និង​ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ» លោកតា Liang បាន​ប្រាប់​សារព័ត៌មាន​កាលពី​ឆ្នាំ ២០១៨។

លំនៅឋានរបស់​គ្រួសារ​លោក​តា Liang Er

បច្ចុប្បន្ន កូនៗរបស់​លោកតា Liang ធំ​ឡើង​ដោយមាន​សុខភាព​ល្អ មាន​លិខិតស្នាម​ស្របច្បាប់ ហើយ ៤ នាក់ ក្នុងចំណោម​កូន​ទាំង ១៥ នាក់ មានការ​ងារ​ធ្វើ ចំណែក​ក្រៅពីនេះ កំពុង​នៅ​សិក្សា៕

Advertisement