«នំ​សូកូឡា​ដែល​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក» ​ជា​កំណត់​ត្រា​ថ្មី​ បង្កើត​ឡើង​​ក្នុង​​ប្រទេស​មួយ​​នៅ​​តំបន់​​អាម៉េរិក​​ខាង​ត្បូង

កាលពី​ថ្ងៃទី ២០ មេសា ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា បង្កើតបាន​កំណត់ត្រា​ថ្មី​មួយទៀត​ស្ដីពី «នំ​សូកូឡា​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក» ដែល​ទីតាំង​នៃ​កំណត់ត្រា​នេះ​ស្ថិតនៅ​ក្នុងស្រុក Caripito រដ្ឋ Monagas ភាគ​ឦសាន​ប្រទេស។

ប្រកាស​របស់​មូលនិធិ Fundatierra ដែលជា​ស្ថាប័ន​ឧបត្ថម្ភ និង​បង្កើត​កំណត់ត្រា​ខាងលើ ឱ្យដឹងថា អង្គការ Guinness បានចេញ​លិខិត​ទទួលស្គាល់​ឯតទគ្គ​កម្ម ដោយ​នំ​សូកូឡា​ចំនួន ៤,២៨៩ បន្ទះ ត្រូវបាន​តម្រៀប​ជាប់​គ្នា​ប្រវែង ៨៥៤ ម៉ែត្រ ចាប់ផ្ដើម​ពី​បូជនីយដ្ឋាន Simon Bolivar រហូតដល់​រូបសំណាក​ព្រះ​យេស៊ូ គ្រី​ស្ត នៅតាម​បណ្ដោយ​មហាវិថី Nueva Jerusalen របស់ Caripito។

មនុស្ស​សរុប​ចំនួន ៦០៧ នាក់ បាន​ចូលរួម​ក្នុងការ​តម្រៀប​បន្ទះ​នំ​សូកូឡា​ទៅលើ​ទីតាំង​ដែល​បង្កើតបានជា​កំណត់ត្រា កាលពី​ថ្ងៃទី ១៩ មេសា។ អង្គការ Guinness ក៏បាន​បង្ហោះ​សារ​អបអរសាទរ​ចំពោះ វ៉េ​ណេ​ស៊ុយ​អេ​ឡា សម្រាប់​ឯតទគ្គ​កម្មនេះ​ផងដែរ។

បច្ចុប្បន្ន Fundatierra និង Caripito កំពុង​កាន់កាប់​ឯតទគ្គ​កម្ម​ពិភពលោក Guinness ចំនួន ៣ ផ្សេងទៀត ដែល​សុទ្ធតែ​ទាក់ទង​នឹង​នំ​សូកូឡា រួមមាន ប្រាក់​សូកូឡា​ធំ​បំផុត ទម្ងន់ ៨៧៤ គីឡូក្រាម និង​អង្កត់ផ្ចិត ២.៤ ម៉ែត្រ កម្រាស់ ២០ ស.ម (ឆ្នាំ ២០១៥), ពិធី​ភ្លក់​នំ​សូកូឡា​ដែលមាន​មនុស្ស​ចូលរួម​ច្រើន​បំផុត (ឆ្នាំ ២០១៦) ដោយមាន​មនុស្ស ៦០០ នាក់ និង​រូបភាព​បន្តុប​ដោយ​នំ​សូកូឡា​ធំជាងគេ​បំផុត ប្រវែង​ជិត ១៩ ម៉ែត្រ (២០១៧)៕

Advertisement