ឪពុក​រៀប​ផែនការ​ចាប់​កូន​យកទៅ​កប់​ទាំង​រស់ ដើម្បី​អាច​ស្វែងរកឃើញ​​កំណប់​ទ្រព្យ

ជនសង្ស័យ​ ៩ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ករណី​នេះ

(ឥណ្ឌា)-បុរស​ម្នាក់​នៅក្នុង​រដ្ឋ Maharashtra មាន​ផែនការ​កប់​កូនស្រី​របស់ខ្លួន​ទាំង​រស់ ព្រោះតែ​ជឿថា ការបូជា​យញ្ញ​នេះ​នឹង​អាច​នាំខ្លួន​ទៅកាន់​កន្លែង​មាន​លាក់​កំណប់ មុនពេល​គម្រោង​នេះ​ត្រូវបាន​ប៉ូលិស​បញ្ឈប់​ទាន់ពេល។

ប៉ូលិស​ឥណ្ឌា កាលពី​ម្សិលមិញ ឱ្យដឹងថា ក្មេងស្រី​អាយុ ១៨ ឆ្នាំ​ម្នាក់ ត្រូវបាន​ជួយសង្គ្រោះភ្លាមៗ នៅមុន​ពេល​ក្រុម​ជនសង្ស័យ​សម្លាប់​នៅក្នុង​ផ្ទះ​របស់​នាង ក្នុង​រដ្ឋ Maharashtra ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា។ ក្រុម​ជនសង្ស័យ​នេះ​មាន​គ្នា ៩ នាក់ ក្នុងនោះ​មាន​ទាំង​បុរស​ម្នាក់​ជា​ឪពុក​របស់​នារី​រងគ្រោះ និង​ម្នាក់​ជា​បព្វជិត​សាសនា​ហិណ្ឌូ ផងដែរ។

យោងតាម Dilip Bhujbal Patil អធិការនគរបាល​ខ​ណ្ឌ Yavatmal នារី​រងគ្រោះ​បាន​លួច​ស្ដាប់​ឪពុក​របស់ខ្លួន និយាយ​គ្នា​អំពី​គម្រោង​បូជាយញ្ញ ១ ម៉ោង​មុនពេល​ពិធី​បានចាប់ផ្ដើម ហើយក៏​បាន​លួច​ប្រាប់​ទៅ​មិត្តភក្ដិ​របស់​នាង។ ឪពុក​របស់​នាង​បាន​ជីករណ្ដៅ​ក្នុង​ទីលាន​ក្បែរ​ផ្ទះ​កាលពី ១ ថ្ងៃមុន​នោះ។ ជននេះ​រៀប​ផែន​ការយក​កូនស្រី​ទៅ​បូជាយញ្ញ ព្រោះតែ​ជឿថា វា​នឹង​ជួយ​ឱ្យ​ជននេះ​រកឃើញ​កំណប់។

មិត្ត​របស់​នារី​រងគ្រោះ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​ពួកគេ​បាន​សម្រុកចូល​មកដល់ នៅពេល​ក្រុមមនុស្ស ៩ នាក់ កំពុង​រៀបចំ​ពិធី។ «ពួកគេ​វិះ​នឹង​បានសម្លាប់​នាង ប៉ុន្តែ​យើង​ចាប់បាន​ភស្ដុតាង» អធិការ​ប៉ូលិស​ខណ្ឌ Yavatmal ថ្លែង​ដូច្នេះ។

ក្រុម​ជនសង្ស័យ ក្រោយមក​ក៏ត្រូវ​បាន​ចោទប្រកាន់​ពីបទ​រៀប​ផែនការ​សម្លាប់​មនុស្ស។ ការស៊ើបអង្កេត​មួយ​ផ្សេងទៀត​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង​ចំពោះ​បុរស​ជា​ឪពុក ដោយសារ​មានការ​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើ​រំលោភ​ផ្លូវភេទ​លើ​កូនស្រី។

នៅ ប្រទេស​ឥណ្ឌា ថ្វីបើ​មិនមាន​ទិន្នន័យ​ផ្លូវការ​ស្ដីពី​ចំនួន​មនុស្ស​ដែល​ត្រូវបាន​គេ​យកទៅ​បូជាយញ្ញ ប៉ុន្តែ ជា​រៀងរាល់ឆ្នាំ មាន​ក្មេង​ជាច្រើន​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ពិធី​នេះ។ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ មាន​ក្មេង ២ នាក់ ក្នុងនោះ​មាន​ម្នាក់​អាយុ ៣ ឆ្នាំ និង​ម្នាក់​អាយុ ៧ ឆ្នាំ បាន​បាត់​បង់ជីវិត​នៅក្នុង​ពិធី​នានា​ដែល​ត្រូវគេ​សង្ស័យថា ជា​ពិធី​បូជាយញ្ញ៕

Advertisement