មិនគួរ​ឱ្យ​ជឿ​សោះ! ទារក​វ័យ ៤០ ថ្ងៃ នៅ ឥណ្ឌា មាន​ផ្ទៃពោះ

ទារក​ម្នាក់​ទើបតែ​មាន​អាយុ ៤០ ថ្ងៃសោះ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទៃពោះ​ដែល​កំពុង​រីកចម្រើន។

យោងតាម Sputnik ហេតុការណ៍​ចម្លែក​នេះ​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ឪពុកម្ដាយ​របស់​ទារក​នេះ​មើលឃើញថា ពោះ​របស់​កូន​ពួកគេ​ឡើង​ធំ និង​ធ្វើឱ្យ​ពិបាក​នោម។

វេជ្ជបណ្ឌិត Tabrez Aziz នៃ​មជ្ឈមណ្ឌល​សុខាភិបាល Rahmania ក្នុង​តំបន់ Bihar បានស្នើ​ឱ្យ​ថត CT ក្រពះ​របស់​ទារក​នេះ ហើយ​លទ្ធផល​បានធ្វើឱ្យ​គ្រប់គ្នា​ស្រឡាំងកាំង។ វេជ្ជបណ្ឌិត​ឱ្យដឹងថា ពួកគេ​បានឃើញ​ទារក​ក្នុង​ផ្ទៃ​របស់​ទារក​វ័យ ៤០ ថ្ងៃនេះ កំពុងតែ​រីកចម្រើន​នៅក្នុង​ក្រពះ។

បច្ចុប្បន្ន សុខភាព​របស់​ទារក​វ័យ ៤០ ថ្ងៃ​ខាងលើ​​នេះ​បាន​ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​ការវះកាត់​ព្យាបាល ហើយ​ក៏បាន​អនុញ្ញាតឱ្យ​ចេញពី​ពេទ្យ​រួចហើយ​ដែរ។

ក្រុម​អ្នកឯកទេស​បានឱ្យដឹង​ថា បាតុភូត​ចម្លែក​នេះ​ត្រូវបាន​គេ​ហៅថា «គភ៌​ក្នុង​គភ៌» គឺជា​ស្ថានភាព​ដែល​ទារ​កមួយ​ចិញ្ចឹម​ទារក​មួយទៀត​ដែល​ត្រូវជា​បងប្អូន​ភ្លោះ នៅក្នុង​រាងកាយ​របស់ខ្លួន។ ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព៏​ត៌មាន ANI របស់ ឥណ្ឌា ថា នេះ​គឺជា​ករណី​ដ៏​សែន​កម្រ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា ករណីបែបនេះ​កើតឡើង​នៅពេល​ទារក​មួយ​ក្នុង​ផ្ទៃ ត្រូវបាន «ស្រូបយក» ដោយ​ទារក​មួយទៀត​ដែល​នៅក្នុង​ផ្ទៃ​ជាមួយគ្នា។

កាលពី ៥ ឆ្នាំមុន នៅ ហុងកុង និង ឆ្នាំ ២០១៩ នៅ អ៊ីស្រាអែល ក៏​ធ្លាប់មាន​សេចក្ដីរាយការណ៍​ស្ដីពី​ករណី​ដូច​ទៅនឹង​រឿងរ៉ាវ​ខាងលើ​នេះដែរ។

Advertisement