ចម្លែក! «ដើមឈើ​ឱប​ព្រះពុទ្ធ» អាយុកាល​រាប់ពាន់​ឆ្នាំ ៖ គ្រប់គ្នា​ក្រាបថ្វាយបង្គំ​ពេល​បានឃើញ​ទិដ្ឋភាព​នេះ

ប្រការ​ដែល​ចម្លែក និង​អាថ៌កំបាំង​ជាទីបំផុត​នោះ​គឺថា នៅក្នុង​ដើមឈើ​ដ៏​ធំ​នេះ​មាន​ប្រហោង​តូច​មួយ​អាច​មើលឃើញ​រូបសំណាក​ព្រះពុទ្ធ​ដែល​ស្ថិតនៅ​ខាងក្នុង។

នៅ ប្រទេស​ចិន មាន​រុក្ខជាតិ​វ័យ​ចំណាស់​ដ៏​អាថ៌កំបាំង​មួយ​ដើម​ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស ថា camphor ឬ​ភាសា​ជប៉ុន ហៅថា kusunoki ដែល​ស្ថិតនៅក្នុង​ខេត្ត Fujian។ រូបសំណាក​ព្រះពុទ្ធ​មួយអង្គ​ដែលមាន​ទំហំ​ប៉ុន​បាតដៃ​មនុស្ស កំពុង​លាក់​ព្រះកាយ​នៅ​ខាងក្នុង​រុក្ខជាតិ​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំនេះ។ មកដល់​បច្ចុប្បន្ន ប្រវត្តិ​របស់​ដើម​រុក្ខជាតិ​ខាងលើ​នៅតែ​ជា​រឿង​អាថ៌កំបាំង។

ដើមឈើ​នេះ​ស្ថិតនៅ​ក្នុងភូមិ Kaoting, សង្កាត់ Jianyang, ក្រុង Nanping, ខេត្ត Fujian ប្រទេស​ចិន។ នៅទីនេះ​សម្បូរ​ដើម camphor ដែលមាន​អាយុកាល​រាប់រយ រាប់ពាន់​ឆ្នាំ។ សូម្បីតែ​នៅ​រដូវក្ដៅ អ្នក​ក៏​នៅតែ​ទទួលបាន​ភាព​ត្រជាក់​​ដោយ​សារ​តែ​​ម្លប់​​ដ៏​ត្រឈឹងត្រឈៃ​នៃ​រុក្ខជាតិ​ទាំងនេះ។

នៅក្បែរ​ច្រកចូល​ភូមិ Kaoting មាន​ដើម camphor មួយ​ដើម​យ៉ាង​ធំ ដែលមាន​មែក​សាខា​ផ្ដល់​ម្លប់​យ៉ាង​ត្រជាក់។ ដើមឈើ​នេះ​មាន​កម្ពស់ ៣៦ ម៉ែត្រ, អង្កត់ផ្ចិត​របស់​ដើម​នេះ​មាន​ប្រវែង ១០.៥ ម៉ែត្រ, មែក​របស់​វា​លាតសន្ធឹង ៩០០ ម៉ែត្រក្រឡា និង​មាន​អាយុកាល​ជាង ១,០០០ ឆ្នាំ។

ប្រការ​ដែល​អស្ចារ្យ​បំផុត​របស់​ដើម camphor នេះ​គឺថា វា​មាន​ប្រហោង​តូច​មួយ ខាងក្នុង​មាន​រូបសំណាក​ព្រះពុទ្ធ​កម្ពស់​ប្រហែល ៦០ ស.ម។ អ្នក​ដែលមាន​ស្មារតី​ខ្សោយ នៅពេល​បានឃើញ​ផ្ទៃ​ព្រះ​ភក្ត្រ​របស់​ព្រះ​ពុទ្ធរូប​ដែល​ស្ថិតនៅ​ខាងក្នុង​ដើមឈើ​នេះ ប្រាកដជា​ភ្ញាក់ផ្អើល «បះសក់» មិន​ខាន។

ដើមឈើ​ខាងលើនេះ បាន​ទាក់ទាញ​ពុទ្ធបរិស័ទ​ពី​គ្រប់ទិសទី​ក្នុង ប្រទេស​ចិន មក​គោរពបូជា សុំ​សេចក្ដីសុខ​ សេចក្ដី​ចម្រើន​។ ក៏ប៉ុន្តែ មានមតិ​មួយចំនួន​លើកឡើងថា នេះ​គ្រាន់តែ​ជាការ​រៀបចំ​របស់​អាជ្ញា​ធរ​ដែនដី ក្នុង​បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះ៕

Advertisement