(វីដេអូ)-សត្វ​ស្វា​មួយ​ក្បាល​ នាំ​កូនតូច​មកសុំ​វេជ្ជបណ្ឌិត​ឱ្យជួយ​ព្យាបាល​របួស

(ឥណ្ឌា)-សត្វ​ស្វា​ញី ១ ក្បាល បាន​ឱប​កូនតូច​របស់​វា​មកកាន់​បន្ទប់​ពិនិត្យ​ជំងឺ​នៅក្នុង​រដ្ឋ Bihar ដើម្បី​សុំ​វេជ្ជបណ្ឌិត​ឱ្យជួយ​ព្យាបាល​របួស​នៅលើ​ផ្ទៃមុខ។

ក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​គេ​ចែករំលែក​ត​គ្នា​នៅលើ​បណ្ដាញ​សង្គម​ក្នុង​សប្ដាហ៍​នេះ គេ​ឃើញ​សត្វ​ស្វា​ញី ១ ក្បាល រួមជាមួយ​កូន​របស់​វា បាន​មកដល់​បន្ទប់​ពិគ្រោះ​ជំងឺ SM Ahmed’s Medico នៅក្នុង​ទីក្រុង Sasaram រដ្ឋ Bihar ភាគ​ខាងកើត​នៃ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី ៨ មិថុនា។

វេជ្ជបណ្ឌិត Ahmed បានឱ្យដឹងថា ដំបូង​គាត់​មាន​អារម្មណ៍​ភ័យខ្លាច​នៅពេល​ឃើញ​សត្វ​ស្វា​នេះ​ចូលមក​កាន់​ទីតាំង​របស់​គាត់ ប៉ុន្តែ​ក្រោយមក គាត់​ក៏បាន​ឃើញ​របួស​នៅលើ​មុខ​របស់​សត្វ​ស្វា​នេះ។ គាត់​ក៏​ធ្វើ​កាយវិការ​ឱ្យ​ស្វា​នេះ​ចូលមក​ខាងក្នុង​បន្ទប់​ពិនិត្យ​ជំងឺ ដោយ​យល់​ពី​គំនិត​របស់​វេជ្ជបណ្ឌិត ស្វា​នេះ​ក៏​តោង​ឡើង​កៅអី ហើយ​អង្គុយ​ឱ្យ​វេជ្ជបណ្ឌិត Ahmed មើល​របួស។ កូន​ស្វា​ក៏មាន​របួស​ត្រង់​ជើង។

លោកគ្រូ​ពេទ្យ​ក៏បាន​ចាក់​ថ្នាំ​តេតាណូស និង​លាបថ្នាំ​ព្យាបាល​ឱ្យ​ស្វា​ទាំងនេះ។ បន្ទាប់មក ពួកវា​ក៏​ដេក​សម្រាក​នៅលើ​គ្រែ​អ្នកជំងឺ។

ហេតុការណ៍​នេះ​ក៏បាន​ដឹង​ដល់​មនុស្សម្នា​នៅ​ជុំវិញ ហើយ​ក្រុមមនុស្ស​ដែល​ចង់ដឹង​ចង់ឃើញ ក៏​នាំគ្នា​មក​មើល និង​ផ្ដិត​យក​រូបភាព​ជាក់ស្ដែង។

បន្ទាប់ពី​បាលរ​បួស​រួច វេជ្ជបណ្ឌិត Ahmed ក៏បាន​ស្នើឱ្យ​ហ្វូងមនុស្ស​ជៀស​ចេញ ទុក​ផ្លូវ​ឱ្យ​សត្វ​ស្វា​ដើរ​ចេញពី​បន្ទប់​ព្យាបាល។

Advertisement