បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ពេញ​មេឃ​​ តម្លៃ​ ១,៣០០,០០០ រៀល​/​យប់ «គ្មាន​ជញ្ជាំង គ្មាន​ដំបូល» តែមាន​ភ្ញៀវ​ជា​ហូរហែ

មនុស្ស​រាប់ពាន់នាក់​សុខ​ចិត្ត​ចំណាយ​ប្រាក់​រាប់រយ​អឺ​រូ សម្រាប់​ការ​ដេក​មិន​ពេញភ្នែក​ពេញ​មួយ​យប់​នៅក្នុង​បន្ទប់​សណ្ឋាគារ «ផ្កាយ​ពេញ​មេឃ» Null Stern Hotel ដែល​មិនមាន​ជញ្ជាំង មិនមាន​ដំបូល នៅឯ ប្រទេស​ស្វ៊ី​ស។

បន្ទប់​សណ្ឋាគារ​នេះ​មិនមាន​ជញ្ជាំង ឬ​ដំបូល​ឡើយ ប៉ុន្តែ វា​នៅតែ​អាច​ទាក់ទាញ​ភ្ញៀវ​រាប់ពាន់នាក់​មក​សម្រាក​កាយ​ឆ្លង​រាត្រី​នៅ​ឆ្ងាយ​ពី​ទីក្រុង។

Advertisement

សិល្បករ Frank Riklin ឱ្យដឹងថា «ចំពោះ​បន្ទប់​សណ្ឋាគារ​ប្រភេទ​នេះ ការ​គេង​លក់​មិនមែនជា​គោលដៅ​ចម្បង​ឡើយ។ ប្រការ​សំខាន់​គឺ​វា​កំពុងតែ​បង្ហាញ​អំពី​ស្ថានភាព​ពិភពលោក​នាបច្ចុប្បន្ន។ បន្ទប់​នេះ​គឺជា​សារ​មួយ​ស្ដីពី​តម្រូវការ​សម្រាប់​ការផ្លាស់ប្ដូរ​បន្ទាន់​នៅក្នុង​សង្គម។

សណ្ឋាគារ «ផ្កាយ​ពេញ​មេឃ» នេះ គឺជា​ស្នាដៃ​បែប​សិល្បៈ​ថ្មី​បំផុត​របស់​បងប្អូន​ពីរ​នាក់​នៃ​ត្រកូល Riklin។ Null Stern Hotel ស្ថិត​នៅក្បែរ​ស្ថានីយ​ប្រេងសាំង​មួយ​នៅ​ទីរួមស្រុក Saillon នៃ​រដ្ឋ Valais របស់ ប្រទេស​ស្វ៊ី​ស។

គំនិត​ស្ដីពី​បន្ទប់​សណ្ឋាគារ​ខាងលើ​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ធ្វើឱ្យ​ភ្ញៀវ​ទាំងឡាយ​ពិចារណា​អំពី​ពិភពលោក​នៅ​ជុំវិញ ក៏ដូចជា​ដាស់​អារម្មណ៍​របស់​ពួកគេ ឱ្យធ្វើ​សកម្មភាព​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្អ​ស់។

ក្រៅពី​បន្ទប់​ខាងលើ នៅមាន​បន្ទប់​សណ្ឋាគារ «ផ្កាយ​ពេញ​មេឃ» ចំនួន ៣ ផ្សេងទៀត កំពុង​ត្រូវបាន​ត្រៀម​ដាក់ឱ្យ​ដំណើរការ​នៅ​តំបន់​ជនបទ​របស់ ប្រទេស​ស្វ៊ី​ស។ នៅ​សណ្ឋាគារ​នេះ ក៏មាន​បម្រើ​អាហារ និង​ភេសជ្ជៈ​នៅនឹងកន្លែង​ផងដែរ។

សម្រាប់​តម្លៃ​វិញ បន្ទប់​សណ្ឋាគារ​ដែល​មិនអាច​ដេក​ពេញភ្នែក​នេះ មួយ​យប់​គឺ ៣២២ អឺរ៉ូ (ស្មើ​នឹង​ ៣៣៦ ដុល្លារ​អាម៉េរិក ឬ ១,៣០០,០០០ រៀល)៕

Advertisement