សត្វខ្ញែរ​សមុទ្រ (jellyfish) ជីវិត​អមតៈ អាច​វិវត្ត​ពី​ក្មេងទៅ​ចាស់ ពី​ចាស់​ទៅ​ក្មេង

សត្វខ្ញែរ​សមុទ្រ​ដ៏​តូច​មួយ​ប្រភេទ​ដែល​មាន​អង្កត់​ផ្ចិត​ត្រឹម ៤.៥ មម អាច​ដំណើរ​ការ​បញ្ច្រាស​នូវ​ដំណាក់​កាល​ចាស់​ជរា និង​វិល​ត្រលប់​ទៅ​រក​ដំណាក់​កាល​វ័យ​ក្មេង​សាជាថ្មី​។

ក្នុង​ពេល​ដែល​ជីវិត​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​ចាស់​ និង​ស្លាប់​ទៅ​តាម​ពេលវេលា​ មាន​សត្វ​មួយ​ប្រភេទ​ដែល​មាន​ជីវិត​អមតៈ និង​ស្ថិត​នៅ​ក្មេង​ខ្ចី​ជា​និច្ច​។

អ្នកស្រី Miranda Lowe អ្នក​វិទ្យាសាស្ត្រ​មក​ពី​សារមន្ទីរ​ប្រវត្តិវិទ្យាក្រុង​ឡុងដ៍ បាន​និយាយ​ថា ខ្ញែរ​សមុទ្រ​ជីវិត​អមតៈ​ (Turritopsis dohrnii) ដែល​មាន​រូប​រាង​តូច​ល្អិត គឺជា​សត្វ​មួយប្រភេទ​​ក្នុង​ចំណោម​សត្វ​ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ពិត​ជា​មាន​ជីវិត​អមតៈ​។

ខ្ញែរ​សមុទ្រ​ តែង​តែ​ឆ្លង​កាត់​វដ្ដ​នៃ​ជីវិត​ដែល​ចាប់​ផ្ដើម​ពី​ពង​មួយគ្រាប់​ ក្រោយ​មក​ពង​នេះ​​ចាប់​ផ្ដើម​រីក​ចម្រើន​បន្តិច​ម្ដងៗ​ទៅ​ជាកូន​​ដង្កូវ។ ដង្កូវ​នេះ​តោង​ជាប់​ទៅនឹង​ថ្ម ឬ​ផ្ទៃ​អ្វី​មួយ​ដែល​រឹង ហើយ​បន្ត​រីក​ចម្រើន និង​ក្លាយ​ជា​ polyp ដែល​ជា​សត្វ​មួយ​ប្រភេទ​មាន​រូប​រាង​ដូច​បង្គោល​ និង​មាន​មួក​។

នៅ​ពេល polyp នេះ​ធំ​ល្មម កូន​ខ្ញែរ​សមុទ្រ​ចាប់​ផ្ដើម​បំបែក​ខ្លួន​ចេញ​ដោយឡែ​ក។ ពេល​ខ្ញែរ​សមុទ្រ​ធំពេញ​វ័យ​ ដែល​គេ​ហៅ​ថា medusa នឹង​ហែល​រក​ចំណី។

ក្នុង​ករណី​របស់​ខ្ញែរ​សមុទ្រ​ជីវិត​អមតៈ នៅ​ពេល​វា​រីក​ចម្រើន​ដល់​ដំណាក់​កាល​ពេញ​វ័យ វា​អាច​វិល​ត្រលប់​មក​ដំណាក់​កាល​ polyp ហើយ​ក្រោយ​មក​ក៏​រីក​ចម្រើន​ជា​ខ្ញែរ​ពេញ​វ័យ​ម្ដង​ទៀត​។ ការ​វិវត្តនេះ​ ចេះ​តែ​កើត​ឡើង​សាចុះ សាឡើង​មិន​ឈប់​ឈរ​ ជួយ​ឱ្យ​ខ្ញែរ​សមុទ្រ​មិន​ងាប់​ដោយ​សារ​ចាស់​ជរា៕

អ្នកស្រី Miranda Lowe
Advertisement