«សង្គ្រាម​គេច​ពី​ការ​រំលោភ ដោយ​ការ​រំលោភ​​» របស់​ជន្លេន​សំប៉ែតនៅ​បាត​សមុទ្រ​ (វីដេអូ)

នៅក្នុង​សង្គ្រាម​បន្ត​ពូជ ជន្លេន​​សំប៉ែត ឬ​ហៅ​ថា ដង្កូវ​សំប៉ែត ​ដែល​មាន​សរីរាង្គ​​ភេទ​ជា​ញីផង ជា​ឈ្មោល​​ផង នឹង​ព្យាយាម​ចៀស​វាង​ការ​ពពោះ​​ដ៏លំបាក​ដោយ​ការ​ «ប្រញាប់» រក​វិធី​ «រំលោភ» ឱ្យ​​បាន​មុន​​គូ​ប្រជែង​​។

ជន្លេន​សំប៉ែត គឺ​ដូច​ទៅ​នឹង​ក្រុម​សត្វ​ដែល​មាន​រាង​កាយ​ទន់ Nudibranch ហើយ​ពួក​វា​មាន​ប្រដាប់​បន្ត​ពូជ​ជា​ឈ្មោល​ផង ជា​ញីផង​ និង​មិន​មាន​ភ្នែក​សម្រាប់​មើល​ ប៉ុន្តែ​អាច​ផ្លាស់​ទី​បាន​ល្អ​ដោយ​ប្រើ​ប្រាស់​អង្គ​ញាណ​ដែល​មាន​តួនាទី​ជា​​ច្រមុះ។ ពួក​វា​មាន​លក្ខណៈ​ដូច​គ្នា​ត្រង់​ចំណុច​ទាំង​នោះ​។

សត្វ​នេះ​គឺជា​ជន្លេន​សំប៉ែត​កម្រាល​ព្រំ​ពែរ្ស (Persian carpet flatworm – Pseudobiceros bedfordi) ព្រោះ​តែ​វា​មាន​រូប​រាង​ដូច​គំនូរ​​យ៉ាង​ស្រស់​ស្អាត​។ វា​គឺជា​អ្នក​ប្រមាញ់​ចំណី​ដ៏​ស្រេក​ឃ្លាន​។

នៅ​ពេល​បន្តពូជ ជន្លេន​នេះ​ក៏​មាន​ភាព​កោង​កាច​។ វា​អាច​ស្រូប​ក្លិន​ដឹង​ថា​មាន​ជន្លេន​​សំប៉ែត​មួយផ្សេង​ទៀត​នៅ​ក្បែរ​ ជា​ដៃគូ​ស្នេហា​ដ៏​មាន​សក្ដានុពល​។ ដំបូង​ ពួក​វា​ហាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​ភាគី​ម្ខាង​ទៀត​ ហើយ​ប្រការ​នេះ​គឺ​មាន​មូលហេតុ​សម​រម្យ​​របស់​វា​។

ទាំង​ពីរ​សុទ្ធតែ​ប្រឹង​ប្រែង​ដើម្បី​ចៀស​វាង​ការ​លំបាក​នា​ពេល​ខាងមុខ​ នោះ​គឺ​ការ​ថែ​រក្សា​ពង​បន្ទាប់​ពី​បាន​បន្ត​ពូជ។ ល្អបំផុត​គឺ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ «មាន​ផ្ទៃ​ពោះ»។

ពួកវា​ដំឡើង​ខ្លួន​ឱ្យ​ត្រង់ បង្ហាញ​​ប្រដាប់​បន្ត​ពូជ​មួយ​គូរបស់វា​។ ពួក​វា​ចាប់​ផ្ដើម​ប្រយុទ្ធ​ដើម្បី​ចៀង​វាង​ការ​ពពោះ​។ ពួកវា​ព្យាយាម​ប្រើ​ប្រាស់​ប្រដាប់​ភេទរបស់​ពួក​វា​ ​ចាក់​ដើម្បី​​​បង្ក​កំណើត​​ឱ្យ​គូ​ប្រជែង​ ដោយ​មិន​បណ្ដោយ​ឱ្យ​ខ្លួន​ត្រូវ​រង​ការ​ «រំលោភ» បាន​មុន​។

ការ​ចាក់​មួយ​ «ស្នៀត» ទៅ​លើ​កន្លែង​ណាមួយ​​លើ​រាងកាយរបស់​គូប្រជែង ក៏​សុទ្ធ​តែ​អាច​បង្ក​កំណើត​បាន​។ ការ​ចាក់​ដែល​ជោគជ័យ​មួយ​គឺ​ស្មើ​នឹង​ការ​ចាក់​បញ្ចូល​មេជីវិត​ទៅ​ក្នុង​រាង​កាយ​គូប្រជែង​។ បន្ទាប់​ពី​ចាក់​បាន​សម្រេច​ ការ​ប្រយុទ្ធ​ក៏​​​បាន​បញ្ចប់​។

ជន្លេន​សំប៉ែត​ដែល​ចាញ់​ការ​ប្រយុទ្ធ​នឹង​មាន​ស្នាម​របួស​លើ​ដង​ខ្លួន​ ហើយ​ក៏​​ត្រូវ​បំពេញ​ភារកិច្ច​ជា​អ្នក​បង្កើត​ពង​ ដើម្បី​បន្តពូជ​។ អ្នក​ចាញ់​ការ​ប្រយុទ្ធ​នេះ​ នឹង​មាន​ការ​លើក​ទឹក​ចិត្ត​តែ​មួយ​គត់​​ នោះ​គឺ​កូន​របស់​វា​នឹង​មាន​ហ្សែន​របស់​ «អ្នក​ប្រយុទ្ធ​ដ៏អស្ចារ្យ» ដែល​បាន​យក​ឈ្នះ​លើ​វា​៕

Advertisement