អ្នក​​​ត្រូវ​ឆ្នោត​​​រង្វាន់​ពិសេស​តម្លៃ​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក អាច​ទទួល​បានតែ​ជាង 600 លាន​ប៉ុណ្ណោះ

ដែល​ជា​ម្ចាស់​ហាង​ទំនិញ​ដែល​បាន​លក់​សន្លឹក​ឆ្នោត​ដែល​ត្រូវ​រង្វាន់​ ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃទី 08 វិច្ចិកា 2022 នៅ Altadena រដ្ឋ California សហរដ្ឋ​អាម៉េរិក

ម្ចាស់​រង្វាន់​ពិសេស​តម្លៃ 2.04 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​បាន​ត្រូវ​ឆ្នោត​នៅ សហរដ្ឋ​អាម៉េរិក អាច​ទទួលបាន​ប្រាក់​តែ​ជាង 620 លាន​ដុល្លារ​ប៉ុណ្ណោះ ក្រោយពី​បាន​បង់ពន្ធ​ទៅតាម​ការកំណត់។

គេហទំព័រ​របស់ Powerball កាលពី​ថ្ងៃទី 08 វិច្ឆិកា 2022 បានប្រកាស​អំពី​សន្លឹក​ឆ្នោត​ដែល​ត្រូវ​រង្វាន់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ តម្លៃ 2.04 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ត្រូវបាន​លក់​ដោយ​ហាង​ទំនិញ Joe នៅ Altadena រដ្ឋ California បញ្ចប់​ការចេញ​ឆ្នោត 40 លើក​ដែល​មិនមាន​អ្នក​ត្រូវ។ ម្ចាស់​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ពិសេស​នេះ មិនទាន់​ទាក់ទង​មកកាន់ Powerball ដើម្បី​ទទួល​ប្រាក់រង្វាន់​នៅឡើយ។

អ្នក​ត្រូវ​ឆ្នោត​ខាងលើ​អាច​ជ្រើសរើស​ការទទួលប្រាក់រ​ង្វាន់​សរុប​​ម្ដង 997.6 លាន​ដុល្លារ ឬ​ទទួល 2.04 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 29 ឆ្នាំ។ ក៏ប៉ុន្តែ ទាំងនេះ​មិនមែនជា​ទឹកប្រាក់​ពិតប្រាកដ​ដែល​ពួកគេ​ត្រូវ​ទទួល​បានឡើយ។

ក្នុងករណី​ទទួល​ប្រាក់រង្វាន់​សរុប​ម្ដង (997.6 លាន​ដុល្លារ) អ្នក​ត្រូវ​ឆ្នោត​នឹងត្រូវ​បង់ពន្ធ​ 24% ដែល​ប្រហែល​នឹង 239.4 លាន​ដុល្លារ។ ដូច្នេះ ប្រាក់រង្វាន់​ពិត​ដែល​អ្នក​ត្រូវ​ឆ្នោត​ទទួលបាន​គឺ 758.2 លាន​ដុល្លារ នេះ​បើតាម Forbes។

ក៏ប៉ុន្តែ ដោយ​ទទួលបាន​ប្រាក់រង្វាន់​ខាងលើ អ្នក​ត្រូវ​ឆ្នោត​​នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​ប្រភេទ​ពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ និង​ត្រូវ​បង់ពន្ធ​ឡើងដល់ 37% នៃ​ប្រាក់​រង្វាន់ 997.6 លាន​ដុល្លារ ឬ​ 13% ស្មើនឹង 129.7 លាន​ដុល្លារ​នៃ​ប្រាក់រង្វាន់ 758.2 លាន​ដុល្លារ ឱ្យបាន​មុន​ថ្ងៃទី 15 មេសា 2023។

ម្ចាស់​រង្វាន់​ពិសេស​តម្លៃ 2.04 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​បាន​ត្រូវ​ឆ្នោត​នៅ សហរដ្ឋ​អាម៉េរិក អាច​ទទួលបាន​ប្រាក់​តែ​ជាង 620 លាន​ដុល្លារ​ប៉ុណ្ណោះ ក្រោយពី​បាន​បង់ពន្ធ​ទៅតាម​ការកំណត់​នានា​របស់​រដ្ឋ​។

ទន្ទឹមនឹង​បណ្ដា​ពន្ធ​ខាងលើ អ្នក​ត្រូវ​ឆ្នោត​ក៏ត្រូវ​បង់ពន្ធ​លើ​ប្រាក់ចំណូល​ទៅតាម​រដ្ឋ​ដែល​ពួកគេ​រស់នៅ​ផងដែរ​។ រដ្ឋ​ California យកពន្ធ​លើ​ប្រាក់ចំណូល 13.3% ប៉ុន្តែ សំណាងល្អ រដ្ឋ​នេះ​មិន​យកពន្ធ​លើ​ប្រាក់រង្វាន់​ឆ្នោត។ បើសិនជា​ត្រូវ​បង់ពន្ធ​នេះ​ទៀត អ្នក​ត្រូវ​ឆ្នោត​ខាងលើ​នឹង​អស់ប្រាក់ 132.7 លាន​ដុល្លារ​បន្ថែមទៀត៕

Advertisement