ក្មេងស្រី​អាយុ 8 ឆ្នាំ លះបង់​មរតក​​​​​រាប់សិប​លាន​ដុល្លារ​អាម៉េរិកដើម្បី​ទៅ​សាង​ផ្នួស

(ឥណ្ឌា) – ក្មេងស្រី​វ័យ 8 ឆ្នាំ​មួយរូប ដែលជា​អ្នក​ស្នង​មរតក​ក្រុមហ៊ុន​ពេជ្រ​តម្លៃ​រាប់សិប​លាន​ដុល្លារ​អាម៉េរិក បានសម្រេច​ចិត្ត​លះបង់​ទ្រព្យសម្បត្តិ​ដើម្បី​ទៅ​សាង​ផ្នួសលាង​បាប​ និង​រក្សា​​សីល។

Devanshi Sanghvi កាលពី​សប្ដាហ៍​កន្លង​នៅតែ​ជា​អ្នក​ស្នង​មរតក​ក្រុមហ៊ុន​លក់​គ្រឿង​អ​លង្ការ Sanghvi & Sons នៅ​ទីក្រុង Surat ជាទី​ដែល​ត្រូវបាន​គេ​ហៅថា «ទីក្រុង​ពេជ្រ» ដោយសារ​តែមាន​ភាពល្បីល្បាញ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ត្បូង​ពេជ្រ​នៅ​ទូទាំង​សកលលោក។

គ្រួសារ​របស់​ក្មេងស្រី​នេះ​គឺជា​សមាជិក​របស់ Jain ដែលជា​សាសនា​បុរាណ​តូច​មួយ​របស់​ឥណ្ឌា ដែល​ប្រឆាំងនឹង​អំពើហិង្សា ស្នើ​ឱ្យ​សាសនិក​ហូប​អាហារ​បួស​យ៉ាង​តឹង​រឹង និង​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​សព្វ​សត្វ។ សប្ដាហ៍​នេះ Devanshi Sanghvi មាន​ពិធីបុណ្យ​មួយ​ដែល​អូសបន្លាយ​ពេល 4 ថ្ងៃ ដើម្បី​ប្រកាស​ដំណឹង​ស្ដីពី​ការសម្រេចចិត្ត​ទៅ​បួស។

Devanshi Sanghvi បាន​ចូល​វិហារ​កាលពី​ម្សិលមិញ និង​បាន​ប្ដូរ​ទៅ​ស្លៀកពាក់​ឈុត​ពណ៌​ស​យ៉ាង​សាមញ្ញ ក្រោយពី​បាន​កោរសក់​រួចរាល់។ សាក្សី​ម្នាក់​បានឱ្យដឹងថា Devanshi Sanghvi គឺជា​ក្មេងស្រី​ល្អ និង​រាប់អាន​សាសនា Jain តាំងតែ​ពី​តូច។

Devanshi Sanghvi គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​ដែល​បាន​បោះបង់​ទ្រព្យសម្បត្តិ​ដើម្បី​ទៅ​សាង​ផ្នួស​ក្នុង​សាសនា Jain។ ឪពុកម្ដាយ​របស់ Devanshi Sanghvi ឱ្យដឹងថា កូនស្រី​របស់​ពួកគាត់​ចង់ទៅ​សាង​ផ្នួស​តាំងពី​យូរ​មកហើយ។

មុខ​ជំនួញ​របស់​គ្រួសារ Devanshi Sanghvi ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1981 ហើយ​បច្ចុប្បន្ន​មានតម្លៃ 61 លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម ICRA ដែលជា​ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​ឥណ្ឌា។ សាសនា Jain មាន​បរិស័​ទ​ជាង 4 លាន​នាក់​នៅ​ឥណ្ឌា ក្នុងនោះ​មាន​ទាំង​ក្រុមគ្រួសារ​មកពី​សហគមន៍​អ្នកជំនួញធំៗផងដែរ។

ក៏ប៉ុន្តែ កន្លងមក សាសនា​នេះ​ត្រូវ​រង​ការរិះគន់​មួយចំនួន​ទាក់ទិន​នឹង​ការ​តបមអាហារ​ដ៏​តឹងរឹង។ សាសនិក​ខ្លះ​ត្រូវ​បង្ខំចិត្ត​យក​ក្រណាត់​មក​បិទមាត់​ដើម្បី​ចៀសវាង​ការដកដង្ហើម​លេប​ចំ​សត្វល្អិត។ កាលពី​ឆ្នាំ 2016 ក្មេងស្រី​អាយុ 13 ឆ្នាំ​មួយរូប​នៅ Hyderabad បាន​សន្លប់ និង​បាត់​បង់ជីវិត​ក្នុងពេល​ធ្វើការ​អត់​អាហារ​ពីរ​ខែ​ដើម្បី​លាងបាប ដោយ​ផឹក​តែ​ទឹក​ក្ដៅ​ឧណ្ហ​ឧណ្ហ​ពីរដង​ក្នុង​មួយថ្ងៃ។ ឪពុកម្ដាយ​របស់​ក្មេងស្រី​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា៕

Advertisement