សូម​ប្រយ័ត្ន​! អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​ប៉ូឡូញ​ ត្រូវ​ជ្រូក​ហែកស៊ី​ នៅសល់​តែ​…

នេះ​គ្រាន់​តែ​ជា​រូប​ភាពនៃករណី​ផ្សេងប៉ុណ្ណោះ

នៅពេល​នគរបាល​ប្រទះឃើញ​ សាកសព​បុរស​រងគ្រោះ​ម្នាក់​ នៅសល់​តែ​ផ្នែក​ខ្លះ​នៃ​រាងកាយ​ប៉ុណ្ណោះ​។

ក្រុម​អ្នកស៊ើប​អង្កេត​បានឱ្យ​ដឹង​ថា​ កសិករ​ជនជាតិ​ប៉ូឡូញ​ម្នាក់​ដែល​បាន​បាត់ខ្លួន​តាំងពី​ថ្ងៃ​ចុងឆ្នាំ​2019​ មក​នោះ​ ការពិត​ គឺ​ត្រូវ​ជ្រូក​ដែល​ខ្លួនឯង​ចិញ្ចឹម​ ហែកស៊ី​ខ្ទេចខ្ទី​សឹងតែ​គ្មាន​នៅសល់​បំណែក​។ ប៉ូលិស​បាន​និយាយ​ថា​ បុរស​រងគ្រោះ​ដែល​មាន​អាយុ​ប្រហែល​ 70​ឆ្នាំ​រូប​នោះ​ ទំនងជា​បាន​ដួលសន្លប់​ដោយសារ​អាការ​គាំងបេះដូង​ មុននឹង​ត្រូវ​ជ្រូក​ដែល​គាត់​ចិញ្ចឹម​នោះ​ហែកស៊ី​ជា​ចំណី​។

ពេល​មកដល់​កន្លែង​កើតហេតុ​ បន្ទាប់ពី​ទទួល​បាន​របាយការណ៍​ពី​អ្នកភូមិ​ ក្រុម​ប៉ូលិស​បាន​ពិនិត្យ​ឃើញថា​ ខ្លួនប្រាណ​ជនរងគ្រោះ​នៅសល់​តែ​ឆ្អឹង​ និង​សាច់​ប៉ុន្មាន​ដុំ​តែប៉ុណ្ណោះ​។

រដ្ឋអាជ្ញា​នៃ​ស្រុក​ Magdalena​ Serafin​ បានឱ្យ​ដឹង​ថា​៖ “យើងខ្ញុំ​មិនដឹង​ច្បាស់​ថា​ ជនរងគ្រោះ​ត្រូវ​ជ្រូក​ហែកស៊ី​នៅពេល​ណា​នោះ​ទេ​ ប៉ុន្តែ​ប្រហែលជា​នៅចន្លោះ​ពី​ថ្ងៃទី​31​ ខែធ្នូ​ ឆ្នាំ​2019​ ទៅ​ថ្ងៃទី​8 មករា​ ឆ្នាំ​2020​។ រដ្ឋអាជ្ញា​បាន​បន្ថែម​ថា​ ជ្រូក​ដែល​ស៊ីសាច់​មនុស្ស​នេះ​ មាន​ទាំងអស់​ 14​ក្បាល​ ក្នុង​នោះ​មាន​ជ្រូក​ធំៗ​ចំនួន​ 2ក្បាល​ ដែល​ត្រូវ​គេ​លែងឱ្យ​ដើរ​ក្នុង​ទីធ្លា​ជុំវិញ​ផ្ទះ​ ដែល​ជា​កន្លែង​រស់នៅ​របស់​ជនរងគ្រោះ​។

អាជ្ញាធរ​មានសមត្ថកិច្ច​ក៏បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ ថ្ងៃទី​20​ មករា​នេះ​ សាកសព​នឹង​ត្រូវ​ធ្វើ​កោ​លសល្យ​វិ​ច្ច័​យ បើ​ទោះជា​នៅសល់​តែ​ឆ្អឹង​ និង​សាច់​តិចតួច​ក៏ដោយ​។ ចំណែក​ជ្រូក​ទាំងនោះ​ក៏​នឹង​ត្រូវ​គេ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ដើម្បី​រក​មូលហេតុ​ពិត​នៃ​ឃាតកម្ម​នេះ​ បន្ទាប់មក​ពួកវា​អាច​នឹង​ត្រូវ​គេ​យក​ទៅ​សម្លាប់ចោល​…៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement