មហន្តរាយលំដាប់ប្រទេស! សូម៉ាលីប្រកាស សភាវគ្រោះអាសន្ន “សត្វកណ្ដូប” វាយលុក!!

រដ្ឋបាលប្រទេសសូម៉ាលី បានធ្វើការប្រកាសស្ថានការណ៍គ្រោះអាសន្នកម្រិតប្រទេស ដោយសារតែការវាយលុក និងរាតត្បាតរបស់កងទ័ពសត្វកណ្ដូបសមុទ្រខ្សាច់ ធ្វើឱ្យខូចខាតផ្ទៃដី និងដំណាំកសិកម្មទូទាំងប្រទេស ចំណែកអង្គការសហប្រជាជាតិកំពុងបង្កើនការជួយសង្គ្រោះ។

ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៍ពីទីក្រុង ម៉ូកាឌិឆូ ប្រទេសសូម៉ាលី កាលពីថ្ងៃទី3 មករា ម្សិលមិញថា ក្រសួងកសិកម្មរបស់ប្រទេសសូម៉ាលី បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ប្រកាសស្ថានការណ៍គ្រោះអាសន្នលំដាប់ប្រទេស ដោយសារតែចំនួនសត្វកណ្ដូបសមុទ្រខ្សាច់នៅក្នុងប្រទេសបាន “កើនឡើងច្រើនយ៉ាងមានគួរឱ្យងឿងឆ្ងល់” រហូតក្លាយជា “គ្រោះភ័យដ៏ធ្ងន់ធ្ងរ” ដល់សុវត្ថិភាពផ្នែកចំណីអាហាររបស់ប្រទេសសូម៉ាលី ដែលស្ថិតក្នុងសភាវវិបត្តិរួចស្រេចទៅហើយកាលពីពេលមុន។

 

ខណៈដែលរបាយការណ៍របស់អង្គការចំណីអាហារ និងកសិកម្ម(FAO)នៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ខ្លួនកំពុងតែដំណើរការយ៉ាងប្រញាប់ប្រញាល់ ដើម្បីជួយសង្គ្រោះប្រទេសជាច្រើននៅក្នុងអនុភូមិភាគប៉ែកឦសានរបស់តំបន់អាហ្រ្វិក ដែលមានដូចជា ប្រទេសជិប៊ូឌី អេត្យូពី សូម៉ាលី និងតំបន់ខ្លះរបស់ប្រទេសកេនយ៉ា ដែលកំពុងតែប្រឈមនឹងគ្រោះរាតត្បាតខាងកសិកម្មពីកងទ័ពសត្វកណ្ដូបសមុទ្រខ្សាច់ដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេល 25ឆ្នាំ ហើយប្រទេសសូម៉ាលី ក៏ជាប្រទេសដំបូងគេដែលប្រកាសឱ្យស្ថានការណ៍នេះក្លាយជាសភាវអាសន្នកម្រិតប្រទេស។

ទោះជាស្ថានការណ៍របស់សត្វកណ្ដូបសមុទ្រខ្សាច់នៅក្នុងពេលនេះ នៅអាចហៅបានថាកំពុងស្ថិតក្នុង “កម្រិតកើនឡើង” នៅឡើយតាមការវាយតម្លៃរបស់ FAO ក៏ដោយ ក៏ប៉ុន្តែប្រសិនបើស្ថានការណ៍នៅតែយ៉ាងដូច្នេះតទៅទៀតដោយគ្មានវិធានការដោះស្រាយយ៉ាងពិតប្រាកដនោះ ក្នុងរយៈពេលយ៉ាងលឿនបំផុត 1ឆ្នាំទៀត ការវាយលុយរបស់កងទ័ពសត្វកណ្ដូបនៅក្នុងតំបន់អាហ្រ្វិកនេះ នឹងក្លាយជា “គ្រោះវិបត្តិ” មួយដ៏គួរឱ្យបារម្ភបំផុត។ ចាប់តាំងពីឈានចូលសតវត្សរ៍ទី20 មនុស្សលោកបានប្រឈមនឹងការរាតត្បាតរបស់សត្វកណ្ដូបសមុទ្រខ្សាច់នេះរួចមកហើយចំនួន 6ដង លើកចុងក្រោយបំផុត កើតឡើងនៅឆ្នាំ1987 ដល់1988។ ចំណែក “ការកើនឡើងដ៏ធំបំផុត” នៃចំនួនសត្វកណ្ដូបសមុទ្រខ្សាច់នេះ កើតឡើងលើកចុងក្រោយក្នុងអំឡុងឆ្នាំ2003 ដល់2005៕

 

Advertisement