អគារខ្ពស់បំផុតក្នុងពិភពលោក ត្រូវរន្ទះបាញ់ផ្ទួនៗ កាលពីខែមករា (មានវីដេអូ)

រន្ទះចំនួន 3ដងជាប់ៗគ្នាបានបាញ់ចំអគារ Bufj Khalifa ដែលមានកម្ពស់ 828ម៉ែត្រ និងត្រូវបានថតជាប់ដោយម៉ាស៊ីនថតរបស់ជាងថតរូបម្នាក់ កាលពីខែមករាកន្លងទៅ។

ជាងថតរូបវ័យ 33ឆ្នាំ លោក Zohaib Anjum បានថតបានរូបភាពដ៏អស្ចារ្យនេះ នៅក្នុងអំឡុងពេលគាត់កំពុងតាមដានខ្យល់ព្យុះដ៏ខ្លាំងមួយកាលពីខែមករា ឆ្នាំ2020 នៅឯទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (United Arab Emirates)។ Anjum បានឱ្យដឹងថា៖ “រន្ទះបាញ់នេះរហ័សខ្លាំងណាស់ បើសិនអ្នកប្រិចភ្នែក អ្នកនឹងបាត់បង់ឱកាសបានមើលវា។ អ្នកមិនអាចមើលទិដ្ឋភាពបានច្បាស់ដោយភ្នែកទទេបានឡើយ តែត្រូវមើលតាមរយៈរូបភាពចលនាយឺតនៅលើអេក្រង់កាមេរ៉ា”។

ជាងថតរូបខាងលើនេះបានប្រាប់ថា គាត់បានតាមប្រមាញ់ទិដ្ឋភាពបែបនេះជាង7ឆ្នាំមកហើយ ប៉ុន្តែបរាជ័យ​ ព្រោះថា ព្យុះធំបែបនេះ មិនងាយកើតឡើងក្នុងតំបន់ឌូបៃនេះទេ។

“នៅទីក្រុងឌូបៃនេះ ខ្ញុំកម្រឃើញមានព្យុះណាស់។ ក្នុងយប់ដែលបានដឹងថា មានព្យុះធំជិតមកដល់ឌូបៃ ខ្ញុំក៏បានត្រៀមខ្លួនរង់ចាំតាំងពីម៉ោង8យប់ រហូតដល់ម៉ោង 6ព្រឹកថ្ងៃបន្ទាប់ និងបានដំឡើងកាមេរ៉ាក្នុងរបប time lapse”។

ការប្រមាញ់ព្យុះ គឺជារឿងគ្រោះថ្នាក់មួយ ដូច្នេះ Anjum ត្រូវប្រុងប្រយ័ត្ន និងការពាខ្លួនដោយសម្ងំជ្រកនៅក្រោមស្ពានមួយ។ នៅអាមេរិក រន្ទះបាញ់បានសម្លាប់ពលរដ្ឋជាមធ្យម 30នាក់ក្នុង 1ឆ្នាំៗ នេះបើតាមបណ្ឌិត John Jensenius មកពីនាយកដ្ឋានគ្រប់គ្រងសមុទ្រ និងបរិយាកាសសហរដ្ឋអាមេរិក NOAA (National Oceanic and Atmospheric Administration)។

សូមបញ្ជាក់ថា អគារ Burj Khalifa នៅក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាអគារខ្ពស់បំផុតក្នុងពិភពលោកនាបច្ចុប្បន្ន ដោយមានកម្ពស់ 828ម៉ែត្រ។ ទីភ្នាក់ងារសារព័ត៌មាន Fox News បានឱ្យដឹងថា អគារដែលមានតម្លៃសរុប 1,69ពាន់លានដុល្លារនេះ ត្រូវបានចាប់ផ្ដើមសាងសង់ក្នុងខែកញ្ញា ឆ្នាំ2004 និងបានសម្ពោធក្នុងខែមករា ឆ្នាំ2010។ Burj Khalifa ជាអគារដែលត្រូវបានរចនារូបរាងឡើងដោយស្ថាបត្យករ Adrian Smith មកពី Chicago សហរដ្ឋអាមេរិក និងបានប្រើប្រាស់កម្មកររហូតដល់ 12,000នាក់ក្នុងអំឡុងពេលសាងសង់៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement