អ្នក​បើក​បរ​រថយន្ត​ ពាក់​ម៉ាស់​ម្ដង​12ជាន់ ត្រូវ​គេរិះគន់​ពេញ​បណ្ដាញ​សង្គម (មាន​វីដេអូ)

អ្នក​បើក​បរ​រថយន្ត​ម្នាក់​នៅ​ខេត្ត​ក្វាងតុង (Guangdong Province) ប្រទេស​ចិន ត្រូវ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រិះ​គន់​យ៉ាង​ចាស់ដៃ​ ព្រោះ​តែ​ពាក់​ម៉ាស់​រហូត​ដល់​ទៅ​12ជាន់​ក្នុង​ពេលតែ​មួយ ខណៈដែល​ប្រទេស​នេះ​កំពុង​ខ្វះខាត​ផលិត​ផល​ការ​ពារ​ជីវិត​ដ៏សំខាន់​មួយ​ប្រភេទ​នេះ។

នៅ​ក្នុងវីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ចិន គេ​ឃើញ​មាន​បុរស​ជា​អ្នក​បើក​បរ​រថយន្ត​ម្នាក់ នៅ​ក្នុង​ក្រុងតុងគួន​(Dongguan) ខេត្តក្វាង​តុង ត្រូវ​នគរបាល​​បញ្ជា​ឱ្យ​ឈប់​ ដើម្បី​ពិនិត្យ​កម្ដៅ​ខ្លួន​។ នៅ​ពេល​ពិនិត្យ នគរ​បាល​បាន​រក​ឃើញ​ថា បុរស​នេះ​ កំពុង​ពាក់​ម៉ាស់​ជា​ច្រើនជាន់​ ហើយ​បាន​ស្នើ​ឱ្យ​ដោះ​ម៉ាស់​ចេញ​ខ្លះ។

អ្វី​ដែល​គួរ​ឱ្យ​ខឹង​នោះគឺ​ថា បុរស​នេះ ពាក់​ម៉ាស់ម្ដង​​រហូត​ដល់​12ជាន់​។ នគរ​បាល​បាន​ណែនាំ​បុរស​ជា​អ្នក​បើក​បរ​នេះថា ពាក់​ម៉ាស់​តែ​មួយជាន់​​គឺ​វា​គ្រប់​គ្រាន់​ហើយ​។

វីដេអូ​នេះ បាន​នាំ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ប្រទេស​នេះ កំពុង​ប្រឈម​នឹង​កង្វះខាត​ផលិត​ផល​ម៉ាស់​ ខណៈ​អាសន្នរោគ​រលាកសួត​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណាប្រភេទ nCoV។ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា អ្នក​បើក​បរ​ម្នាក់​នេះ កំពុង​តែ​ខ្ជះខ្ជាយ​របស់​ដែល​កំពុង​ខ្វះខាត។ អ្នក​ខ្លះ​ក៏​សរសេរ​ថា ម៉ាស់​ពេល​នេះ បាន​ក្លាយ​ជា​ផលិត​ផល​នាំ​មុខ​សម្រាប់​ការ​បង្អួត​ភាព​មាន​បាន​របស់​អ្នក​មាន​មួយ​ចំនួន​នៅ​ប្រទេស​ចិន ដែល​ដូច​ទៅ​នឹង​ការ​ប្រើ​ប្រាស់​នាឡិកា​ Apple ផលិត​ផល​ធ្វើ​អំពីមាស។ល។​ នេះ​បើ​តាម​សារព័ត៌មាន Shanghaiist។

សូម​រំឭកថា មក​ដល់​ថ្ងៃទី10កុម្ភៈនេះ អាសន្ន​រោគ​កូរ៉ូណា ដែល​បាន​ “ចាប់កំណើត” នៅ​ឯក្រុង Wuhan ប្រទេស​ចិន បាន​សម្លាប់​មនុស្ស​ 910នាក់ និង​អ្នក​ដែល​បាន​ឆ្លង​​មេរោគ​នេះ មាន​ចំនួន​ជាង 40,000នាក់ ដែល​ភាគ​ច្រើន​នៅ​​ក្នុងខេត្ត Hubei ​ប្រទស​ចិន។ ប្រតិភូ​​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO) កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ដើម្បី​ជួយប្រទេស​នេះ ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement