មហាសែនសំណាង! ទិញឆ្នោត 1សន្លឹកតម្លៃ 2ដុល្លារ ត្រូវរង្វាន់ធំ ជាង 200លានដុល្លារអាមេរិក

យោងតាមច្បាប់ថ្មីរបស់រដ្ឋ New Jersey អ្នកដែលបានត្រូវឆ្នោត មានសិទ្ធិលាក់អត្តសញ្ញាណរបស់ខ្លួន ដូច្នេះហើយ ទើបមកដល់ពេលនេះ គេមិនទាន់ស្គាល់ពីអត្តសញ្ញាណរបស់អ្នកត្រូវឆ្នោតនោះនៅឡើយ។ ក្នុង​រូប​ភាព​នេះ គឺជា​អ្នក​លក់​រាយ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ជើង​សារ​ ពេល​មាន​អតិថិជន​ត្រូវ​ឆ្នោត។

អ្នកលេងឆ្នោតដ៏មហាសែនសំណាងម្នាក់នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក បានទិញឆ្នោត Mega Millions 1សន្លឹក ហើយក៏បានត្រូវរង្វាន់កម្រិតពិសេស តម្លៃ 202លានដុល្លារអាមេរិក។

សន្លឹកឆ្នោតដែលត្រូវរង្វាន់ធំខាងលើនេះ ត្រូវបានលក់ចេញពីហាង Quick Stop នៅក្នុងផ្សារទំនើប Inman Plaza នាទីក្រុង Edison នៃរដ្ឋ New Jersey សហរដ្ឋអាមេរិក។

ខ្ទង់លេខដ៏មហាសែនសំណាងដែលត្រូវបានប្រកាសក្នុងការបង្វិលចាប់រង្វាន់កាលពីយប់ថ្ងៃទី11កុម្ភៈនោះ មានលេខ 4, 6, 32, 52, 64 ដោយមានលេខ Gold Mega Ball 6ខ្ទង់។

ចំពោះប្រាក់រង្វាន់ បើសិនអ្នកឈ្នះរង្វាន់បើកយកតែ 1លើកចប់ នឹងទទួលបានត្រឹមតែ 142លានដុល្លារប៉ុណ្ណោះ តែបើសិនបើកយកប្រាក់រង្វាន់នោះក្នុង1ឆ្នាំម្ដង អ្នកឈ្នះរង្វាន់នោះ នឹងទទួលបានដល់ទៅ 202លានដុល្លារ។

ហាង Quick Stop ធ្លាប់លក់ឆ្នោតដែលបានឈ្នះរង្វាន់ជាច្រើនលើកមកហើយ សូម្បីតែម្ចាស់ហាងខ្លួនឯង គឺលោក Apexaben Patel ក៏ធ្លាប់បានត្រូវរង្វាន់ផងដែរ ហើយដោយសារតែបានលក់សន្លឹកឆ្នោតត្រូវរង្វាន់នេះ ម្ចាស់ហាង Quick Stop ក៏ទទួលបានប្រាក់រង្វាន់ពីក្រុមហ៊ុនឆ្នោតនៃរដ្ឋ New Jersey ចំនួន 30,000ដុល្លារដែរ។

លោក James Carey ដែលជាអគ្គនាយកនៃក្រុមហ៊ុនឆ្នោតរដ្ឋ New Jersey បានឱ្យដឹងថា ៖ “កាលពីឆ្នាំមុន យើងបានផ្ដល់ប្រាក់កម្រៃជើងសាចំនួនជាង 180លានដុល្លារទៅឱ្យក្រុមអ្នកលក់រាយរបស់យើង”។

យោងតាមច្បាប់ថ្មីរបស់រដ្ឋ New Jersey អ្នកដែលបានត្រូវឆ្នោត មានសិទ្ធិលាក់អត្តសញ្ញាណរបស់ខ្លួន ដូច្នេះហើយ ទើបមកដល់ពេលនេះ គេមិនទាន់ស្គាល់ពីអត្តសញ្ញាណរបស់អ្នកត្រូវឆ្នោតនោះនៅឡើយ។

នេះ គឺជារង្វាន់ពិសេសដំបូងរបស់ឆ្នោត Mega Millions ចាប់តាំងពីខែធ្នូ ឆ្នាំ2019មក។ កាលពីខែធ្នូ ឆ្នាំ2019 អ្នកដែលបានក្លាយជាមនុស្សមហាសែនសំណាងម្នាក់ គឺជាអ្នករស់នៅក្នុងរដ្ឋ Ohio ក៏បានត្រូវឆ្នោត Mega Millions នេះដែរ ហើយទទួលបានប្រាក់រង្វាន់ឡើងដល់ 375លានដុល្លារឯណោះ។

ឆ្នោត Mega Millions មានវត្តមាននៅក្នុងរដ្ឋចំនួន 45 និងរដ្ឋធានីវ៉ាស៊ីនតោន និងប្រជុំកោះ Virgin នៃសហរដ្ឋអាមេរិក។ ឆ្នោតនេះ 1សន្លឹក លក់ក្នុងតម្លៃ 2ដុល្លារ ហើយត្រូវបង្វិលចាប់រង្វាន់រៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ។ រង្វាន់ពិសេសធំបំផុតរបស់ឆ្នោត Mega Millions គឺ 1,537ពាន់លានដុល្លារអាមេរិក។ រង្វាន់ពិសេសធំបំផុតនេះ ធ្លាប់បានប្រគល់ជូនអ្នកលេងដ៏មហាសែនសំណាងម្នាក់ នៅឯរដ្ឋ Carolina ខាងត្បូង កាលពីខែតុលា ឆ្នាំ2018 ម្ដងរួចមកហើយ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement