អាចម៍​ផ្កាយ​ធ្លាក់​មក​​លើ​តំបន់​ឧស្សាហ​កម្ម​ឥណ្ឌា បង្កើតបាន​​ជា​រណ្ដៅ​ជម្រៅ​…

កាមេរ៉ាសុវត្ថិភាព​មួយ​ ថត​បាន​ទិដ្ឋ​ភាព​វត្ថុ​​មួយ​ធ្លាប់​ពី​លើមេឃ​ មកចំទីក្រុង Alwar រដ្ឋ​ Rajasthan កាល​ពី​ថ្ងៃទី11 ខែ​កុម្ភៈ ឆ្នាំ2020 បណ្ដាល​ឱ្យ​ផ្ទៃ​មេឃ​ឡើង​ភ្លឺ​ចាំង​ភ្នែក​ក្នុង​រយៈ​ពេល​ច្រើន​វិនាទី។

អាចម៍​ផ្កាយ​នេះ បាន​ធ្លាប់​ចំតំបន់​ឧស្សាហ​កម្ម​មួយ​កន្លែង​ បង្កើត​បាន​ជា​រណ្ដៅមួយ​ដែល​មាន​ជម្រៅ​ច្រើន​ម៉ែត្រនៅ​លើ​ដី​។ ហេតុ​ការណ៍​នេះ មិន​បាន​ធ្វើ​ឱ្យ​មាន​អ្នកណា​​ម្នាក់​រង​គ្រោះ​នោះទេ​។

Sachin Bamba ដែល​ជា​ប្រធានទី​ភ្នាក់​ងារ​តារា​សាស្ត្រ​ឥណ្ឌា (Space India) បាន​បញ្ជាក់​ថា វត្ថុ​នោះគឺជា​អាចម៍​ផ្កាយ។ អ្នក​វិទ្យា​សាស្ត្រមួយ​ក្រុម​ ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុដើម្បី​ស្វែង​យល់​អំពី​រណ្ដៅ​អាចម៍​ផ្កាយ​នោះ។

យោង​តាម​​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វត្ថុ​ក្បែរ​ផែន​ដី Center for Near-Earth Object Studies (CNEOS) អាចម៍​ផ្កាយ​នេះ បាន​ធ្វើ​ដំណើរ​ក្នុងល្បឿន 31,7គីឡូម៉ែត្រ​ក្នុង​1វិនាទី និង​បាន​បញ្ចេញ​ថាម​ពលដ៏ខ្លាំង​ក្លា ប្រហាក់​ប្រហែល​នឹងការ​ផ្ទុះ​រំសេវ​95តោន។

ខណៈ​ពេល​​អាចម៍​ផ្កាយ​នេះធ្លាក់​ចុះ វា​បាន​ធ្វើ​ឱ្យ​អ្នក​ស្រុក​ដែល​កំពុង​ដេក​នៅ​ក្បែរ​តំបន់​នោះត្រូវ​ភ្ញាក់ ដោយ​សារ​តែ​ភាព​ញាប់​ញ័រ​ផែន​ដី ដូចទៅ​នឹងការ​​រញ្ជួយ​ដី​ដូច្នោះ​ដែរ​។ ពេល​ឮសូរ​សំឡេង​​ផ្ទុះ Rajesh Kumar Gupta ដែល​ជា​អ្នក​ស្រុក​​រស់នៅ​ក្បែរតំបន់​កើត​ឧបទ្ទវ​ហេតុ​នេះ​ បាន​ចេញ​មក​ពិនិត្យ​មើល ក៏​ដឹង​ថា​វា​មាន​ខ្យល់​ខ្លាំង​​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​គាត់​។ កសិករ​នៅ​តំបន់ Shahjahanpur ក៏​បាន​ឃើញ​អាចម៍​ផ្កាយ​នេះ​។ Ajay Chaudhary រស់នៅ​ក្នុង​តំបន់ Kotkasim ក៏បាន​ឃើញ​ពន្លឺដ៏​ចិញ្ចាកចិញ្ចែញ និង​មាន​វត្ថុ​អ្វី​មួយ​ដូច​ទៅ​នឹង​កាំជ្រួចផ្លោង​ដែល​បង្ហាញ​ខ្លួន​ភ្លាម​ៗ​នៅ​លើ​អាកាស ខណៈគាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​យក​ទឹក​ដោះ​គោ​ពេលព្រឹក​​ព្រលឹម។

នេះ​មិន​មែនជា​លើក​ដំបូង​នោះ​ទេ ដែល​មាន​អាចម៍​ផ្កាយ​ធ្លាក់ទៅ​លើ​ប្រទេស​ឥណ្ឌា​។ កាល​ពី​ខែកក្កដា​ឆ្នាំ​2019 អាចម៍​ផ្កាយធំ​មួយ​ក៏​បាន​ធ្លាក់​​ចុះលើ​តំបន់ Nangla Kasota និង​ធ្វើ​ឱ្យ​មាន​រណ្ដៅ​ជម្រៅ​6ម៉ែត្រ​ផងដែរ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement